ក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ចំទ្រូងដោយសារផ្លែស្នាធ្វើឬស្សី ដែលជាការកែឆ្នៃសំរាប់លេងកម្សាន្ត
មណ្ឌលគីរី ៖ ស្ថានភាពសុខភាពកុមារាដែលត្រូវនឹងផ្លែស្នាកែឆ្នៃលេងបាញ់ត្រូវចំទ្រូង នៅខេត្តមណ្ឌលគីរី ពេលនេះ ត្រូវបានគេរាយការណ៍ គេបានរកឃើញមានឈាមកក ដែលតម្រូវត្រូវបញ្ជួនបន្តទៅភ្នំពេញ ។
សូមជំរាបថា ករណីក្មេងៗបានកែឆ្នៃស្នាសំរាប់លេង និងបានបាញ់ចំគ្នានេះ បានកើតឡើង កាលពីម៉ោង១៧ និង៤០នាទីល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះភាគីទាំងពីរ នាភូមិអញ្ជ័រ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
សេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកកោះញែក លោក យ៉ម ហ៊ុនអេង បានឲ្យដឹងថា ផ្លែស្នាដែលក្មេងប្រុសម្នាក់នោះកែឆ្នៃសំរាប់បាញ់លេងនោះ គឺជាដែលធ្វើឡើងពីឬស្សីបិតមុខស្រួច ។ លោកបានបញ្ជាក់ទៀតថា មុនកើតហេតុ ក្មេងដែលលេងបាញ់ស្នានោះ បានតំរង់បាញ់សំបកកេសស្រាបៀរប៉ុណ្ណោះ និងប្រាប់អោយគ្នីគ្នាចេញពីចំណុចដែលក្មេងនោះត្រូវបាញ់ ។
ប៉ុន្តែដោយក្មេងប្រុសរងគ្រោះគេចមិនទាន់ គ្រាប់ស្នា ក៏របូតចំកុមាររងគ្រោះតែម្តង ។
ជនរងគ្រោះដែលជាកុមារាដែលត្រូវបានផ្លែស្នាបាញ់ត្រូវចំនោះ មានអាយុ១១ឆ្នាំ ឈ្មោះ ខែម រ៉ៃ ជាជនជាតិព្នង ។ ចំណែកក្មេងប្រុសដែលជាអ្នកបាញ់ស្នា មានឈ្មោះ មឿន ភាង អាយុ ១៣ឆ្នាំ ក្មេងប្រុសទាំងពីរនាក់ គឺជាបងប្អូនជាដូនមួយនឹងគ្នា ។ បច្ចុប្បន្នក្រុមគ្រួសារទាំងពីរបានសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ មិនមានការប្តឹងផ្តល់គ្នានោះដែរ ៕
Post a Comment