ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សេចក្តីបកស្រាយបំភ្លឺ ពីការចុះអនុវត្ត ការងារកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយខុសពីការពិតរបស់សារព័ត៌មានមួយឈ្មោះ ចាងហ្វាង វីអេ ញូស ធីរី ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារ "អត់ឯកសណ្ឋាន ជិះម៉ូតូអត់មួកសុវត្ថិភាព អត់កញ្ចក់ អត់បណ្ណសម្គាល់ខ្លួន អត់ដីកាពីតុលាការ នាំគ្នាមកកាក់ម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ តើនេះឬជាវិជ្ជាជីវៈការងាររបស់សមត្ថកិច្ច ដែលមានតួនាទីបម្រើប្រជាពលរដ្ឋ?" ជាការចុះផ្សាយព័ត៌មានមិនពិត ។
ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ កម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីស្វែងរកមុខសញ្ញាលួច និងឆក់នាពេលកន្លងមក ក៏ប្រទះឃើញម៉ូតូមានការសង្ស័យមួយគ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ ទើបធ្វើការកាក់ឃាត់ដើម្បីសាកសួរ ប៉ុន្តែមានបុរសម្នាក់ដែលជាគ្នារបស់ម្ចាស់ម៉ូតូ និងជាអ្នកសារព័ត៌មានចេញមកស្រែកឆោឡោទៅកាន់សមត្ថកិច្ច។ ក្រោយពីការសាកសួរ និងដោយមានការសុំទោស សមត្ថកិច្ចបានអនុញ្ញាតឱ្យម្ចាស់ម៉ូតូធ្វើដំណើរបន្ត ។
សូមបញ្ជាក់ថាអ្នកសារព័ត៌មានមួយចំនួនតូច តែងតែមកតាំងខ្លួនជាមន្ត្រីអនុវត្តច្បាប់ សូមកុំធ្វើអ្វីលើសពីតួនាទីភារកិច្ចរបស់ខ្លួន ហើយអ្នកសារព័ត៌មានក៏គ្មានសិទ្ធមកប្រើប្រាស់ម៉ូតូអត់ពន្ធ ឬអត់ផ្លាកលេខនោះទេ។ ដូច្នេះអ្នកបើកបរនៅតាមដងផ្លូវ គ្មានផ្លាកលេខសមត្ថកិច្ចមានសិទ្ធឃាត់ដើម្បីធ្វើការសាកសួរ ពិនិត្យឯកសារ និងធ្វើការផាកពិន័យតាមច្បាប់ ដោយមិនចាំបាច់មានដីកាដូចអ្នកសារព័ត៌មានបាននិយាយនោះទេ។
សូមចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា កុំអាងខ្លួនជាអ្នកសារព័ត៌មាន បែរជាមកបើកបរល្មើសច្បាប់ ឬបើកបរម៉ូតូដែលគ្មានផ្លាកលេខនៅតាមដងផ្លូវ៕
Post a Comment