បើមានក្រដាស«ប្រាក់១០០រៀល»ច្រើន អាចដូរយកក្រដាសប្រាក់ធំបានដោយអត់គិតសេវា
ខេត្តព្រះសីហនុ ៖ ធនាគារជាតិកម្ពុជា សាខាខេត្តព្រះសីហនុ ជូនដំណឹងដល់សាធារណជនអាជីវករប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀល «ប្រភេទ១០០រៀល»ច្រើន អាចយកទៅប្ដូរយកក្រដាសប្រាក់ប្រភេទធំផ្សេងៗ ដោយពុំមានកាត់សេវា នៅសាខាធនាគារជាតិនៃកម្ពុជា ខេត្តព្រះសីហនុ ។
សាខាធនាគារជាតិនៃកម្ពុជា ខេត្តព្រះសីហនុ អាសយដ្ឋាន : ផ្លូវពោកំបោរ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ
ទូរស័ព្ទ :(855-34) 933 649ទូរសារ : (855-34) 933 649
ការប្រកាសរបស់សាខាធនាគារជាតិនៃកម្ពុជាខេត្តព្រះសីហនុ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានកន្លែងលក់ដូរមួយចំនួនតូចនៅតាមទីផ្សារក្នុងខេត្តព្រះសីហនុ មិនទទួលយកក្រដាសប្រាក់រៀលប្រភេទ១០០រៀល ស្របពេលដែលចរាចរណ៍ប្រាក់រៀលគ្រប់ប្រភេទនៅលើទីផ្សារមានដំណើរការធម្មតា ។
លោក ឯក សុផុន ប្រធានសាខាធនាគារជាតិនៃកម្ពុជាខេត្តព្រះសីហនុឲ្យដឹងថា ករណីនេះ មន្ដ្រីជំនាញធនាគារជាតិនៃកម្ពុជាសាខាខេត្តព្រះសីហនុ ក៏បានចុះធ្វើការអប់រំណែនាំដល់អាជីវករដែលមិនទទួលក្រដាសប្រាក់រៀលប្រភេទ១០០រៀលជាបន្តបន្ទាប់ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានកន្លែងលក់ដូរតាមទីផ្សារមួយចំនួនមិនទទួលយកក្រដាសប្រាក់ប្រភេទ១០០រៀល ។
លោកប្រធានសាខាធនាគារជាតិនៃកម្ពុជាខេត្តព្រះសីហនុបញ្ជាក់បន្ថែមថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋជុំវិញការរើសអើងមិនទទួលយកក្រដាសប្រាក់រៀលខ្មែរ ប្រភេទ១០០រៀលពីអាជីវករមួយចំនួន មន្ដ្រីជំនាញធនាគារជាតិនៃកម្ពុជាសាខាខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលក្រុង ស្រុក បានចុះធ្វើការអប់រំណែនាំ មិនអនុញ្ញាតឲ្យធ្វើសកម្មភាពបែបនេះត
ទៅទៀតទេ ក្នុងនោះបងប្អូនអាជីវករពាក់ពន្ធ័ក៏បានទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន នឹងបានសន្យាចូលរួមអនុវត្ត និងធ្វើចរាចរប្រាក់រៀលក្រដាស១០០រៀលជាធម្មតា។
ទោះជាយ៉ាងនេះក្តី បើតាមមន្ត្រីធនាគារជាតិកម្ពុជាសាខាខេត្តព្រះសីហនុបញ្ជាក់ថា មានអាជីវករមួយចំនួនតូចប៉ុណ្ណោះ ដែលមិនទទួលយកក្រដាសប្រាក់១០០រៀល ប៉ុន្តែជាទូទៅតាមកន្លែងអាជីវកម្មតូច ធំក្នុងខេត្តព្រះសីហនុ ដូចជាផ្សាម៉ាត ឬតាមស្ថានីយ៍ចាក់ប្រេងជាដើម ចរាចរក្រដាស់ប្រាក់១០០រៀល នៅមានជាធម្មតា។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា សាខាខេត្តព្រះសីហនុ ប្រកាសជូនដំណឹងដល់សាធារណជន អាជីវករ ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមជំរុញ និងប្រើប្រាស់ក្រដាសប្រាក់រៀល ប្រភេទ១០០រៀល ឱ្យបានទូលំទូលាយ ហើយក្នុងករណីមានចំនួនច្រើន អាជីវករ ប្រជាពលរដ្ឋគ្រប់រូប អាចយកទៅប្ដូរយកក្រដាសប្រាក់ប្រភេទធំដូចជា៥០០រៀល ១០០០រៀល ឬ១ម៉ឺនរៀលជាដើម ដោយពុំមានកាត់សេវានោះទេ នៅទីតាំងសាខាធនាគារជាតិនៃកម្ពុជា ខេត្តព្រះសីហនុ រៀងរាល់ម៉ោងធ្វើការ ។
Post a Comment