ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ខ្នង ក្លាយជាផេះ​ និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ខ្នង ក្លាយជាផេះ​ និងបណ្ដាលឲ្យបុរសម្នាក់ស្លា.ប់។ ហេតុការណ៍នេះ បានកើតឡើង ​កាលពីវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងនៅភូមិសណ្តោរ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ មូលហេតុ ដោយសារតែទុសេខ្សែភ្លើង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ដែលបានបាត់បង់ជីវិតនោះ ឈ្មោះ ពេជ្រ សាបាន ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្នុងភូមិសណ្តោរ ឃុំជ្រៃធំ ស្រុករមាសហែក។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងប្រពន្ធកូន កំពុងដេកលង់លក់ ស្រាប់តែ​ទុស្សេ​ខ្សែភ្លើង ឆ្លងចរន្តអគ្គិសនី បង្កឲ្យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ។ ក្រុមគ្រួសារជនរងគ្រោះ​ស្ទុះឡើង ក៏ឃើញអណ្តាតភ្លើងពេញក្រមុំ កំពុងសន្ធោសន្ធៅទៅហើយ។ ចំណែកជនរងគ្រោះ ទំនងជានៅប្រមូលទ្រព្យសម្បត្តិខ្លះ ក៏ត្រូវអណ្តាតភ្លើងឆាបឆេះ ចេញមិនរួច បង្កឲ្យឆេះស្លា.ប់តែម្តង ហើយផ្ទះ ២ខ្នង ក៏ត្រូវភ្លើងឆេះ អស់គ្មានសល់។

​សេចក្តីរាយការណ៍របស់​អាជ្ញាធរស្រុករមាសហែក បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន​គ្រោះអគ្គិភ័យ និងដោយបានការចាត់តាំងពីលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែ មេសា ឆ្នាំ​២០២៣ នេះ ក្រុមការងារ​សាខាកាកបាទក្រហមខេត្ត ដឹកនាំ​ដោយលោក ពៅ សារ៉េន នាយករងសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូន​គ្រួសាររងគ្រោះ ឈ្មោះ ពេជ្រ សាបាន អាយុ​៥០ ឆ្នាំ និងប្រពន្ធឈ្មោះ កេន ស៊ុន អាយុ ៥៧​ឆ្នាំ នៅភូមិ​សណ្តោរ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

អាជ្ញាធរ បានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ បណ្តាលឱ្យ​ខូចខាតផ្ទះ ២ខ្នង ដំបូលប្រក់ក្បឿង និងក្រោមបេតុង និងមួយខ្នងទៀត ដំបូលប្រក់​ស័ង្ក​សី និងជញ្ជាំងស្លឹក ខូចខាតទាំង​ស្រុង ព្រមទាំងទ្រព្យសម្បត្តិ​មួយចំនួន​ធំ ក៏ត្រូវបំផ្លាញ​។ អំណោយ ដែលបានផ្តល់ជូន រួមមាន៖ អង្ករ ៥០ គ.ក្រ កៅ​ស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល២ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង កន្ទេលបត់ ១ មុង១ សារុង១ ក្រម៉ា១ ភួយ១ និងថវិកា ៤០ម៉ឺនរៀល។ ក្នុងនោះ ក្រុមការងារក៏បានចូលរួមបុណ្យស.ព ៤០ម៉ឺនរៀលផងដែរ៕




Powered by Blogger.