កម្ពុជាអាចបង្កើត Robot និយាយភាសាខ្មែរដំបូងគេបានហើយ
រាជធានីភ្នំពេញ៖ សុខគឺជាឈ្មោះមនុស្សយន្តដំបូងគេ(Robot)ដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាហៅកាត់ថា(CADT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានសមត្ថភាពអាចនិយាយជាភាសាខ្មែរបាន។
ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ការបង្កើតមនុស្សយន្តនិយាយភាសាខ្មែរនេះមានគោលបំណងសំខាន់បំផុតមួយគឺដើម្បីលើកកម្ពស់ការប្រើប្រាស់«ភាសាជាតិ» របស់យើងនៅក្នុងបច្ចេកវិទ្យាឌីជីថលឱ្យបានកាន់តែច្រើនឡើង។ ហើយមនុស្សយន្តមួយនេះអាចប្រាស្រ័យទាក់ទងគ្នាជាមួយមនុស្សបានតាមរយៈការនិយាយជាភាសាខ្មែរការផ្ដល់សេវាបដិសណ្ឋារកិច្ចដូចជាផ្ដល់នូវព័ត៌មានទូទៅពាក់ព័ន្ធ នឹងបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ មិនតែប៉ុណ្ណោះ Robot នេះក៏អាចស្ដាប់រាល់ការនិយាយជាភាសាខ្មែរ ធ្វើការវិភាគរាល់ពាក្យពេចន៍ទាំងនោះនឹងឆ្លើយតបជាភាសាខ្មែរមកវិញ ហើយវាក៏ត្រូវបានដាក់បញ្ចូលមុខងារចាប់កាន់ និងសម្គាល់បាននៅមុខមនុស្សព្រមទាំងវត្ថុផ្សេងៗ។
ទន្ទឹមនឹងនោះលោក ប្រាជ្ញ ច័ន្ទឧត្ដម ដែលជាអ្នកសម្របសម្រួលបច្ចេកវិទ្យាឌីជីថលផ្នែក A.I បានឱ្យដឹងដែរថា«ការបង្កើតមនុស្សយន្តដ៏ឆ្លាតវ័យនេះឡើងគឺការឈរលើមូលដ្ឋាននៃការជំរុញសកម្មភាពស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនឱ្យបានច្រើនជាងមុននៅប្រទេសកម្ពុជា»។ មុខងារឆ្លាតវ័យទាំងអស់នេះបានដាក់ចូលនៅបច្ចេកវិទ្យាជាច្រើនដូចជា ប្រព័ន្ធបម្លែងសំឡេងជាអក្សរខ្មែរប្រព័ន្ធChat-bot ប្រព័ន្ធបម្លែងអក្សរខ្មែរជាសំឡេងខ្មែរ និងកម្មវិធីវិភាគវត្ថុ និងមុខមនុស្ស។
គួរបញ្ជាក់ថា បើតាមក្រសួង នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់(CADT)ដែលបានស្រាវជ្រាវ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនិងបង្កើតផលិតផលផ្សេងៗជាច្រើនទៀតដើម្បីផ្តល់ដំណោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការបង្កើនប្រសិទ្ធភាពការងារនៅក្នុងក្រសួង-ស្ថាប័នរដ្ឋ ព្រមទាំងវិស័យឯកជននានាឱ្យកាន់តែទូលំទូលាយ៕
Post a Comment