ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តប្រាសាទភាស
បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញបញ្ចុះខណ្ឌសីមា ព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តប្រាសាទភាស ដែលមានតម្លៃជាង២៩ម៉ឺនដុល្លារ ស្ថិតនៅភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខ និងកោតសសើរពីថ្នាក់ដឹកនាំជាតិពិសេសសម្តេចតេជោ ហ៊ុន សែន ជូនដល់មន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋអ្នកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលបានរួមគ្នាដើរលើមាគ៌ាដ៏ត្រឹមត្រូវដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍនៅតាមមូលដ្ឋាននានា នៅក្នុងខេត្តបន្ទាយមានជ័យ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្ថែមថា កម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានគ្រប់គ្រង និងពង្រឹងបាននូវទីផ្សារ ក្រោយចប់កូវីដ១៩ ធ្វើជាម្ចាស់ផ្ទះប្រជុំ អាស៊ាន ដែលមានមេដឹកនាំពិភពលោកចូលរួមធ្វើឱ្យកម្ពុជាល្បីល្បាញលើឆាកអន្តរជាតិ មានសន្តិភាពទាក់ទាញបាននូវអ្នកវិនិយោគទុនមកបណ្តាក់ទុនរកស៊ី បង្កើតទីផ្សារការងារបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋបន្តការអភិវឌ្ឍន៍៖ អគ្គិសនី ទឹក ផ្លូវ សាលារៀន ប្រព័ន្ធធារាសាស្ត្រ និងទទួលសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេក លើកទី១២ ឆ្នាំ២០២៣នេះ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា កម្ពុជាពង្រឹងបាននូវសុខដុមនីយកម្មរវាងគ្រប់សាសនា ជាតិសាសន៍ ប្រឆាំងការរើសអើងបែងចែកជំនឿសាសនា ប្រែក្លាយសក្តានុពលសាសនា ជាកម្លាំងសាមគ្គីជាតិតែមួយក្នុងការ ការពារសន្តិភាព ឯកភាពជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ អប់រំ សង្គមកិច្ច និងសីលធម៌សង្គម។
ជាមួយនឹងសមានចិត្តជ្រះថ្លា ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំយកបច្ច័យវេរប្រគេន និងអំណោយជូនមនុស្សវ័យចាស់ សរុបចំនួន៣៦នាក់ ម្នាក់ៗទទួលបាន៖ កំសៀវដាំទឹកអគ្គិសនី ពិល មី ត្រីខ ទឹកសុីអុីវ ទឹកត្រី ទឹកដោះគោ តែ ស្កស កៅអៀក អំបិលអុីយ៉ូត ប្រេងខ្យល់ប្រេងឆាសារុង១ ក្រម៉ា និងថវិកា២មុីនរៀល, ឧបត្ថម្ភប្រជាពលរដ្ឋចូលរួម ម្នាក់ៗសារុង១, ឧបត្ថម្ភក្រុមការងារអភិវឌ្ឍន៍យុវជន ក្រុមយុវជន សសយក យុវជនឃុំ សរុប៣៨នាក់ ម្នាក់ៗ១ម៉ឺនរៀល, ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ក្រុមគ្រូពេទ្យប្រចាំការ ក្នុងមួយក្រុមៗ ៥០ម៉ឺនរៀល និងប្រគេនបច្ច័យកសាងវត្តប្រាសាទភាសចំនួន ១៣លានរៀល៕
Post a Comment