ត្រីចិញ្ចឹម ងាប់ ដោយសារអាកាសធាតុក្តៅ មានប្រមាណជិត ៤០០តោន នៅខេត្តកំពង់ឆ្នាំង
គិតត្រឹមរសៀលថ្ងៃទី៦ ខែមេសានេះ បរិមាណត្រីចិញ្ចឹម ដែលងា.ប់ ដោយសារអាកាសធាតុក្តៅ មានប្រមាណជិត ៤០០តោនហើយ។ នេះបើតាមការបូកសរុបរបស់មន្ត្រីជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។
របាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីចិញ្ចឹម ក្នុងបែនៅក្នុងភូមិចុងកោះ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មានចំនួន ១៦០បែ។ ចំពោះផលប៉ះពាល់ ដែលបណ្ដាលមកពីអាកាសធាតុក្តៅ និងមានទឹកភ្លៀងធ្លាក់កក់ខែមួយមេផង បានបណ្ដាលឲ្យងាប់ត្រី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមេសា មានចំនួនសរុបចំនួន ៣៦២តោន។ ក្នុងនោះ រួមមាន ត្រីខ្យា ចំនួន ៩០បែ ងា.ប់អស់ ២៧០តោន ត្រីឆ្ដោរ ចំនួន ២៥ បែ ងា.ប់ អស់ ២៥តោន ត្រីចម្រុះ មានត្រីឆ្ពិន ត្រីព្រលូង ត្រីសណ្ដាយ ត្រីប្រា សរុប ៤៥បែ បានងា.ប់អស់ ៦៧ តោន។
ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី៦ ខែមេសានេះស្ថានភាពបានធូរស្រាលហើយ ដោយសារតែម្ចាស់បែត្រីទាំងនោះ បានអូសបែត្រីរបស់ខ្លួន ចេញពីកន្លែង ចិញ្ចឹម យកមកដាក់នៅទីទឹកជ្រៅ និងអូសចុះឡើងៗ។ ចំណែកខ្លះទៀត បានប្រើម៉ាស៊ីនបាញ់ខ្យល់អុកស៊ីសែន បញ្ចូលក្នុងបែ។
ក្រុមអាជីវករ ជាអ្នកចិញ្ចឹមត្រីទាំងនោះ បានសំណូមពរដល់អាជ្ញាធរខេត្ត សូមឲ្យពួកគាត់ដាក់បែត្រីទាំងនោះ នៅទីទឹកជ្រៅ ជាបណ្ដោះអាសន្ន ទម្រាំដល់ពេលចាប់ត្រីលក់។
គួរបញ្ជាក់ដែរថា ចំពោះត្រី ដែលបានងា.ប់ ពួកគាត់ខ្លះ ក៏ចែកឱ្យអ្នកជិតខាង ប្រឡាក់ ធ្វើប្រហុក ផ្អក។ ខ្លះទៀត ក៏មកយកលក់នៅទីផ្សារ ក្នុងតម្លៃថោក។ ចំណែកឯត្រីខ្លះទៀត ទើបងា.ប់ថ្មីៗ ត្រូវបានក្លាសេ ដើម្បីយកចូលលក់ក្នុងផ្សារ និងដឹកចេញ ទៅក្រៅខេត្ត៕
Post a Comment