បេសកកម្ម៣៧ថ្ងៃ របស់ព្រះអគ្គិជ័យកីឡា នាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការផ្សព្វផ្សាយភាពជាម្ចាស់ផ្ទះស៊ីហ្គេមរបស់កម្ពុជា
ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅថ្ងៃទី២៧ ខែមេសានេះ តាមច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង ក្រោយធ្វើដំណើរគោលចរអស់រយៈពេល ៣៧ថ្ងៃ តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ប្រកបដោយភាពជោគជ័យ និងការសាទរជាខ្លាំងពីបណ្ដាប្រទេសសមាជិក។
ដំណើរនិវត្តន៍របស់ព្រះអគ្គិជ័យកីឡា ដឹកនាំដោយបេសកជនពិសេសឯកឧត្តម ហោ សារុន រដ្ឋលេខាធិក្រសួងទេសចរណ៍ អមដោយប្រតិភូ ៨រូបផ្សេងទៀតនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ព្រមទាំងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋ និងសិស្សានុសិស្សរាប់ពាន់នាក់ ដែលឈរអបអរសាទរតាមដងផ្លូវ។
ក្នុងដំណើរបេសកកម្មរយៈពេល ៣៧ថ្ងៃនេះដែរ ឯកឧត្តម ហោ សារុន បានរាយការណ៍នូវសមិទ្ធផល ចំពោះព្រះអគ្គិជ័យកីឡា ដែលបានបំពេញតួនាទីដ៏ឧត្ដុង្គឧត្តម និងសម្រេចបានលទ្ធផលល្អគួរជាទីមោទនៈ នៅបណ្ដាប្រទេសចំនួន ៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវ (លើកលែងប្រ៊ុយណេ ជាប់បុណ្យរ៉ាម៉ាដន ពុំអាចរៀបចំបាន) ដោយបាននាំមកជាមួយនូវជោគជ័យត្រចះត្រចង់ជូនជាតិមាតុភូមិ ក្នុងនាមម្ចាស់ផ្ទះលើកដំបូង នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។
បេសកជនពិសេសខាងលើ បានបញ្ជាក់ថា៖ «ថ្ងៃនេះ ព្រះអគ្គិជ័យកីឡា បានធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ ដោយពាំនាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការផ្សព្វផ្សាយភាពជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ការលើកកម្ពស់កិត្យានុភាព និងកិត្តិនាម នៃព្រះរាជាណាចក្រកម្ពុជា ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ រួមទាំងការលើកកម្ពស់គោលដៅទេសចរណ៍កម្ពុជាផងដែរ» ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដដែលបានបន្ថែមថា អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ បេសកកម្មព្រះអគ្គិជ័យកីឡា នៅក្រៅប្រទេស មិនត្រឹមតែជាវិធីដ៏ល្អមួយ ក្នុងការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា ជាមួយបណ្ដាប្រទេសជាមិត្តក្នុងតំបន់ អំពីការធ្វើជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់គុណតម្លៃនៃសន្ដិភាព នៅកម្ពុជាផងដែរ។
ឯកឧត្តម ហោ សារុន បានបន្ថែមថា ៖«ពិធីដង្ហែព្រះអគ្គិជ័យកីឡា នៅតាមបណ្ដាប្រទេសក្នុងតំបន់ ក៏បានបញ្ជាក់ឱ្យឃើញពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ដើម្បីធ្វើម្ចាស់ផ្ទះ។ អ្វីដែលពិសេស គឺព្រឹត្តិការណ៍នេះ ត្រូវបានអនុញ្ញាតឱ្យចូលទស្សនា ដោយឥតគិតថ្លៃ ផ្សាយបន្ដផ្ទាល់ដោយមិនគិតថ្លៃ រួមជាមួយការមិនត្រូវឱ្យប្រតិភូ និងអត្តពលិកបង់ប្រាក់លើការស្នាក់នៅ ហូបចុកផងដែរ ។ កម្ពុជា “ប្រទេសតូច តែបេះដូងធំ”» ។
សូមរំឭកថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទៅតាមបណ្ដាប្រទេសក្នុងតំបន់នេះ កើតឡើងក្រោយព្រះរាជពិធីសុំភ្លើង «ព្រះអគ្គិអាទិទេព» និងព្រះរាជពិធីប្រោសព្រះរាជទាន «ព្រះអគ្គិជ័យកីឡា» នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មុនចាកចេញពីកម្ពុជា ទៅបណ្ដាប្រទេសក្នុងតំបន់ នៅថ្ងៃបន្ទាប់។
ន្ទាប់ត្រឡប់មកដល់កម្ពុជា ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែជុំវិញក្រុងស្ទឹងត្រែង មុនយកទៅតម្កល់ទុកនៅវត្តស្រះកែវមុន្នីវណ្ណ (វត្តលើ) ១យប់ មុនបន្ដពិធីដង្ហែពីខេត្តស្ទឹងត្រែង ឆ្ពោះទៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា។ ក្រោយទៅដល់រាជធានីភ្នំពេញ ១យប់ទៀត ពោលគឺនៅព្រឹកថ្ងៃទី២៩ ខែមេសា ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្ដដំណើរគោចរជុំវិញបឹងទន្លេសាបវិញម្ដង ដោយត្រូវដង្ហែឆ្លងកាត់ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តកំពង់ចាម រហូតដង្ហែចូលពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៥ ខែឧសភា ឱ្យត្រូវនឹងពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕
Post a Comment