វៀតណាម២នាក់ លួចដាំកញ្ឆា១ហិកតានៅមណ្ឌលគិរី ត្រូវចាប់ខ្លួន ( ថ្មីៗ )

ខេត្តមណ្ឌលគិរី៖ កម្លាំងនគរបាល បានចុះទៅបង្ក្រាបទីតាំង១កន្លែង ដែលលួចដាំកញ្ឆា ក្នុងភូមិម៉េប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដោយចាប់បានបុរសជនជាតិវៀតណាម២នាក់ជាជនល្មើស។ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបង្ហោះព័ត៌មាននេះ លើទំព័រហ្វេសប៊ុករបស់ខ្លួន។ 

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី បា្រប់សារព័ត៌មាន តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះថា ផ្ទៃដីដែលជនជាតិវៀតណាម ប្រើប្រាស់សម្រាប់ដាំកញ្ឆា មានទំហំប្រមាណ១ហិតា។ លោក បន្តថា ដើមកញ្ឆាទាំងនោះ ទើបនឹងត្រូវបានដាំចន្លោះពី៣ខែទៅ៤ខែប៉ុណ្ណោះ ដោយមិនទាន់ទទួលបានផលនោះទេ។ លោក បន្ថែមថា ការដាំកញ្ឆា ត្រូវការពេលពី៦ខែទៅ៨ខែ ទើបអាចប្រមូលផលបាន។ លោកស្នងការ បញ្ជាក់ដូច្នេះថា៖«យើង បង្ក្រាបទាន់ មិនទាន់នាំចេញទៅក្រៅទេ»។ 
 
បើតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កូនដើមកញ្ឆាទាំងនោះ មានជាង១ម៉ឺនដើម ហើយត្រូវបានសមត្ថកិច្ច ដុតកម្ទេចចោល។ ដីសម្រាប់ដាំដើមកញ្ឆានោះ គឺជនជាតិវៀតណាម ជួលពីប្រជាពលរដ្ឋខ្មែរ។ ជនជាតិវៀតណាមទាំង២នាក់ ដែលត្រូវចាប់ខ្លួន មានម្នាក់អាយុ៣២ឆ្នាំ និងម្នាក់ទៀតអាយុ២៧ឆ្នាំ។ 
 
លោក ឡោ សុខា អះអាងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា ជនជាតិវៀតណាមទាំង២នាក់នោះ ត្រូវបានបញ្ជូនទៅតុលាការហើយ។ លោក ផ្តល់ព័ត៌មានទៀតថា កម្លាំងសមត្ថកិច្ច កំពុងតាមចាប់មេខ្លោង ដែលនៅពីក្រោយការដាំកញ្ឆានេះ៕




Powered by Blogger.