ស្ដ្រីជាប់ឃុំចំនួន៧៧នាក់ បានទទួលអំណោយពីរដ្ឋបាលបន្ទាយមានជ័យ ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា(FN)

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាលជាមួយស្ត្រី៧៧នាក់ ជាជនជាប់ឃុំ និងជូនវត្ថុអនុស្សាវរីយ៍ ឃិត១កញ្ចប់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដើម្បីអបអរថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបទី១១០។

ពិធីសំណេះសំណាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអ្នកស្រី ជ័យ ណារី, លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ និងអ្នកស្រី ម៉េង ហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត ព្រមទាំងមន្ដ្រីជាច្រើនរូបទៀត។

លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន បានឲ្យដឹងថា ជនជាប់ឃុំក្នុងពន្ធនាគារសរុបជាក់ ស្តែងមានចំនួន១,៥១៣នាក់ ស្រីមានចំនួន៧៨នាក់ ក្នុងនោះមាន អនិតិជន ចំនួន១៩៥នាក់ ស្រី៥នាក់ ជនបរទេសមាន៥៩នាក់ ស្រី១០នាក់ ជនជាតិថៃ មាន៤៨នាក់ ស្រី៨នាក់ ជនជាតិវៀតណាម មាន៤នាក់ ស្រី២នាក់ ជនជាតិឥណ្ឌូនេស៊ីមាន២នាក់ ជនជាតិចិនមាន៣នាក់ ជនជាតិឡាវម្នាក់ ជនជាតិបង់ក្លាដេសម្នាក់ ជនពិការមាន២៥នាក់ ចាស់ជរាមាន១១នាក់ ស្រី១នាក់។

លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន បន្ដទៀតថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា មានការអប់រំ កែប្រែ ស្ដារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារ ក្នុងនោះមានការងារកសិកម្មការ អភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ផងដែរ។ ក្រៅពីនេះអង្គភាពពន្ធនាគារ មានប៉ុស្តិ៍សុខភាពមួយខ្នង ផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ។

អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយ កំណែទម្រង់ គឺការអប់រំកែប្រែ និងស្ដារនីតិសម្បទា ដល់ជនជាប់ឃុំ ដែលមានការអប់រំផ្លូវចិត្ត រៀនអក្សរសាស្ត្រខ្មែរថ្នាក់ទី១ និងថ្នាក់ទី២ ចំណុចសំខាន់របស់អង្គភាពពន្ធនាគារ បានយកចិត្តទុកដាក់ធ្វើការបែងចែក ចំណាត់ថ្នាក់សន្តិសុខដែលជាមូលដ្ឋាន សម្រាប់ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិតស្របតាមនីតិវិធី។ អង្គភាពពន្ធនាគារមានរោងជាងបណ្ដុះបណ្ដាលចំនួនពីរខ្នង ដែលមានសកម្មភាពដូចជា រៀនកាត់ដេរ រៀនកាត់សក់ រៀនចាក់សំណាញ់ និងបរិក្ខាត្រជាក់ អគ្គិសនី។

លោកស្រី ម៉េង ហួយ បានលើកឡើងថា ថ្ងៃ៨មីនា ជាទិវាសិទ្ធិនារីអន្តរជាតិ គឺជាព្រឹត្តិការណ៍សកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំប្រារព្វ ទិវាអន្តរជាតិនារី ៨មីនានេះ ដើម្បីរំលឹកពីការតស៊ូការទាមទារ សិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍន៍ភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជា វិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូបផងដែរ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋបាននាំគ្នាប្រារព្ធឡើង ដើម្បីជាម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍន៍ស្រ្តីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកអភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស និងដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពភាពក្រីក្រ និងភាពងាយរងគ្រោះ ក្នុងន័យសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប៕







Powered by Blogger.