ព្រះមហាក្សត្រថៃរំលាយសភា ដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតជាតិនៅខែឧសភាខាងមុខ(CNA/Others)
ថៃឡង់ដ៍៖ ដោយយោងតាមការចុះផ្សាយរបស់សៀវភៅព្រះរាជកិច្ចកាលពីថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នំា២០២៣ថា ព្រះមហាក្សត្រថៃ មហា វៈជីរ៉ាលុង្ករណ៍(Maha Vajiralongkorn)ទ្រង់បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យមួយដើម្បីរំលាយសភាជាតិ ក្នុងគោលដៅដើម្បីត្រួសត្រាយផ្លូវឈានទៅរកការបោះឆ្នោតនាពេលខាងមុខ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែឧសភា។
ក្នុងព្រះរាជក្រឹត្យនោះ ទ្រង់បានឡាយដោយភ្ជាប់់នឹងព្រះរាជលញ្ឆករកាលពីថ្ងៃទី១៧ ខែមីនា ដោយអនុលោមទៅតាមច្បាប់រដ្ឋធម្មនុញ្ញថៃ ដើម្បីឱ្យមានការបោះឆ្នោតនៅចន្លោះចាប់ពី៤៥ថ្ងៃ និង៦០ថ្ងៃក្រោយការរំលាយសភា ដែលការណ៍នេះមានន័យថា ដំណើរការបោះឆ្នោតជាតិអាចនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ និងថ្ងៃទី១៩ខែឧសភាខាងមុខនេះ។
ប្រតិទិនជាក់លាក់នៃការបោះឆ្នោត អាចនឹងត្រូវប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោត ហើយនិងត្រូវចុះផ្សាយក្នុងសៀវភៅព្រះរាជកិច្ចផងដែរ។
កាលពីសប្តាហ៍កន្លងទៅ លោកនាយករដ្ឋមន្រ្តី ប្រ៉ាយុទ្ធ ចាន់អូចា បានទូលថ្វាយដល់ព្រះមហាក្សត្រដើម្បីឱ្យទ្រង់រំលាយសភា នៅមុនពេលនៃដំណាច់អាណត្តិរាជរដ្ឋាភិបាលរបស់លោករយៈពេល៤ឆ្នំា ដែលត្រូវនឹងថ្ងៃទី២៣ ខែមីនានេះ។
គួររំលឹកផងដែរថា កាលពីអាណត្តិមុន ប្រទេសថៃប្រារព្ធនូវការបោះឆ្នោតកាលពីថ្ងៃទី២៤ខែមីនា ឆ្នំា២០១៩ បង្កើតឱ្យមានអាណត្តិអន្តរកាលជិត៥ឆ្នំានៃរបបយោធារបស់លោកប្រ៉ាយុទ្ធ សម្រាប់ដំណើរឆ្ពោះទៅកាន់ការបង្កើតឡើងវិញនូវរដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។
មេដឹកនំាយោធា លោកឧត្តមសេនីយ៍ ប្រ៉ាយុទ្ធ គឺជាបេក្ខជនមកពីគណបក្សកម្លំាងប្រជាជាតិនៅគ្រានោះ បានជាប់ឆ្នោតជានាយករដ្ឋមន្រ្តី។ លោកឧត្តមសេនីយ៍រូបនេះបានធ្វើរដ្ឋប្រហារក្នុងឆ្នំា២០១៤ ដើម្បីដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជជាធិបតេយ្យរបស់លោកស្រីយ៉ិងឡាក់ ស៊ីណាវ៉ាត់ ជាប្អូនស្រីរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត់៕
Post a Comment