មន្ត្រីយោធាម្នាក់ផឹកស៊ីជាមួយក្រុមគ្រួសារ ខឹងបងថ្លៃ ណែនាំ បោ.កកែវ ថានិយាយដដែលៗសាំពេក ក៏ទៅយកកាំភ្លើ.ងពីបន្ទាយមកបា.ញ់ខ្លួនឯង បណ្ដាលឱ្យរងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ផឹកស៊ីជាមួយក្រុមគ្រួសារ ហើយក៏ខឹងជាមួយនឹងបងថ្លៃដែលណែនាំរឿងបោ.កកែវ និយាយដដែលៗសាំពេក ក៏ដើរទៅយកកាំភ្លើ.ងពីបន្ទាយមកបា.ញ់ខ្លួនឯងដេកដួលនៅក្នុងថ្លុកឈា.ម បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរតែម្តង បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្ទះម្តាយក្មេក ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
បុរសដែលបា.ញ់ខ្លួនឯងខាងលើនេះ មានឈ្មោះ តេង ឃាង អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីយោធានៅនាយកដ្ឋានពិសេខ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម រស់នៅភូមិតាងួន ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ នឹងមានស្រុកកំណើតនៅភូមិត្នោតជ្រុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ នៅវត្តអង្គតាមិញ មានកម្មវិធីស្រង់ព្រះ និងបា.ញ់ទឹកលេងកម្សាន្ត ហើយក្រុមគ្រួសារខាងជនរងគ្រោះក៏ទៅចូលរួមលេងបា.ញ់ទឹកនៅពេលថ្ងៃផងដែរ រហូតដល់យប់ទើបមានការផឹកស៊ីជួបជុំជាមួយឪពុកក្មេក បងថ្លៃ និងបងប្អូនជិតខាងប្រមាណ៥ទៅ៦នាក់។
ប្រភពដដែលបន្តថា បន្ទាប់មកជនរងគ្រោះបានទាស់ពាក្យសម្ដីជាមួយបងថ្លៃដែលមានវ័យប្អូនជាងខ្លួន ហើយក៏បោ.កកែវនៅកន្លែងផឹកស៊ីផ្ទះម្តាយក្មេកតែម្តង។ ពេលនោះបងថ្លៃនិយាយណែនាំជនរងគ្រោះកុំអោយផឹកស៊ីបោ.កកែវដូចអញ្ចឹងទៀត តែការណែនាំជាច្រើនលើកជាច្រើនសារធ្វើឲ្យជនរងគ្រោះខឹងក៏ជិះម៉ូតូចេញពីកន្លែងផឹកស៊ីនៅផ្ទះម្តាយក្មេក ទៅក្នុងបន្ទាយរបស់ខ្លួនដែលនៅជិតកន្លែងកើតហេតុបាត់។
ប្រភពដដែលបន្តទៀតថា លុះមួយសន្ទុះក្រោយមក ជនរងគ្រោះត្រឡប់មកពីបន្ទាយវិញ បានលាឪពុកម្តាយក្មេក រួចដើរចេញពីផ្ទះមកខាងក្រៅ ហើយក៏ដកកាំភ្លើ.ងខ្លីពណ៌ខ្មៅពីចង្កេះបា.ញ់ទៅលើចំនួន២គ្រាប់ បន្ទាប់មកបា.ញ់ខ្លួនឯងពីចង្ការខាងស្តាំធ្លាយទៅគុម្ពត្រចៀកខាងឆ្វេង បណ្តាលឲ្យដេកដួលនៅក្នុងថ្លុកឈា.មរងរបួសធ្ងន់ធ្ងរតែម្តង។ ភ្លាមៗនោះ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ (លោកសង្ឃ) ដើម្បីសង្គ្រោះផងដែរ។
ក្រោយពេលកើតហេតុ បន្ទាប់ពីជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងកងរាជអាវុធហត្ថ ព្រមទាំងផ្នែកជំនាញចុះមកកន្លែងកើតហេតុភ្លាមៗ ដើម្បីសួរនាំពីក្រុមគ្រួសារ និងអ្នកជិតខាង៕
Post a Comment