ប្អូនស្រីរបស់គីម ជុងអ៊ុន រិះគន់ហ្សេឡេនស្គី អំពីមហិច្ឆតាសព្វាវុធនុយគ្លេអ៊ែរ
គីម យ៉ូ-ចុង (Kim Yo-jong) ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានវាយប្រហាររិះគន់របបដឹកនាំរបស់ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី ថាបង្ហាញ«មហិច្ឆតានុយគ្លេអ៊ែរ»និងជំនឿឆ្កួតៗថាខ្លួនអាចយកឈ្នះរុស្ស៊ី។
គីម យ៉ូ-ចុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន
គីម យ៉ូ-ចុង អនុប្រធាននាយកដ្ឋានព័ត៌មាននិងឃោសនាការរបស់បក្សកម្មករកូរ៉េ បានវាយប្រហាររបបដឹកនាំនៅទីក្រុងគៀវអំពីមហិច្ឆតានុយគ្លេអ៊ែរ បន្ទាប់ពីមុននេះក្នុងសប្តាហ៍នេះ មានញត្តិមួយនៅក្នុងគេហទំព័រការិយាល័យប្រធានាធិបតីអ៊ុយក្រែនអំពាវនាវអោយអាម៉េរិកដាក់តាំងសព្វាវុធនុយគ្លេអ៊ែរនៅក្នុងទឹកដីអ៊ុយក្រែន ឬរដ្ឋាភិបាលទីក្រុងគៀវអាចស្រាវជ្រាវផលិតសព្វាវុធដោយខ្លួនឯង។
លោកស្រី គីម យ៉ូ-ចុង បាននិយាយថា «ការនិយាយរបស់ហ្សេឡេនស្គីអំពីការដាក់សព្វាវុធនុយគ្លេអ៊ែររបស់អាម៉េរិក និងការអភិវឌ្ឍផលិតសព្វាវុធដូច្នេះដោយខ្លួនឯងជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រមួយនៃមហិច្ឆតានយោបាយដ៏គ្រោះថ្នាក់ខ្លាំងណាស់ដើម្បីពន្យារពេលនៅសេសសល់របស់គាត់ ដោយសារតែការលេងល្បែងដាក់ជោគវាសនាប្រទេសជាតិនិងប្រជាជនរបស់ខ្លួនជាមួយនឹងតំលៃត្រូវបង់ខាតបែបនេះ»។
លោកស្រីក៏បាននិយាយថា ការគិតរបស់ក្រុមមេដឹកនាំអ៊ុយក្រែនដែលថា ពួកគេអាចផ្ចាញ់រុស្ស៊ីបង្ហាញ«ជំនឿឆ្កួតៗ»របស់ពួកគេនិងថាពួកគេមិនអាចវាស់វែងឃើញផលវិបាកនៃអំពើរបស់គេបានទេ ព្រោះមហន្តរាយនុយគ្លេអ៊ែរគំរាមភាពគង់វង្សរបស់គេ។
ការលេចឮព័ត៌មានស្តីពីអ៊ុយក្រែនចង់អោយអាម៉េរិកដាក់សព្វាវុធនុយគ្លេអ៊ែរក្នុងទឹកដីរបស់ខ្លួនដើម្បីគំរាមរុស្ស៊ីវិញ កើតឡើងតែប៉ុន្មានថ្ងៃក្រោយពីប្រធានាធិបតីពូទីនរបស់រុស្ស៊ីបានអះអាងថា រុស្ស៊ីនឹងដាក់ពង្រាយសព្វាវុធនុយគ្លេអ៊ែរកលយុទ្ធនៅក្នងទឹកដីបេឡារូស ជាការឆ្លើយតបនឹងការដែលអាម៉េរិកដាក់សព្វាវុធដូច្នេះនៅអឺរ៉ុប៕
Post a Comment