UNបង្ហាញថា វិបត្តិសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាបន្តកើនឡើងឥតឈប់ឈរ
របាយការណ៍ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រទី ៣ ខែកុម្ភៈ បានចោទប្រកាន់យោធាមីយ៉ាន់ម៉ាថាបានបង្កើត «វិបត្តិសិទ្ធិមនុស្សគ្មានទីបញ្ចប់»នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយបានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សា។
ចាប់តាំងពីរបបយោធាមួយបានដណ្តើមអំណាចកាលពីពីរឆ្នាំមុនមក ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពវឹកវរ ដោយមានចលនាតស៊ូប្រយុទ្ធនឹងយោធានៅតំបន់ជាច្រើនបន្ទាប់ពីការបង្រ្កាបយ៉ាងបង្ហូរឈាមលើគូប្រជែង។ បណ្តាប្រទេសលោកខាងលិចក៏បានដាក់ទណ្ឌកម្មឡើងវិញលើរបបយោធា។
របាយការណ៍ដែលចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សនៅចន្លោះថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ បានរកឃើញថា អំពើហិង្សាបានកាន់តែខ្លាំងឡើងនៅភាគពាយ័ព្យ និងភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា ដោយសារតែការវាយប្រហារតាមអាកាសមិនរើសមុខរបស់យោធា និងការបាញ់ផ្លោងកាំភ្លើងធំ ការដុតបំផ្លាញភូមិជាច្រើនដើម្បី ជម្លៀសប្រជាជនស៊ីវិល និងការបដិសេធមិនទទួលបានសិទ្ធិមនុស្សធម៌។ របាយការណ៍បានបន្ថែមថា យុទ្ធសាស្ត្រដែលប្រើដោយយោធា ត្រូវបានរៀបចំឡើងដើម្បីកាត់ផ្តាច់ក្រុមប្រដាប់អាវុធដែលមិនមែនជារដ្ឋពីការទទួលបានអាហារ ហិរញ្ញវត្ថុ ស៊ើបការណ៍សម្ងាត់ និងការជ្រើសរើសបុគ្គលិក។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យោធាបានបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះកាតព្វកិច្ច និងគោលការណ៍អន្តរជាតិ។ ដូច្នេះ យើងត្រូវមានសកម្មភាពជាក់ស្តែងជាបន្ទាន់ ដើម្បីបញ្ចប់មហន្តរាយដ៏ធ្ងន់ធ្ងរនេះ»។ អាជ្ញាធរមីយ៉ាន់ម៉ាមិនបានឆ្លើយតបភ្លាមៗចំពោះការហៅទូរសព្ទ និងអ៊ីមែលរបស់សារព័ត៌មានរ៉យទ័រស្វែងរកការអត្ថាធិប្បាយទេ។
រដ្ឋាភិបាលយោធាធ្លាប់បានលើកឡើងថា ខ្លួនមានកាតព្វកិច្ចធានាសន្តិភាព និងសន្តិសុខ ហើយបានបដិសេធថា អំពើឃោរឃៅបានកើតឡើងដោយសារខ្លួនកំពុងអនុវត្តយុទ្ធនាការស្របច្បាប់ប្រឆាំងនឹងភេរវករ។
លោក James Rodehaver ប្រធានក្រុមនៃការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការប៉ះទង្គិចគ្នាដោយអាវុធកំពុងកើតឡើងនៅក្នុងប្រហែល ៧៧ ភាគរយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកបានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា វិបត្តិបានរីករាលដាលនៅទូទាំងប្រទេស។
នៅក្នុងអនុសាសន៍របស់ខ្លួន របាយការណ៍បានអំពាវនាវដល់អាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យបញ្ចប់អំពើហិង្សា និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើក្រុមប្រឆាំង។ របាយការណ៍បានរៀបរាប់ថា៖«ប្រតិបត្តិការយោធាត្រូវតែបញ្ឈប់ ដើម្បីបើកឱកាសសម្រាប់ការសន្ទនាដែលអាចបញ្ចប់វិបត្តិនេះ»៕
Post a Comment