កូរ៉េខាងជើង ជំទាស់ខ្លាំងបំផុតទៅនឹង ក្រុមប្រឹក្សាសន្តិសុខ UN ដែលចោទខ្លួនថារំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ
ប្រទេសកូរ៉េខាងជើងបានរិះគន់ចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្រៅផ្លូវការមួយ ស្តីពីបញ្ហារំលោភសិទ្ធិមនុស្សរបស់ទីក្រុងព្យុងយ៉ាង នៅក្នុងសប្តាហ៍នេះ ដោយបានហៅវាថា ជាគម្រោងដើម្បីទម្លាក់របបរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយក្រសួងការបរទេសកូរ៉េខាងជើងបានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការចោទប្រកាន់អំពីបញ្ហាសិទ្ធិមនុស្សដ៏កាចសាហាវរបស់សហរដ្ឋអាមេរិកថា ជាការបង្ហាញដ៏ខ្លាំងបំផុតនៃគោលនយោបាយអរិភាពរបស់ខ្លួនចំពោះទីក្រុងព្យុងយ៉ាង។
សេចក្តីថ្លែងការណ៍នោះបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការមួយរបស់សមាជិក UNSC ស្តីពីការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើងនៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។
ប្រទេសកូរ៉េខាងជើងត្រូវបានចោទប្រកាន់ជាយូរមកហើយពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រាប់ចាប់ពីការឃុំឃាំងអ្នកទោសនយោបាយនៅក្នុងជំរុំប្រមូលផ្តុំរហូតដល់ការធ្វើទារុណកម្ម និងការប្រហារជីវិតជាសាធារណៈជាដើម៕
Post a Comment