ការពិនិត្យ និងព្យាបាលលើ​របួសផ្សេងៗរបស់កីឡាករនៅមន្ទីរពេទ្យ 'តេជោសន្តិភាព' នឹង Free ចាប់ពីថ្ងៃនេះតទៅ

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពី ការសម្រេចមិនយកកម្រៃសេវាពិនិត្យ និងព្យាបាលលើគ្រោះថ្នាក់ ឬការរងរបួសផ្សេងៗដោយសារសកម្មភាពកីឡា នៅមន្ទីរពេទ្យ 'តេជោសន្តិភាព' នឹងត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សេចក្ដីជូនដំណឹងធ្វើឡើង ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការទទួលអនុវត្តប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ពីក្រសួងសុខាភិបាល។

ក្នុងន័យនេះ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា មានកិត្តិយសជម្រាបជូនដំណឹងដល់គ្រប់សហព័ន្ធកីឡាជាតិ កីឡាករ កីឡាការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ គ្រប់កីឡាករ-កីឡាការិនី ឬអ្នកហាត់លេងកីឡាទាំងអស់ ដែលធ្វើសកម្មភាពអប់រំកាយ និងកីឡាគ្រប់ប្រភេទ ហើយមានបញ្ហាសុខភាពក៏ដូចជាមានគ្រោះថ្នាក់ និងរងរបួសផ្សេងៗ សូមអញ្ជើញទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ តេជោសន្តិភាព (ដែលមានអាសយដ្ឋាននៅភូមិបឹងតាមោក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ) ដោយមិនយកកម្រៃលើសេវាពិនិត្យ និងព្យាបាលឡើយ។

អាស្រ័យហេតុនេះ សូមសហព័ន្ធកីឡាជាតិ និងកីឡាករ កីឡាការិនីទាំងអស់ ព្រមទាំងយុវជន ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធសកម្មភាពកីឡា មេត្តាជ្រាប និងអញ្ជើញទៅទទួលសេវាពិនិត្យ ថែទាំ និងព្យាបាលសុខភាព តាមសេចក្ដីត្រូវការ៕



Powered by Blogger.