ពលរដ្ឋរងគ្រោះដោយសារទិញផ្ទះបុរី VIP បន្តការតវ៉ាបិទផ្លូវលេខ២១៧ ដើម្បីទាមទារឲ្យម្ចាស់បុរីជាបន្ទាន់
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការទិញផ្ទះល្វែងបុរី VIP បានលើកគ្នាធ្វើការតវ៉ាបិទផ្លូវបន្តទៀត ដោយលើកនេះ បិទទាំងខាងទិសដៅចេញពីរាជធានីភ្នំពេញ និងទិសដៅចូលរាជធានីភ្នំពេញតែម្ដង ដើម្បីទាមទារឲ្យម្ចាស់បុរីចេញមុខដោះស្រាយជាមួយពួកគាត់ជាបន្ទាន់
ក្រោយពេលទិញដី ទិញផ្ទះ បង់ប្រាក់គ្រប់អស់ហើយ ប៉ុន្តែជាច្រើនឆ្នាំមកនេះ នៅអត់ទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ ហើយអ្នកខ្លះក៏ពុំដឹងថា ដី និងផ្ទះនៅឯណាផង។ ហើយនៅក្នុងពេលធ្វើការតវ៉ានោះ ពួកគាត់បានកាន់បដា និងរូបថតរបស់សម្ដេចទាំងទ្វេ ដើម្បីស្វែងរកការអន្តរាគមន៍ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ពន្លឿនការដោះស្រាយជូនពួកគាត់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខច្រកចូលបុរីវី អាយ ភី ស្ថិតនៅក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពេលមានការបិទផ្លូវបែបនេះ យានយន្តគ្រប់ប្រភេទត្រូវបានអាជ្ញាធរពង្វាង ឲ្យធ្វើចរាចរណ៍ចូល និងចេញរាជធានីភ្នំពេញ ទៅតាមបណ្ដាផ្លូវនានា ចៀសវាងមានការកកស្ទះ។ ហើយកម្លាំងអាជ្ញាធររាជធានីភ្នំពេញ និងខណ្ឌដង្កោ បានចុះទៅធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដែរ ប៉ុន្តែរហូតមកដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលនេះ នៅពុំទាន់ត្រូវគ្នានោះទេ ហើយប្រជាពលរដ្ឋពុំទាន់ចាកចេញពីលើផ្លូវនៅឡើយដែរ។
ប្រជាពលរដ្ឋខាងលើ បាននិយាយឲ្យដឹងដដែលៗថា ពួកគាត់មានការឈឺចាប់ខ្លាំងណាស់ ដោយសារតែចាញ់បោ.កម្ចាស់បុរី វីអាយភី បណ្ដាលឲ្យខាតបង់ប្រាក់ និងពេលវេលា ព្រមទាំងជំពាក់បំណុលធនាគារស្ទើរគ្រប់គ្នា។ ពួកគាត់បានទិញផ្ទះល្វែងបុរី វីអាយភី នេះ ពីឈ្មោះ ហម រ៉ន និងឈ្មោះ វន វណ្ណៈ ដែលជាម្ចាស់បុរីនោះ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ គិតរហូតមកទល់នឹងពេលនេះ គឺបានបង់ប្រាក់គ្រប់ចំនួនតាមកិច្ចសន្យារួចហើយ តែអ្នកខ្លះទទួលបានផ្ទះហើយនៅអត់ទាន់ទទួលបានប័ណ្ណកម្មសិទ្ធិនោះទេ រីឯអ្នកខ្លះទៀតកុំថាឡើយប័ណ្ណកម្មសិទ្ធិ គឺអត់ទាំងដី និងផ្ទះថែមទៀត។
ប្រជាពលរដ្ឋបានប្រាប់បន្តថា ពេលសួរនាំ ម្ចាស់បុរីនេះឆ្លើយដោះសាររហូត ពុំដែលទទួលខុសត្រូវឡើយ មិនតែប៉ុណ្ណោះបានទាមទារឲ្យពួកគាត់បង់លុយថែមរហូតទៀតផង ដោយសារតែបែបនេះ ទើបពួកគាត់បាននាំគ្នាធ្វើការតវ៉ា ដោយមុនដំបូងធ្វើតែនៅក្នុងបុរីតែប៉ុណ្ណោះ។ ប៉ុន្តែដោយគ្មានដំណោះស្រាយ ទើបចេញបិទផ្លូវ២១៧ ក្នុងគោលបំណងទាមទារឲ្យម្ចាស់បុរីមួយនេះ ចេញមុខមកទទួលខុសត្រូវ ផ្តល់ប័ណ្ណកម្មសិទ្ធិប្លង់ស្របច្បាប់កាន់កា.ប់ផ្ទះ និងបំបែកប្លង់ក្បាលដីឲ្យស្របច្បាប់ជូនពួកគាត់ ដោយគ្មានលក្ខខណ្ឌ។
សូមបញ្ជាក់ផងដែរថា នេះពុំមែនជាលើកទី១នោះទេ ដែលប្រជាពលរដ្ឋទិញផ្ទះនៅបុរី VIP នេះ បានធ្វើការតវ៉ាបិទផ្លូវលេខ២១៧ ដើម្បីទាមទារសុំឲ្យម្ចាស់បុរីខាងលើ ចេញមុខដោះស្រាយបែបនេះ។ កន្លងមក ពួកគាត់ធ្លាប់បានតវ៉ាបិទផ្លូវច្រើនលើកមកហើយ ប៉ុន្តែពុំដឹងថាឈ្មោះ ហម រ៉ន និងឈ្មោះ វ៉ន ណាក់ ដែលជាម្ចាស់បុរីមួយនេះ កំពុងស្ថិតនៅទីណានោះឡើយ ព្រោះរាល់ពេលដែលប្រជាពលរដ្ឋដែលជាអតិថិជនរបស់ខ្លួនធ្វើការតវ៉ាម្ដងៗ ពុំដែលឃើញមុខពួកគេចេញមុខដោះស្រាយឡើយ។
ដោយឡែក អាជ្ញាធររាជធានីភ្នំពេញ និងខណ្ឌដង្កោ បានសម្របសម្រួលនៅក្រៅប្រព័ន្ធតុលាការក៏ច្រើនលើកផងដែរ ប៉ុន្តែពុំបានធ្វើឲ្យវិវាទមួយនេះ សះជាបាននោះទេ ។ ហើយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ សាលារាជធានីភ្នំពេញ ក៏បានសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការប្រជុំដោះស្រាយវិវាទនេះផងដែរ ដោយបញ្ជាក់ថា វិវាទនេះ មានលក្ខណៈស្មុគស្មាញ និងពាក់ព័ន្ធច្រើនភាគី ហើយនៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើនោះ បានបញ្ជាក់នៅមូលហេតុចំនួន៦ចំណុចទៀតផង៕
Post a Comment