អ្នកស្រុករស់នៅជុំវិញស្ពានបុរាណនៅកំពង់ក្តី តែងធ្វើពិធីមួយនេះ បន្ទាប់ពីចូលឆ្នាំខ្មែរ
ជារៀងរាល់ឆ្នាំ ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាផ្លូវការបញ្ចប់ អ្នកស្រុករស់នៅជុំវិញស្ពានបុរាណនៅកំពង់ក្តី មានភូមិត្រាច ភូមិប្រាសាទ ភូមិរំលងជាដើម (ចំណុះជើងវត្តកំពង់ក្តី) តែងមូលមាត់គ្នារៀបចំកិច្ចពិធីឆ្លងឆ្នាំ ដែលជាទំនៀមបុរាណបានបន្តរៀងមកជាយូរយារណាស់មកហើយ។
ពិធីនេះក៏មានអ្នកភូមិផ្សេងទៀតនៅក្បែរៗបានសហការចូលរួមដែរ ដែលជាបរិបទវប្បធម៌តែមួយ មិនគិតពីព្រំដែនរដ្ឋបាលបច្ចុប្បន្ន។ ពេលព្រឹកអ្នកស្រុករៀបចំកិច្ចពិធីនៅក្នុងបរិវេណវត្តកំពង់ក្តីតាមទំនៀមព្រះពុទ្ធសាសនា។ ពេលរសៀលគឺមានសារសំខាន់ទាក់ទងនឹងទំនៀមអ្នកស្រុកផ្ទាល់ ដោយពុំមានវត្តមានព្រះសង្ឃទេ។ គឺចាស់ទុំព្រឹទ្ធាចារ្យក្នុងសហគមន៍ដឹកនាំកិច្ចពិធី។
កម្មវិធីដំបូង អ្នកស្រុកបានរៀបចំពិធីបន់ស្រន់សុំម្ចាស់ទឹកដី ដែលជាអ្នកតាប្រចាំសហគមន៍នៅទីមួយខាងឥសានស្ពានកំពង់ក្តី ដែលមានឈ្មោះបីផ្សេងគ្នា គឺអ្នកតាគង់ អ្នកតាសំរោងឬដំបងដែក និងអ្នកតាមុខរាហ៍។ គ្រឿងរណ្តាប់នៅចំពោះអ្នកតាទាំងបីនេះមានភ្ញីផ្កា បាយសី គ្រឿងក្រអូប ទៀនធូប ផ្លែឈើ បង្អែម ភេសជ្ជៈ ចំអាបមាន់ស្ងោរ ក្បាលជ្រូក បាយសម្លច្រើនមុខជាដើម ដែលមានដូចគ្នានឹងកិច្ចពិធីបួងសួងដទៃទៀតដែរ។ ប៉ុន្តែនៅទីនេះ មានអ្វីដែលប្លែកហើយពុំមាននៅទីណាក្នុងពិធីរបៀបនេះ នោះគឺខ្សែព្រ័ត្រ ស្រូវ រនាស់ ចប ជនីក អំបោស។ល។ រីឯដំណើរការកម្មវិធីវិញ មានបញ្ចូលរូបស្នងលោកតាទាំងបី ភ្ជួររាស់ កាប់គាស់ បោសសម្អាត ព្រោះស្រូវ រាំជារបាំឆ្វែលខ្ទមអ្នកតាបីជុំ និងបញ្ចប់ដោយទាញព្រ័ត្រដែលមានម្ខាងបុរស និងម្ខាងស្រ្តី។
បន្ទាប់ពីបញ្ចប់កិច្ចនៅខ្ទមអ្នកតាទាំងបីរួចហើយ អ្នកចូលរួមបានលើកគ្នាទៅកាន់ស្ពានបុរាណកំពង់ក្តីដើម្បីបន្តកិច្ចពិធីបន្ទាប់តាមទម្លាប់។ ជាដំបូងអ្នកស្រុកមកធ្វើកិច្ចពិធីបូងសួងនៅក្បាលស្ពានខាងកើតផ្នែកឦសាន ដោយមានគ្រឿងរណ្តាប់ផ្កាភ្ញី គ្រឿងក្រអូប ផ្លែឈើ ភេសជ្ជៈ បង្អែមចំអាប តែគ្មានស្រូវនិងគ្រឿងកសិកម្មទេ។ ពិធីបួងសួងដំណើរការអមដោយភ្លេងបុរាណផង។ ពេលចប់កិច្ចបួងសួង អាចារ្យតម្រូវឱ្យអ្នកស្រុកយកទឹកទៅលាងនាគដែលជាបង្កាន់ដៃ និងក្បាលស្ពានផង។
បន្ទាប់មក អ្នកស្រុកបានរៀបចំទាញព្រ័ត្រនៅលើដងស្ពានបុរាណផ្ទាល់បន្តទៀត ដែលលើកទីមួយ នៅខាងលិចជាក្រុមនារី ខាងកើតជាក្រុមបុរស។ លើកទី២ ខាងកើតប្តូរមកក្រុមបុរសម្តង ខាងលិចប្តូរមកក្រុមនារីវិញ។ នៅចន្លោះពេលសម្រាកពីទាញព្រ័ត្រម្តង តែងមានការចាក់ទឹក និងរាំឆ្វែលជារង្វង់ រួចបន្តទាញបន្តទៀត រហូតដល់ចំនួនកំណត់របស់លោកអាចារ្យ និងចុងក្រោយអ្នកភូមិនាំគ្នាទៅទាញព្រ័ត្រផ្តាច់នៅសាលាឆទានជាកិច្ចបញ្ចប់។ សូមបញ្ជាក់ថា ពិធីទាញព្រ័ត្រនេះ បានរៀបចំមិនដែលអាក់ខានទេ ទោះនៅក្នុងសម័យកូវិតក៏ដោយ តែគ្រាន់តែបន្ថយចំនួនមនុស្សចូលរួម និងអនុវត្តតាមវិធានការណ៍សុខាភិបាល។
ឆ្លើយតបនឹងសំណួរមូលហេតុនៃការរៀបចំកិច្ចពិធីដ៏មានសារសំខាន់នេះ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ បានផ្តល់ការយល់ឃើញរបស់លោកមកថា «នេះមិនមែនពិធីបុណ្សទាក់ទងនឹងព្រះពុទ្ធសាសនាទេ។ ជាប្រពៃណី ទំនៀមទម្លាប់របស់សហគមន៍មនុស្សជុំវិញស្ពានបុរាណនៅកំពង់ក្តីនេះផ្ទាល់។
មិនមែនជាចៃដន្យ ដែលពិធីនេះរៀបចំទ្បើងនៅថ្ងៃ១កើត ខែពិសាខ ពោលគឺបានឆ្លងផុតចេត្រ ផុតឆ្នាំចាស់ បានចូលមកឆ្នាំថ្មី ឬនិយាយបានម៉្យាងទៀតថា វេលាដែលចេញផុតពីវដ្តកសិកម្មចាស់ ចូលមកវដ្តកសិកម្មថ្មី គឺរដូវវស្សាបានមកដល់ហើយ។ អ្នកស្រុកបានរៀបចំជាកិច្ចពិធីតាមទំនៀមទម្លាប់របស់ខ្លួន ទាញព្រ័ត្រឆ្លងឆ្នាំ ដោយផ្តាច់ព្រ័ត្រជាឆ្នាំចាស់ ដើម្បីឆ្លងមកឆ្នាំថ្មី។ ចាក់ទឹកលើកនាគ ចាក់ទឹកលើមនុស្សចូលរួមជាកិច្ចថានឹងបានភ្លៀងខែវស្សា នាគបានទម្លាក់ទឹកមកពីលើមេឃ។ បោសសម្អាតលានស្រែ ភ្ជួរាស់ កាប់គាស់ សាបព្រោះស្រូវ គឹការងារកសិកម្មរបស់សហគមន៍បានមកដល់ ដោយមានម្ចាស់ទឹកដី អ្នកតាទាំងបីឱ្យពរជ័យ បានភ្លៀងច្រើន គ្មានរន្ទះ ទទួលបានខ្យល់ស្លូត ជៀសផុតរោគភ័យ កសិផលបានច្រើន សហគមន៍ចម្រុងចម្រើន»៕
Post a Comment