ខេត្តបន្ទាយមានជ័យ ​រៀបចំសង្រ្កាន្ត ៣ទីតាំងធំៗ ៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ប្រាសាទបន្ទាយឆ្មារ

ក្នុងពិធីចូលឆ្នាំខ្មែរខាងមុខនេះ  ខេត្តបន្ទាយមានជ័យ នឹងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នៅ៣ទីតាំងធំៗ គឺ នៅទីរួមខេត្តក្រុងសិរិសោភ័ណ ប្រាសាទបន្ទាយឆ្មារ និងនៅក្រុងប៉ោយប៉ែត ។ នេះជាការអះអាងរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តប​ន្ទាយមានជ័យ។

នាសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ របស់ខេត្តបន្ទាយមានជ័យ» ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា នៅចុងខែមីនានេះ រដ្ឋបាលខេត្តកំពុងមមាញឹករៀបចំតាមទីតាំងគោលដៅ ដើម្បីត្រៀមសម្រាប់កម្មវិធីសង្ក្រាន្តឆ្នាំថ្មី។ 


សម្រាប់ទីតាំងនៃការរៀបចំកម្មវិធីសង្ក្រាន្តលក្ខណៈធំៗ  រួមមាននៅទីរួមខេត្តបន្ទាយមានជ័យ នៅសួនមានជ័យ ក្រុងសិរិសោភ័ណ, នៅប្រាសាទបន្ទាយឆ្មារ និងនៅក្រុងប៉ោយប៉ែត ក្នុងវត្តផ្សារកណ្ដាល។ អភិបាលខេត្តរូបនេះ  មិនទាន់បញ្ជាក់ប្រាប់ពីរយៈពេល និងថ្ងៃរៀបចំច្បាស់លាស់ទេ តែលោកថា អាចមានរយៈពេល៣ ឬ ៤ ថ្ងៃ។ 
 
ក្នុងព្រឹត្តការណ៍សង្ក្រាន្តនេះ នឹងមានល្បែងកម្សាន្តប្រពៃណី ការប្រគុំតន្រ្តី ការតាំងព័រណ៍ ការទទួលនំបញ្ចុកចំនួន​៣០០គីឡូក្រាម នៅទីតាំងសង្ក្រាន្តក្រុងសិសិសោភ័ណ និងមានការល្បែងលេងរៀបអាពាហ៍ពិពាហ៍នៅវត្តបឹងត្រាវផងដែរ។ 
 
ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី ក៏អំពាវនាវដល់ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ឬពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗ ចូលរួមពិធីសង្ក្រាន្តនេះឱ្យបានច្រើនដើម្បីបង្កើនភាពរីករាយនៅឱកាសឆ្នាំថ្មី។ ឯកឧត្តម អ៊ុំ រាត្រី លើកឡើងដូច្នេះ៖ «យើងត្រៀមសម្រាប់បងប្អូន សម្រាប់ទៅទទួលកម្សាន្តសប្បាយ មិនត្រឹមតែអ្នកបន្ទាយមានជ័យទេ គឺបងប្អូនទាំងអស់គ្នា»៕
វីដេអូចូលឆ្នាំកន្លងទៅ
 




Powered by Blogger.