ឃាត់ខ្លួនជនជាតិ​ចិន​០៣​នាក់ វាយ​កញ្ចក់​រថយន្ត​លួច​យក​សម្ភារ​មាន​តម្លៃ និង​លួច​ស្លាក​លេខ នៅ​ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​កញ្ចក់​រថយន្ត​លួច​យក​លុយ និង​សម្ភារ​មាន​តម្លៃ​) មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១១​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់​ផែ​ក្រុងព្រះសីហនុ ស្ថិត​នៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បង្ក​ដោយ​ជនសង្ស័យ ជា​ជនជាតិ​ចិន បាន​ធ្វើ​សកម្មភាព វាយ​បំបែក​កញ្ចក់​រថយន្ត​របស់​ប្រជាពលរដ្ឋ ដែល​ចត​ទុក នៅ​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់​ផែ​ក្រុងព្រះសីហនុ រួច​លួច​យក​កាបូប​លុយ​របស់​ប្រជាពលរដ្ឋ ដែល​នៅ​ក្នុង​រថយន្ត ។

បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​របស់​ជន​រង​គ្រោះ និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ធ្វើការ​បង្ក្រាប​បាន​ទាំងស្រុង ដោយ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ចំនួន​០៣​នាក់ នៅ​ចំណុច ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ វេលា​ម៉ោង ០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៣ ។

ជនសង្ស័យ​ទាំង ០៣​នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖
១-​ឈ្មោះ SHEN AO ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
២-​ឈ្មោះ JIN CHANGGE ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៥៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៣-​ឈ្មោះ LI HONGYUAN ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៥៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

វត្ថុ​តាង​ដែល​ចាប់​យក​បាន រួម​មាន ៖
-​លុយ​ខ្មែរ ចំនួន ២០,០០០,០០០៛ “​ម្ភៃ​លាន​រៀល​” (​ផល​នៃ​អំពើ​ចោរកម្ម​)
-​លុយ​ប្រទេស​អាស៊ាន ចម្រុះ​គ្រប់​ប្រភេទ​មួយ​ចំនួន (​ផល​នៃ​អំពើ​ចោរកម្ម​)
-​ស្លាក​លេខ​រថយន្ត ០២​គូ (​ផល​នៃ​អំពើ​ចោរកម្ម​) ៖
១-​បាត់ដំបង 2D-9008
២-​កែប 2B-2122
-​រថយន្ត ០១​គ្រឿង ម៉ាក TOYOTA CAMRY ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ស ផ្លា​ក​លេខៈ ភ្នំពេញ 2BH-1287 (​មធ្យោបាយ​)
-​ទល់​រឺ​វី​ស ០២​ដើម (​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​)
-​ដង្កាប់ ០១​ដើម (​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​)
-​កាំបិត ០១​ដើម (​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​)
-​ឧបករណ៍​វាយ​បំបែក​កញ្ចក់​រថយន្ត ០១​ដើម (​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​)
-​សោរ​ច្នៃ​សម្រាប់​កាច់​បំបែក​សោរ​រថយន្ត ១៤​ដើម (​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​)
-​ស្រោមដៃ ០៤​គូរ (​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​)
-​កាបូប​សំលៀក​បំពាក់ ០១ មាន​សំលៀក​បំពាក់ និង​របស់​ប្រើប្រាស់​មួយ​ចំនួន
-​វ៉ា​លី សំលៀក​បំពាក់ ០១ មាន​សំលៀក​បំពាក់ និង​របស់​ប្រើប្រាស់​មួយ​ចំនួន ។

បន្ទាប់​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ពួក​គាត់​ធ្លាប់​ធ្វើ​សកម្មភាព​វាយ​កញ្ចក់​រថយន្ត លួច​យក​កាបូប​លុយ​សម្ភារៈ និង​លួច​ដោះ​យក​ស្លាក​លេខ​រថយន្ត សរុប​ចំនួន ០៥​លើក ក្នុង​នោះ​មាន ៖ វាយ​កញ្ចក់​រថយន្ត លួច​យក​កាបូប​លុយ និង​សម្ភារៈ ចំនួន​០៣​លើក និង​លួច​ដោះ​យក​ស្លាក​លេខ​រថយន្ត​ចំនួន ០២​លើក ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕






Powered by Blogger.