តើប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជានរណា? ខណៈលោកត្រូវបានសភាជ្រើសតាំងធ្វើជាប្រធានាធិបតីអាណត្តិទី៣(FN,AFP)

ប៉េកាំង៖ នៅទីបំផុត សភាជាតិប្រជាជនចិន នៅថ្ងៃសុក្រនេះបានបោះឆ្នោតជ្រើសតាំង លោក ស៊ី ជិនពីង ជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ ដែលនេះធ្វើឱ្យលោកក្លាយជាមេដឹកនាំចិនមាន ឥទ្ធិពលធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីសម័យលោក ម៉ៅ សេទុងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។

ការតែងតាំងលោក ស៊ី ជិនពីង ធ្វើឡើងបន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាអគ្គលេខាធិការគណបក្សកុម្មនិស្ដចិន និងប្រមុខយោធាចិនដែលមានអាណត្តិ៥ឆ្នាំ កាលពីខែតុលា ឆ្នាំ២០២២ សម្រាប់អាណត្តិ ទី៣ជាប់ៗគ្នា ក្រោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលុបចោលការកំណត់អាណត្តិដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោក ស៊ី ជិនពីង មានអាយុ៦៩ឆ្នាំ កាន់អំណាចអស់មួយជីវិត។

ការផ្លាស់ប្ដូរថ្នាក់ដឹកនាំនៃប្រទេសចិន ត្រូវធ្វើឡើងជារៀងរាល់៥ឆ្នាំម្ដង ហើយការរុះរើគណៈរដ្ឋមន្ត្រីត្រូវបានប្រកាសនៅឯសមាជបក្ស។ ក៏ប៉ុន្តែ សមាជិកនៃក្រុមប្រឹក្សារដ្ឋចិន ឬគណៈរដ្ឋមន្ត្រីចិនថ្មី នឹងត្រូវ បានប្រកាសនៅពេលដែលសភាជាតិប្រជាជនចិន បើកសម័យប្រជុំ ដោយនេះមានន័យថា លោក Li Qiang អាចនឹងត្រូវបានប្រកាសតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ចិនជាផ្លូវការនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។

* តើលោក ស៊ី ជិនពីង ជានរណា?

កើតនៅឆ្នាំ១៩៥៣ ក្នុងទីក្រុងប៉េកាំង លោក ស៊ី ជិនពីង គឺជាកូនប្រុសរបស់យុទ្ធជនបដិវត្តន៍ចិនម្នាក់គឺលោក Xi Zhongxun ជាមនុស្សម្នាក់ស្ថិតនៅក្នុងចំណោមបិតាស្ថាបនិកនៃគណបក្សកុម្មុយនិស្ដ និងជាធ្លាប់ជាអតីតឧបនាយករដ្ឋមន្ត្រីចិនម្នាក់។ ដោយសារតែមានឪពុកជាមន្ត្រីជាន់ខ្ពស់ លោក ស៊ី ជិនពីង ធ្លាប់ត្រូវបានគេចាត់ទុកដូចជា «ព្រះរាជបុត្រ»។ ប៉ុន្តែ គ្រួសាររបស់លោកបានជួបរឿងអកុសល នៅពេលដែលឪពុករបស់លោកត្រូវបានគេចាប់ដាក់ពន្ធនាគារក្នុងឆ្នាំ១៩៦២ អំឡុងយុទ្ធនាការបោសសម្អាតផ្ទៃក្នុងបក្ស ជាពិសេសអ្នកដែលលោក ម៉ៅ សេទុង យល់ថាអាចជាគូប្រជែងដណ្ដើមអំណាច ជាមួយលោក។

បដិវត្តន៍វប្បធម៌ក្នុងឆ្នាំ១៩៦៦ ដាក់ចេញដោយលោកប្រធានម៉ៅ បានបង្កឱ្យមានចលាចលនៅទូទាំងប្រទេស ហើយគ្រួសាររបស់លោក ស៊ី ជិនពីង ក៏ត្រូវគ្រោះផងដែរ ដោយប្អូនស្រីម្ដាយទីទៃរបស់លោក ត្រូវបានគេកាត់ទោសប្រហារជីវិត។ កាលពីកុមារភាព លោក ស៊ី ជិនពីង ត្រូវបានបណ្ដេញចេញពីសាលារៀនមួយ ដែលមានសុទ្ធសឹងតែជាកូនអ្នកនយោបាយមានមុខមានមាត់នៅក្នុងសង្គមចិន។ នៅពេល មានអាយុ ១៥ឆ្នាំ លោក ស៊ី បានចាកចេញពីទីក្រុងប៉េកាំង និងត្រូវបានគេបញ្ជូនទៅកាន់តំបន់ជនបទដើម្បីអប់រំឡើងវិញ ក៏ដូចជាត្រូវធ្វើការជាទម្ងន់ក្នុងភូមិ Liangjiahe ជាភូមិដាច់ស្រយាល និងក្រីក្រមួយ រយៈពេល៧ឆ្នាំ។ ប៉ុន្តែ លោក ស៊ី ជិនពីង មិនបានគុំគួន ឬស្អប់ខឹងគណបក្សកុម្មុនិស្ដចិននោះទេ និងរឹតតែស្រឡាញ់លើសដើម។ លោកបានព្យាយាមចូលជាសមាជិកបក្សកម្មុយនិស្ដចិន ជាច្រើនលើក តែក៏ត្រូវបានបដិសេធជាច្រើនដងដែរ ដោយសារតែប្រវត្តិឪពុករបស់លោក។

រហូតដល់ឆ្នាំ១៩៧៤ ទើបលោក ស៊ី ជិនពីង ត្រូវបានទទួល​ឱ្យចូលក្នុងគណបក្សកុម្មុយនិស្ដចិន ដោយចាប់ផ្ដើមការងារក្នុងខេត្ត Hebei ហើយក្រោយមកបានកាន់តួនាទីសំខាន់ៗជាបន្តបន្ទាប់។ នៅឆ្នាំ១៩៨៥ នៅពេលមានអាយុ ៣៥ឆ្នាំ លោក ស៊ី បានក្លាយជាមេដឹកនាំបក្សប្រចាំទីក្រុង Ningde នៃខេត្ត Fujian ចំពេលផ្ទុះបាតុកម្មតវ៉ារបស់ក្រុមនិស្សិតប្រជាធិបតេយ្យ នៅឯទីលាន Tiananmen ប្រទេសចិន។ ក្រោយលែងលះភរិយាទីមួយ លោក ស៊ី បានរៀបការជាមួយកំពូលតារាចម្រៀង លោកស្រី Peng Liyuan ក្នុងឆ្នាំ១៩៨៧ ដែលពេលនោះប្រជាជនចិនស្គាល់លោកស្រី Peng ច្បាស់ជាង លោក ស៊ី ជិនពីងទៅទៀត។ អ្នកទាំង២មានកូនស្រីម្នាក់ឈ្មោះ Xi Mingze។

នៅឆ្នាំ២០០៨ លោក ស៊ី បានទទួលបន្ទុកគ្រប់គ្រងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉េកាំង ហើយចាប់តាំងពីពេលនោះមកដែរ លោកបានឡើងតំណែងជាបន្តបន្ទាប់ រហូតដល់ក្លាយជា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយនៅឆ្នាំ២០០៧ និងនៅឆ្នាំ២០១២ ទើបលោកជាប់ឆ្នោតជាប្រធានាធិបតីចិន។ លោកបានកាន់តំណែងជាប្រធានាធិបតីចិន អគ្គលេខាធិការ បក្សកុម្មុយនិស្ដចិន និងជាប្រមុខយោធាចិន ចាប់ពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០២៣នេះ ដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំចិនមានអំណាចធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រចិន ចាប់តាំងពីសម័យលោក ម៉ៅ សេទុងមក៕




Powered by Blogger.