ស្នងការ​ខេត្តបន្ទាយមានជ័យ អំពាវនាវ​ដល់​ពលរដ្ឋ កុំ​លេង​គប់​ទឹក​តាម​ដងផ្លូវ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ហាម​លេង​គប់​ទឹក​តាម​ដងផ្លូវ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ។

លោកស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន ឲ្យ​បាន​ជ្រាប​ថា ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក៏​ដូច​ជា​រក្សា​បាន​នូវ​ប្រពៃណី​ជាតិ និង​សេចក្ដី​ថ្លៃថ្នូរ​ដ៏​ផូរផង់​របស់​ជាតិ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មួយ​ៗ ជា​យុវជន យុវនារី សិស្ស​និស្សិត ទាំងអស់​ដូច​ខាងក្រោម ៖

១- ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ។

២- ចូលរួម​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ ដោយ​ប្រុង​ប្រយ័ត្ន និង​ម្ចាស់​ការ​ខ្ពស់​ចំពោះ​ភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បី​រក្សា​បាន​នូវ​ទ្រព្យសម្បត្តិ អាយុជីវិត​ផ្ទាល់ខ្លួន និង​អ្នក​ដទៃ ។

៣- ចូលរួម​លេងល្បែង​ប្រជាប្រិយ បែប​ប្រពៃណី​គ្រប់​ប្រភេទ និង​ចៀសវាង​ដាច់ខាត​ការ​លេង​បាញ់​ទឹក ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ប៉ាត​ម្សៅ ឬ​ជិះ​ម៉ូតូ​បង្ហោះ​ប្រដេញ​គ្នា​លេង​នៅ​តាម​ផ្លូវ ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ ប៉ះពាល់​ដល់​អាយុជីវិត​ផ្ទាល់ខ្លួន និង​អ្នកដំណើរ​។

ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង អុជ​ផាវ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ ក៏​ដូច​ជា​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ៕





Powered by Blogger.