បាត់ឡានប៉ូលិសចរាចរណ៍ ឆ្លើយថា ប្រធានការិយាល័យចរាចរណ៍ យកទៅលក់យូរឆ្នាំហើយ តែប្រធានការិយាល័យចរាចរណ៍ ថាខ្លួនមិនបានលក់ទេ
យោងតាមការចុះផ្សាយ របស់កោះសន្តិភាព រថយន្ត Pick Up ម៉ាសដា ពណ៌ស ដែលជាទ្រព្យសម្បត្តិរួមរបស់ការិយាល័យនគរបាលចរាចរណ៍ ខេត្តប៉ៃលិន ត្រូវបានប៉ូលិសជាច្រើន ប្រាប់ថា ប្រធានការិយាល័យប៉ូលិសចរាចរណ៍ បានយកទៅលក់យូរឆ្នាំមកហើយ។ ប៉ុន្តែប្រធានការិយាល័យប៉ូលិសចរាចរណ៍ នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន បានបដិសេធថា ខ្លួនមិនបានយកឡាននោះទៅលក់ទេ។ យ៉ាងណាក៏ដោយ មកពេលនេះ ឡាន ដែលជាកម្មសិទ្ធិរួមរបស់ការិយាល័យប៉ូលិសចរាចរណ៍នេះ បាត់រាប់ឆ្នាំមកហើយ។
រថយន្ត ដែលប៉ូលិសអះអាងថា លោក ជា សីហា ប្រធានការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលខេត្តប៉ៃលិន យកទៅលក់នេះ ជាប្រភេទម៉ាសដា (MAZDA BT50) Pick Up ពណ៌ស ផលិតឆ្នាំ២០១៣ កម្លាំងសេះ៣០០០ តួលេខ: MMBUPODD100200 258 លេខម៉ាស៊ីន: PA4T1150469U207 ពាក់ស្លាកលេខ ន.ប 2-2034 (ដោះចេញ ក្រោយពេលលក់)។
ប្រភពបន្តទៀតថា រថយន្តម៉ាសដាខាងលើ ត្រូវបានប្រធានការិយាល័យចរាចរណ៍ យកទៅលក់ជាយូរមកហើយដែរ ខណ:ដែលរថយន្ត ១គ្រឿងនេះ គឺមានតម្រូវការបម្រើការងារនៅក្នុងអង្គភាព ក៏ជារថយន្ត ដែលបានយកថវិកាគោលដៅចរាចរណ៍ទិញ ដោយកាលពីមុនមន្រ្តីចរាចរដាក់គោលដៅ ក្នុង ១ថ្ងៃ ទទួលបានថវិកា ១លានរៀល ពេលខ្លះជាង ១លានរៀល។ តែនាយការិយាល័យ ផ្តល់ជូនមន្រ្តីម្នាក់ ក្នុង ១ថ្ងៃ ចំនួន ២ ទៅ ៣ម៉ឺនរៀលប៉ុណ្ណោះ ដោយសល់ប៉ុ ន្មាន ទុកសម្រាប់ទិញរថយន្តប្រើប្រាស់ក្នុងអង្គភាព។
ក្រោយពីទិញប្រើប្រាស់មិនបានប៉ុន្មាន ស្រាប់តែលោកនាយការិយាល័យ យករថយន្តខាងលើទៅលក់តែម្តង ដោយសន្យាទិញរថយន្តថ្មី សងជំនួសវិញ តែក៏មិនដឹងថា លក់បានប្រាក់ប៉ុន្មានលានរៀលដែរ ពោលគឺលោកប្រធានការិយាល័យ មិនឱ្យដឹងនោះទេ មានការលាក់លៀមតែម្នាក់ឯង។
កាលពីទិញរថយន្តខាងលើ គឺគេឱ្យដឹងពីតម្លៃចំណាយគឺអស់ចំនួន១៤០០០ដុល្លារ ខណ:រថយន្តខាងលើ ត្រូវឈ្មួញនាំចូលមកពីប្រទេសថៃ ដោយទិញសម្រាប់បម្រើការងារនៅក្នុងអង្គភាព។
ចំណែកមន្រ្តីនគរបាលខ្លះទៀត បង្ហើបឱ្យដឹងដែរថា រថយន្តខាងលើ ត្រូវបានប្រធានការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលខេត្តប៉ៃលិន យកទៅលក់ឱ្យបុរសម្នាក់ ឈ្មោះ ខុម ជាមន្រ្តីយោធា ត្រូវផ្លាស់ប្តូរទៅទីក្រុងភ្នំពេញវិញហើយ កាលពីឆ្នាំប្រហែល ២០១៤-២០១៥ ដោយលោកនាយការិយាល័យរូបនេះ យកថវិកាគោលដៅអង្គភាព ដែលរកបានទិញបម្រើប្រយោជន៍រួមក្នុងអង្គភាព។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា លោកកំពុងជាប់ព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យ។ លោកបន្តថា បន្ទាប់ពីលោកមកកាន់ជាស្នងការនគរ បាលខេត្តប៉ៃលិន ខាងលោកអត់ដឹងរឿងលក់រថយន្តអង្គភាពនោះទេ ហើយបើមានដូចការលើកឡើងមែនខាងលោកនឹងបំភ្លឺជូននៅពេលក្រោយ។
ចំណែកលោក គិត ធីរ៉ា ស្នងការរង ទទួលបន្ទុកចរាចរណ៍ បានឱ្យដឹងថា រថយន្តខាងលើនេះ ត្រូវបានលោកប្រធានការិយាល័យលក់ជាយូរមកហើយ ហើយខាងសវនកម្ម បានត្រួតពិនិត្យមើលឃើញថា ប្រធានការិយាល័យចរាចរណ៍ជើងគោករូបនេះ បានលក់រថយន្តម៉ាកម៉ាសដា ពណ៌សរបស់អង្គភាពចរាចរណ៍ខាងលើមែន ហើយគេតម្រូវឱ្យទិញរថយន្តសងអង្គភាពវិញ។
លោកបន្តទៀតថា តែក្រោយពីលក់បានថវិកាយកសម្រាប់ចាយវាយខ្លួនឯង ហើយខាងសវនកម្មទាមទារឱ្យសងវិញ ខណ:ថ្នាក់លើចុះពិនិត្យ បែរជាលោកប្រធានការិយាល័យប្រាប់ថា រថយន្តខាងលើ ខូច កំពុងធ្វើនៅជាង ហើយគេទាមទារឱ្យរូបរថយន្តមកមើល តែគ្មាននោះទេ គឺមិនដឹងជាយកទៅណាអស់រយ:ពេលជាច្រើនឆ្នាំមកហើយ។
លោកបញ្ជាក់ថា ខាងលោក មិនសប្បាយចិត្តចំពោះបញ្ហានេះទេ ហើយខាងថ្នាក់លើ កំពុងតែទាមទារឱ្យរករថយន្តផ្សេងមកជំនួសឱ្យខានតែបានផងដែរ។
ភ្នាក់ងារយើងបានទាក់ទងទៅលោក ឡាំ សារិទ្ធ ស្នងការរង ទទួលបន្ទុកអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ហើយលោកបានឱ្យដឹងថា ខាងលោក អត់ដឹងរឿងនេះទេ។ ណាមួយលោក កំពុងជាប់បំពេញភារកិច្ចនៅភ្នំពេញ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ជា សីហា ប្រធានការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ការលក់ដូររថយន្តនៅក្នុងអង្គភាព ដែលគេលើកឡើងខាងលើ លោកអត់ដឹងរឿងនោះទេ គឺអត់មានការលក់រថយន្តអង្គភាព ដូចការលើកឡើងដែរ។
លោកប្រធានការិយាល័យចរាចរណ៍ជើងគោក បានបន្ថែមថា លោកឯណា ទៅហ៊ានលក់រថយន្តអង្គភាពនោះ។ សូម្បីតែលោកស្នងការ ក៏មិនហ៊ានផង។ លោកបន្តទៀតថា នេះគ្រាន់តែជាការលាបពណ៌លើរូបលោកប៉ុណ្ណោះ។
ប៉ុន្តែយ៉ាងណាក៏ដោយ មកដល់ថ្ងៃទី២៥ ខែមេសានេះ រថយន្តរបស់ការិយាល័យចរាចរណ៍ជើងគោក ដែលជាទ្រព្យសម្បត្តិរួមនោះ មិនដឹងនៅទីណាទេ ខណៈលោកប្រធានការិយាល័យចរាចរណ៍ជើងគោក ខេត្តប៉ៃលិន ក៏មិនបានប្រាប់ថា លោកយកឡាននោះ ទៅលក់ ឬទៅជួសជុល ដែលប្រើពេលរាប់ឆ្នាំនោះឡើយ៕
Post a Comment