អត្តពលិកនិងប្រតិភូជាង៩០០០នាក់ បានចុះឈ្មោះចូលរួមប្រកួតកីឡា SEA GAMES 2023
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៩ ខែមីនានេះ មានកីឡាករ កីឡាការិនី និងប្រតិភូអមដំណើរកីឡាករ កីឡាការិនី មកពីបណ្តាប្រទេសចំនួន១១ នៅក្នុងតំបន់អាស៊ាន ប្រមាណជាង ៩០០០នាក់ ក្នុងនោះមានកីឡាករ កីឡាការិនីប្រកួតមានជិត ៥៥០០នាក់ បានចុះឈ្មោះចូលរួម ប្រកួតកីឡាSea Games និងកីឡា ASEAN PARA GAMES២០២៣ នៅកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ CAMSOC ថ្លែងប្រាប់ BTV ថា កម្ពុជានៅមិនទាន់បិទប្រព័ន្ធចុះឈ្មោះទទួលកីឡាករ កីឡាការិនីចូលរួមប្រកួតកីឡា SEA GAMES និង ASEAN PARA GAMES 2023 ទេ ហើយយើងរំពឹងថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMESលើកទី៣២ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំនេះ នឹងមានកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសចំនួន១១ ចុះឈ្មោះចូលរួមប្រកួតកើនដល់៦០០០ទៅ ៧០០០នាក់។
ឯកឧត្តម វ៉ាត់ ចំរើន បន្តថា ការប្រកួតកីឡា SEA GAMES ដែលកម្ពុជារៀបចំធ្វើម្ចាស់ គឺបានរៀបចំវិញ្ញាសាប្រកួតចំនួន៥០៨វិញ្ញាសា ក្នុងចំណោមប្រភេទកីឡាចំនួន៣៦ បូករួមនឹងវិញ្ញាសាសម្ដែងមួយទៀត គឺ៣៧ប្រភេទកីឡា ខណៈវិញ្ញាសាការប្រកួតដំបូងគេ គឺវិញ្ញាសាបាល់ទាត់ ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៣។
ឯកឧត្តម បន្តថា នៅក្នុងចំណោមវិញ្ញាសាប្រកួតកីឡានោះ គឺមានវិញ្ញាសាមួយចំនួនរៀបចំនៅរាជធានីភ្នំពេញ ខ្លះប្រកួតនៅខេត្តសៀមរាប ខេត្តព្រះសីហនុ និងវិញ្ញាសាខ្លះទៀតរៀបចំប្រកួតនៅខេត្តកំពត និងកែប។
សូមបញ្ជាក់ថា នៅក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES និង ASEAN PARA GAMES 2023 រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការៀបចំអស់ប្រមាណជាង ១០០លានដុល្លាអាមេរិក ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកីឡា បង្កើនសមត្ថភាពកីឡាករ កីឡាការិនីនៅកម្ពុជានៅគ្រប់សហព័ន្ធកីឡាចូលរួមប្រកួតផង និងការប្រើប្រាស់កម្លាំងមនុស្សធ្វើការងាររៀបចំ ប្រមាណជិត ១០០០០នាក់ ផ្តល់ការងារដោយប្រយោលរាប់ពាន់នាក់បន្ថែមទៀតផងដែរ៕
Post a Comment