មនុស្ស១២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយពុលនំបញ្ចុក
ខេត្តបន្ទាយមានជ័យ៖ មនុស្សចំនួន១២នាក់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានបរិភោគនំបញ្ចុកបណ្តាលឱ្យពុល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា នៅចន្លោះម៉ោង១១ដល់១២ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋចំនួន១២នាក់មានស្រីប្រុស និងក្មេងចាស់ពុលនំបញ្ចុក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ក្នុងនោះមានសង្កាត់ព្រះពន្លាចំនួន១០នាក់ សង្កាត់កំពង់ស្វាយចំនួន១នាក់ និងសង្កាត់អូរអំបិលចំនួន១នាក់។
ដោយទ្បែក លោកវេជ្ជបណ្ឌិត អ៊ាវ តារាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណបានគូសបញ្ជាក់ថា ក្រោយពេលដែលប្រជាពលរដ្ឋចំនួន១២នាក់ក្នុងក្រុងសិរីសោភ័ណបានពុលនំបញ្ចុ្កក ត្រូវបានសាច់ញាតិបញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ឃើញមានអាការក្អួតចង្អោ ឈឺក្បាលវិលមុខ ទឹកមុខស្លេកស្លាំងត្រូវបានគ្រូពេទ្យព្យាបាលភ្លាមៗ និងដាក់សេរ៉ូមចាក់ថ្នាំព្យាបាល។ រហូតដល់ល្ងាចថ្ងៃដដែល ឃើញថាអាការបានធូរស្រាលក៏ឱ្យត្រឡប់ទៅផ្ទះវិញ។
ទន្ទឹមនឹងនោះ ខណៈពេលប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ឃើញវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទបានចុះសួរសុខទុក ព្រមទាំងនាំយកថវិកាជូនផងដែរ។
តាមការសនិ្នដ្ឋានរបស់គ្រូពេទ្យការពុលនេះអាចមកពីបន្លែ ព្រោះអ្នកដែលបានហូបនំបញ្ចុក មិនបានដាក់បន្លែ គឺមិនមានអាការពុលនោះទេ។ យ៉ាងណាក្តី មន្ត្រីសុខាភិបាលនឹងយកសំណាកទៅក្រសួងសុខាភិបាលពិនិត្យបន្ថែម ចំពោះលទ្ធផលយ៉ាងណា SBM News នឹងជម្រាបជូននៅពេលក្រោយ៕
Post a Comment