បណ្តាអង្គទូត និងសង្គមស៊ីវិលអន្តរជាតិ ប្រតិកម្មនឹងការសម្រេចក្តីលោក កឹម សុខា ថាជាឧបាយកលនយោបាយ (rfi)
ប្រតិកម្មទៅនឹងសាលក្រមតុលាការលើលោក កឹម សុខា មេដឹកនាំអតីតបក្សប្រឆាំង បានធ្លាក់មកជាហូរហែពីសំណាក់បណ្តាអង្គទូត និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ ក្រុមបណ្តាប្រទេសលោកសេរី ដែលញឹកញយធ្លាប់ចូលជួបលោក កឹម សុខា និងបណ្តាអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស បានចាត់ទុកការសម្រេចសាលក្រមរបស់តុលាការក្រុងភ្នំពេញ នៅថ្ងៃនេះ ថាជាឧបាយកលនយោបាយដើម្បីកម្ចាត់អ្នកនយោបាយដែលជាគូប្រជែង។
ផ្តើមចេញពីសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃសុក្រនេះ ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ បានធ្វើសេចក្តីថ្លែងការណ៍មួយទាក់ទងទៅនឹងការប្រកាសសាលក្រមលើ លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ។ សហរដ្ឋអាមេរិកបានបរិយាយសាលក្រុមរបស់តុលាការក្រុងភ្នំពេញ ថាជាការរំខានចិត្ត ដែលតុលាការដាក់ទោសលោក កឹម សុខា អ្នកនយោបាយខ្មែរមួយរូប ដែលគេគោរព។
តាមស្ថានទូតអាមេរិក ដំណើរការក្តីដែលមានរយៈពេលច្រើនឆ្នាំ ដើម្បីបំបិទសំឡេងលោក កឹម សុខា ដោយផ្អែកលើការឃុបឃិតបែបប្រឌិត គឺជាកំហុសនៅក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ សម្រាប់អាមេរិក ការមិនផ្តល់ឲ្យលោក កឹម សុខា និងឥស្សរជននយោបាយដទៃទៀត នូវសេរីភាពក្នុងការបញ្ចេញមតិ បានបំផ្លាញរដ្ឋធម្មនុញ្ញ ការប្តេជ្ញាចិត្តជាអន្តរជាតិ និងដំណើរជឿនលឿនកន្លងមករបស់កម្ពុជា ក្នុងការពង្រឹងសង្គមមួយដែលមានពហុបក្ស។
ក្រោយមានការសម្រេចនេះ ទូតអាមេរិកបានទទូចជាថ្មី ឲ្យរដ្ឋាភិបាលបើកលំហសេរីភាពជួបជុំ និងការបញ្ចេញមតិដោយសេរីរបស់ពលរដ្ឋខ្មែរ ដែលជាខឿនក្នុងការកសាងប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
រីឯស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានសរសេរលើបណ្តាញសង្គមធ្វីតទ័រ ថា លទ្ធផលសាលក្រមលើលោក កឹម សុខា នៅថ្ងៃនេះ គឺជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ដែលធ្វើឲ្យកម្ពុជាខូចមុខមាត់។
ពីទូតអូស្ត្រាលីវិញ បានបង្ហាញក្តីខកចិត្តជាខ្លាំង ដែលតុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោសមេដឹកនាំអតីតបក្សប្រឆាំង ឲ្យជាប់ឃុំក្នុងផ្ទះរហូតដល់២៧ឆ្នាំ។ ខណៈទូតអូស្ត្រាលីប្រចាំកម្ពុជា ទទូចជាថ្មី ពីដំណោះស្រាយនយោបាយ ដែលយុត្តិធម៌ និងតម្លាភាព។
ពីជ្រុងអង្គការសង្គមស៊ីវិលអន្តរជាតិ វិញ បានប្រតិកម្មទៅនឹងសំណុំរឿងលោក កឹម សុខា ថាជាឧបាយកលនយោបាយ។ តាមរយៈសេចក្តីប្រកាសជាបន្ទាន់ពីទីក្រុងបាងកក អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានទាមទារឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការផ្តន្ទាទោសដែលមានហេតុផលនយោបាយ ហើយដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ លោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានលើកឡើងថា វាច្បាស់ណាស់តាំងពីដើមដំបូងមកថា ការចោទប្រកាន់លើលោក កឹម សុខា គឺគ្មានអ្វីក្រៅតែពីឧបាយកលនយោបាយដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីកម្ចាត់មេដឹកនាំបក្សប្រឆាំងដ៏សំខាន់ និងលុបបំបាត់ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា៕
Post a Comment