អធិការរងស្រុកបាភ្នំ ត្រូវបញ្ជូនទៅតុលាការ ក្រោយបង្កឲ្យពលរដ្ឋម្នាក់ត្រូវ១គ្រាប់កាំភ្លើង

លោក ស៊ាង ប៊ុនណាល់ អធិការរងវ័យ២៦ឆ្នាំ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវឃាត់ខ្លួន ក្រោយពលរដ្ឋម្នាក់ ត្រូវ១គ្រាប់កាំភ្លើងរបស់លោក ក្នុងអំឡុងលោក ដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំង១កន្លែង ដែលលួចលេងល្បែងជល់មាន់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ គឺចំថ្ងៃទី២​ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។

         លោក ស៊ាង ប៊ុនណាល់ អធិការរងស្រុកបាភ្នំ ពាក់មួកនិងសម្លៀកបំពាកស៊ីវិល ពេលដឹកនាំកម្លាំងចុះបង្ក្រាបកន្លែងជល់

លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមតុលាការខេត្តព្រៃវែង ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៩ ខែមេសានេះថា លោកអធិការរង ស៊ាង ប៊ុនណាល់ ត្រូវបានបញ្ជូនទៅស្ថាប័នអយ្យការហើយ។ លោក បញ្ជាក់យ៉ាងខ្លី ស្ថាប័នអយ្យការ កំពុងពិនិត្យនិងចាត់ការតាមនីតិវិធីលើសំណុំរឿងនេះ។ យ៉ាងណា លោកព្រះរាជអាជ្ញារង មិនទាន់ទទួលបានព័ត៌មាននៅឡើយទេថា លោកអធិការរងជាជនសង្ស័យរូបនេះ ត្រូវចោទពីបទអ្វី។  


សារព័ត៌មាននានា បានស្រង់សម្តីរបស់លោក ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែងថា លោក នេត សាវឿត អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យផ្អាកតួនារីរបស់លោក ស៊ាង ប៊ុនណាល់ ហើយត្រូវបញ្ជូនទៅតុលាការ។ ជាមួយគ្នានេះ លោក ប្រាក់ ចាន់​ថេត ស្នងការរង​នគរ​បាល​ខេត្តព្រៃវែង​ បានសរសេររបាយការណ៍ពីករណីផ្ទុះអាវុធនៅកន្លែងជល់មាន់នេះ ជូនទៅលោក នេត សាវឿន។ 
 
«​គ្រាន់តែ​ឃើញ​កម្លាំង​សមត្ថកិច្ច​ភ្លាម ក្រុម​អ្នក​លេងល្បែង​ភ្នាល់​បញ្ជល់មាន់ ​ក៏​នាំគ្នា​រត់​ប្រសេចប្រសាច។ ខណៈនោះ ​លោក​អធិការរង ស៊ា​ង ប៊ុន​​ណា​ល់ ក៏បាន​ស្រែក និង​ដក​អាវុធខ្លី​មក​គំរាម​ឲ្យ​ពួកគេ​ឈប់ តែ​ពួកគេ​មិន​ឈប់​ទេ​។ បន្ទាប់មក​លោក ស៊ា​ង ប៊ុន​ណា​ល់ ក៏បាន​ទៅ​ចាប់​បុរស​ម្នាក់​ឈ្មោះ​សាន វិ​ចិ្ឆ​កា អាយុ​៣៦​ឆ្នាំ ដែល​កំពុង​ឡើង​ជិះ​ម៉ូតូ ​ដើម្បី​រត់គេចខ្លួន ក៏​មានការ​ប្រវាយប្រតប់​គ្នា​ធ្វើឲ្យ​លោក ​ស៊ា​ង ប៊ុន​ណា​ល់ និង​បុរស​ឈ្មោះ សាន វិ​ចិ្ឆ​កា ព្រមទាំង​ម៉ូតូ​នោះ​ដួល​បណ្ដាលឲ្យ​រៀល​កៃកាំភ្លើង​ផ្ទុះ​១​គ្រាប់ ត្រូវ​ចង្កេះ​ឈ្មោះ​សាន វិ​ចិ្ឆ​កា តែម្ដង​»​។​ នេះការរៀបរាប់របស់លោក ប្រាក់ ចាន់ថេត ទៅកាន់លោក នេត សាវឿន តាមរយៈរបាយការណ៍។ ខ្លឹមសារនៃរបាយការណ៍នេះ ត្រូវបានស្រង់យកទៅផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍។
ក្រោយត្រូវ១គ្រាប់ត្រង់ចង្កេះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជោរៃ រាជធានីភ្នំពេញ ហើយបន្ទាប់មក ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យនៅប្រទេសវៀតណាម៕ 



 
Powered by Blogger.