ចិននឹងសាកល្បងបច្ចេកវិទ្យាបោះពុម្ព 3D ដើម្បីសង់អគារនៅលើឋានព្រះចន្ទ ( Reuters )
កាសែត China Daily បានរាយការណ៍នៅថ្ងៃទី២៤ ខែមេសានេះថា ប្រទេសចិននឹងធ្វើការរុករកដោយប្រើបច្ចេកវិទ្យាបោះពុម្ព 3D (3D Printing) ដើម្បីសាងសង់អគារនៅលើឋានព្រះចន្ទ ខណៈដែលទីក្រុងប៉េកាំងសម្លឹងការពង្រឹងផែនការសម្រាប់ទីជម្រកនៅលើឋានព្រះចន្ទរយៈពេលវែងរបស់ខ្លួន។
នៅក្នុងឆ្នាំ២០២០ បេសកកម្មរុករកនៅលើឋានព្រះចន្ទរបស់ចិន ដោយប្រើយានឆាងអឺ៥ (Chang’e 5) ដែលដាក់ឈ្មោះតាមទេវកថានៃទេពធីតាព្រះចន្ទរបស់ចិន ដោយយានដែលគ្មានមនុស្សបើកមួយនេះ បានវិលត្រឡប់មកផែនដីវិញ ដោយនាំយកនូវគំរូដីព្រះចន្ទជាលើកដំបូងមកកាន់ប្រទេសចិន។ យ៉ាងណាមិញ ចាប់ពីពេលនេះតទៅ ប្រទេសចិននឹងចាប់ផ្តើមបេសកកម្មឆាងអឺ៦, ៧ និង ៨ របស់ខ្លួនជាមួយភារកិច្ចចុងក្រោយ ដើម្បីស្វែងរកធនធានដែលអាចប្រើឡើងវិញបាននៅលើឋានព្រះចន្ទ សម្រាប់ការរស់នៅយូរអង្វែងរបស់មនុស្ស។
តាមការរំពឹងទុកយានឆាងអឺ៨ នឹងធ្វើការស៊ើបអង្កេតនៅនឹងកន្លែងអំពីបរិស្ថាន និងសមាសធាតុរ៉ែ ហើយក៏កំណត់ថា តើបច្ចេកវិទ្យាដូចជាការបោះពុម្ព 3D អាចត្រូវបានដាក់ពង្រាយលើផ្ទៃព្រះចន្ទដែរឬអត់? នេះបើតាមការលើកឡើងរបស់រដ្ឋបាលអវកាសជាតិរបស់ចិន។
លោក Wu Weiren អ្នកវិទ្យាសាស្ត្រនៅរដ្ឋបាលអវកាសជាតិរបស់ចិនបាននិយាយថា «ប្រសិនបើយើងប្រាថ្នាចង់រស់នៅលើឋានព្រះចន្ទរយៈពេលយូរ ដូច្នេះយើងត្រូវរៀបចំស្ថានីយ៍មួយ ដោយប្រើប្រាស់ធនជាតិមានស្រាប់របស់ព្រះចន្ទ»។
ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍កាលពីដើមខែនេះ ដោយដកស្រង់សម្តីអ្នកជំនាញមកពីបណ្ឌិត្យសភាវិស្វកម្មចិនបានឱ្យដឹងថា ប្រទេសចិនចង់ចាប់ផ្តើមសាងសង់មូលដ្ឋានលើឋានព្រះចន្ទ ដោយប្រើដីពីព្រះចន្ទផ្ទាល់ក្នុងរយៈពេល៥ឆ្នាំ ហើយជាមួយគ្នានោះ មនុស្សយន្តដែលមានភារកិច្ចច្នៃដីសម្រាប់ការសាងសង់នឹងត្រូវបានដាក់ឱ្យដំណើរការអំឡុងពេលបេសកកម្មឆាងអឺ៨ នៅក្នុងអំឡុងឆ្នាំ២០២៨។
សូមជម្រាបថា ការប្រកួតប្រណាំងដើម្បីដើរលើឋានព្រះចន្ទមានភាពតានតឹងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ ជាក់ស្តែងនៅក្នុងខែមេសានេះ អង្គការណាសា (NASA) និងទីភ្នាក់ងារអវកាសរបស់ប្រទេសកាណាដាបានដាក់ឈ្មោះអវកាសយានិកចំនួន៤នាក់ សម្រាប់បេសកកម្មលើកទី២របស់ខ្លួន ដែលឈ្មោះថា Artemis II ដែលត្រូវបានគ្រោងទុកនៅចុងឆ្នាំ២០២៤ ដើម្បីបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទ៕
Post a Comment