សម្ដេចតេជោអំពាវនាវដល់ពលរដ្ឋកុំយករឿងកីឡាក្លាយជារឿងនយោបាយ និងកុំឱ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិ និងជាតិប្រទេសនិងប្រទេស
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះបានផ្ញើសារតាមបណ្ដាញតេឡេក្រាម ដោយបាន អំពាវនាវដល់ពលរដ្ឋកុំយករឿងកីឡាក្លាយជារឿង នយោបាយ និងកុំឱ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិ និងជាតិប្រទេសនិងប្រទេស ក្រោយពីមានគណនីយហ្វេសប៊ុកមួយចំនួនតូចបានយកករណីកីឡាករ ប៊ួ ខាវ មកនិយាយពាក់ព័ន្ធ នឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលជារឿងមិនគប្បីឡើយ។
សម្ដេចតេជោមានប្រសន៍ថា៖«កូនប្រុសភាសារ ប្រមាថចំពោះភ្ញៀវមកប្រទេស យើងមិនគួរកើតមានសម្រាប់ កូនខ្មែរយើងទេ»។
សម្ដេចតេជោបញ្ជាក់ថា បើទោះកីឡាករ ប៊ួ ខាវ មិនមកឬមក យើងមិនត្រូវបង្កើតនូវការរើសអើង ឬស្អប់ខ្ពើមចំពោះគាត់ ទេទោះជាគាត់ធ្វើអ្វីមិនសមរម្យចំពោះយើងក៍ដោយ។
កូនត្រូវមើលឲ្យឆ្ងាយជាង ប៊ួ ខាវ ព្រោះគាត់មកប្រទេសយើងតំណាងឲ្យប្រជាជនថៃជាង ៦០ លាននាក់ដែលបញ្ហានេះវាក្លាយ ជាបញ្ហារវាងប្រទេស និងប្រទេស ដែលចាំបាច់ត្រូវមានមិត្តភាព និងសាមគ្គីភាពជាមួយគ្នា។
សូមកុំឲ្យកីឡាក្លាយជារឿង នយោបាយ និងសូមកុំឲ្យរឿង បុគ្គលក្លាយជាជម្លោះរវាងជាតិ និងជាតិប្រទេសនិងប្រទេស។
សូមរក្សាភាពថ្លៃថ្នូរក្នុងឋានៈជាម្ជាស់ផ្ទះ និងសូមប្រើប្រាស់ឱកាសនេះកសាងមិត្តភាពជាមួយប្រទេសទាំងអស់ដែលមកកាន់ប្រទេសយើងដើម្បីចូលរួមប្រកួតឬទស្សនាកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ដែលកម្ពុជាធ្វើជាម្ជាស់ផ្ទះ៕
Post a Comment