សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាគមឧកញ៉ាកម្ពុជារួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ចូលជួបសំដែងការគួរសម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការផ្តួចផ្តើមបង្កើតឡើង នូវសមាគមឧកញ៉ាកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងការណែនាំមួយចំនួនដល់សមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សម្តេចតេជោបានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់ត្រូវពង្រឹងសាមគ្គីភាព រួមគ្នាជួយដល់កិច្ចការសង្គម ធ្វើសកម្មភាពមនុស្សធម៌ និងចេះជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ការរស់នៅក្នុងសង្គមមួយបាន មិនអាចកាត់ផ្តាច់គ្នាឡើយរវាងអ្នកមាន និងអ្នកខ្សត់ខ្សោយ គឺត្រូវចេះយកអាសាគ្នា ដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគម តាមការគោរពអញ្ជើញរបស់អ្នកឧកញ៉ា ប្រធានសមាគម និងទទួលស្គាល់ សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឲ្យអ្នកមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។
អ្នកឧកញ៉ា លី យ៉ុងផាត់ មានប្រសាសន៍ជំរាបជូនសម្តេចតេជោ អំពីការបង្កើតឡើងនូវសមាគមឧកញ៉ាកម្ពុជា ព្រមទាំងទស្សនវិស័យ និងបេសកកម្មរបស់សមាគម និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយល់ព្រមធ្វើជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា។
អ្នកឧកញ៉ា លី យ៉ុងផាត់ បានចាត់ទុកវត្តមានសម្តេចតេជោ ប្រធានកិត្តិយសរបស់សមាគ គឺជាការបង្ហាញនូវកាយវិការដ៏ថ្លៃថ្លារបស់សម្តេចតេជោក្នុងការយកចិត្តទុកដាក់ និងលើកស្ទួយដល់សមាគម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកសាងជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។
អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានឆ្លៀតពីការងារដ៏មមាញឹកអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាល សមាជិក សមាជិកាសមាគមឧកញ៉ាកម្ពុជា បានជួបសម្តែងការគួរសម ជាពិសេសបានផ្តល់នូវអនុសាសន៍ល្អៗ ដើម្បីសមាគមធ្វើសកម្មភាពបានត្រឹមត្រូវ និងជាចំណែកជួយដល់សង្គមជាតិ ក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់សម្តេចតេជោ៕
Post a Comment