អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ PNN មួយរូបទទួលមរណភាព ក្រោយដើរធ្លាក់ចូលអណ្ដូងជម្រៅជិត៤០ម៉ែត្រដោយចៃដន្យ
ខេត្តមណ្ឌលគិរី ៖ លោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ ភីអិនអិន (PNN) ប្រចាំខេត្តស្ទឹងត្រែង ដែលជួបឧបទ្ទវហេតុ ដើរធ្លាក់ចូលអណ្ដូងជម្រៅជិត៤០ម៉ែត្រ នៅក្នុងដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នោះ បានទទួលមរណភាពហើយ នៅវេលាម៉ោង០៩យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះបើយោងតាមបុគ្គលិកមួយរូបរបស់ទូរទស្សន៍ភីអិនអិន ប្រចាំខេត្តព្រះសីហនុ ។
គួររំលឹកថា មុនពេលកើតហេតុ លោក ឡន វណ្ណា និងក្រុមគ្រួសារបានទៅសម្រាកនៅដីចម្ការរបស់លោក ក្នុងខេត្តមណ្ឌលគិរី ។ មុនពេលព្រះអាទិត្យអស្ដង្គត(ថ្ងៃលិច) លោកបានដើរថតទេសភាពជុំវិញដី និងដើរថតវីដេអូសែលហ្វី នៅក្នុងបរិវេណដីចម្ការចាស់អ្នកជិតខាង នៅក្បែរផ្ទះចម្ការរបស់លោក ដោយមិននឹកស្មាន ហើយក៏បាំងស្មៅមើលពុំឃើញ លោកក៏បានធ្លាក់ចូលក្នុងរណ្តៅអណ្តូងដោយចៃដន្យ មួយកន្លែងពុំមានទឹក ដែលមានជម្រៅប្រហែល៣០ ទៅ៤០ម៉ែត្រ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ។
នៅពេលធ្លាក់ចូលក្នុងអណ្តូងនោះ លោកព្យាយាមចុចទូរសព្ទមកប្រពន្ធដែរ ប៉ុន្តែបាត់មិនឮនិយាយ ទើបក្រុមគ្រួសារមានការសង្ស័យ ក៏នាំគ្នា តាមរក ។ ខណៈពេលដើររកបណ្តើរ ចុចទូរសព្ទបណ្តើរ ក៏ឮសំឡេងល្វើយៗ ចេញពីក្នុងអណ្តូង ហើយក៏រាយការណ៍ជូនដល់សមត្ថកិច្ច មកធ្វើអន្តរាគមន៍ភ្លាមៗផងដែរ ។
លោក ឡន វណ្ណា ត្រូវបានកម្លាំងនគរបាលក្រុងសែនមនោរម្យ និងមិត្តភក្តិជាអ្នកសារព័ត៌មានជាច្រើននាក់ បានជួយសង្គ្រោះភ្លាមៗ ។ បន្ទាប់មក លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ហើយបញ្ជូនបន្តដល់មន្ទីរពេទ្យប្រទេសវៀតណាម ផងដែរ ។
រហូតមកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ក្រុមគ្រួសារ ក៏បានបញ្ជូនលោកចេញពីមន្ទីរពេទ្យប្រទេសវៀតណាមមកផ្ទះនៅខេត្តស្ទឹងត្រែងវិញ បន្ទាប់ពីស្ថានភាពមិនបានធូរស្រាល ពោលគឺមិនអាចជួយសង្គ្រោះជីវិតបានឡើយ ។ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារ នៃសព ៕
Post a Comment