ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង ខណៈម្ចាស់ផ្ទះឡើងមកភ្នំពេញទិញឡាន (SBM)

ខេត្តក្រចេះ៖ ម្ចាស់ផ្ទះទុកផ្ទះចោលត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង កាលពីវេលាម៉ោង១២:១៥រសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រោយផ្សារអូរឫស្សី ស្ថិតក្នុងភូមិអូរឫស្សីពីរ ក្រុងក្រចេះ ខេត្តក្រចេះ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះមានទំហំ៧x១២ម៉ែត្រ ជាប្រភេទឈើលើថ្មក្រោយ មានម្ចាស់ឈ្មោះ ទិត្យ មករា ភេទប្រុស អាយុ ៣៥ ឆ្នាំ និងប្រពន្ធឈ្មោះ អូន ចាន់ធី អាយុ ៣៤ ឆ្នាំ។

ប្រភពបន្តថាភ្លាមៗអ្នកភូមិផ្ទះជាប់គ្នាបានជួយរុញឡានមួយគ្រឿងចេញពីក្នុងផ្ទះ ដូច្នេះមិនបានបង្កឱ្យឆេះដល់ឡាននោះទេ ប៉ុន្តែសម្ភារៈបានខូចខាតមួយចំនួនសរុបជាទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ។ ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរនោះថា ក្នុងហេតុការណ៍ឆាបឆេះខាងលើ គឺពុំមានអ្នកនៅផ្ទះនោះទេ ព្រោះម្ចាស់ផ្ទះឡើងមកភ្នំពេញទិញឡាន។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើបានប្រើប្រាស់រថយន្តចំនួន៣គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលក្រុងក្រចេះចំនួនមួយគ្រឿង ដោយប្រើប្រាស់ទឹកអស់សរុបចំនួន ៧ឡាន។ ករណីខាងលើរលត់ទាំងស្រុងនៅវេលាម៉ោង១៣:30នាទីថ្ងៃទីខែឆ្នាំដដែល៕ 


Powered by Blogger.