ខ្មាន់កាំភ្លើង បានបន្សល់ទុកក្រដាសតូចមួយ គំរាម Messi ក្រោយការបាញ់ប្រហារមួយនៅផ្សារទំនើបរបស់គ្រួសារប្រពន្ធខ្លួន
បាល់ទាត់៖ អ្នកគាំទ្រកីឡាករ លីអូណែល ម៉េស៊ី Lionel Messi នៅជុំវិញពិភពលោក បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានការបាញ់ប្រហារមួយនៅផ្សារទំនើបដែលជាកម្មសិទ្ធិរបស់គ្រួសារប្រពន្ធកីឡាករ Messi គឺលោកស្រី អង់តូនែឡា រ៉ូសកូហ្សូ Antonela Roccuzzo ក្នុងប្រទេសអាហ្សង់ទីន និងបានបន្សល់ទុកនូវក្រដាសតូចមួយផ្ទាំង ដែលបង្ហាញពីការគំរាមកំហែងដល់កីឡាករ Messi ផងដែរ...។
ជុំវិញបញ្ហាខាងលើនេះ ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយបានអះអាងថា ក្រុមឧក្រិដ្ឋជនទាំងនោះ អាចនឹងមានបំណងចង់ចាប់ជំរិតទារប្រាក់ពីកីឡាករ Lionel Messi។ វីដេអូរសារព័ត៌មាន CCTV បង្ហាញថា៖ បុរសពីរនាក់ជាខ្មាន់កាំភ្លើង បានជិះម៉ូតូសំដៅទៅកន្លែងកើតហេតុ រួចក៏បាញ់រះជាច្រើនគ្រាប់នៅទ្វារដែកហាង ប្រហែលនៅម៉ោងពីរទៀបភ្លឺថ្ងៃព្រហស្បតិ៍។ ខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារយ៉ាងហោចណាស់កន្លះម៉ោង បន្ទាប់មកក៏បានបន្សល់ទុកនូវក្រដាសតូចមួយផ្ទាំង នៅចំណុចកើតហេតុខាងលើនោះ។ នៅក្នុងក្រដាសតូចមួយផ្ទាំងនោះ បានសរសេរថា៖ «Messi យើងកំពុងរង់ចាំអ្នក! ចាវគីន (Javkin) គឺជាអ្នកជួញដូរគ្រឿងញៀន ដូច្នេះគាត់នឹងមិនមើលថែអ្នកទេ»។
លោក ប៉ាប្លូ ចាវគីន Pablo Javkin អភិបាលក្រុង រ៉ូសារីអូ Rosario ជាកន្លែងដែលត្រូវខ្មាន់កាំភ្លើងវាយប្រហារ និងទីកន្លែងកំណើតរបស់កីឡាករ Lionel Messi ផងដែរ។ ផ្សារទំនើបស៊ុភើរ មើកាដូ យូនីកូ Super mercado Unico ជាកម្មសិទ្ធិរបស់គ្រួសារប្រពន្ធកីឡាករ Messi គឺលោកស្រី Antonela Roccuzzo ខណៈដែលសាខានេះ គ្រប់គ្រងដោយប្អូនជីដូនមួយរបស់ Roccuzzo ។
គួរបញ្ជាក់ថា Lionel Messi ទើបតែបានឈ្នះពានរង្វាន់កីទ្បាករល្អជាងគេប្រចាំឆ្នាំ២០២២ របស់ FIFA ជាលើកទីប្រាំពីរ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។ Messi ក៏ជាឥស្សរជនម្នាក់ ដែលមានការគាំទ្រច្រើននៅក្នុងប្រទេស និងក្រៅប្រទេស ជាពិសេស បន្ទាប់ពីជួយឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនទទួលបានជើងឯក World Cup ជាលើកទីបីក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសខ្លួនផងដែរ...៕
Post a Comment