រដ្ឋមន្ត្រីព័ត៌មាន៖ ជិតបោះឆ្នោត មានព័ត៌មាន​ក្លែង​ក្លាយ​ច្រើន

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន បានលើកឡើងថា នៅជិតដល់​ថ្ងៃបោះ​ឆ្នោតនេះ មាន​ព័ត៌មាន​ក្លែងក្លាយច្រើន ដែល​អ្នកកាសែត ក៏ដូចជា​សាធារណជន​ ត្រូវបង្កើ​ន​ការ​ប្រុងប្រយ័ត្ន។

ក្នុងវេទិកាពិភាក្សា ដើម្បី​ «ពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន» រៀបចំដោយក្លឹប​អ្នក​កាសែត​​កម្ពុជា នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ ឬសាលា​គរុកោសល្យ ជាប់វិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ លោក ខៀវ កាញារីទ្ធ បានថ្លែងថា «នៅជិត​ដល់​ពេលបោះឆ្នោតនេះ ដំណឹងក្លែងក្លាយ​មានច្រើន។ យើង​ដឹងហើយថា ក្រសួងព័ត៌មាន កំពុង​រៀបចំ​ធ្វើវិសោធនកម្ម​ច្បាប់​ស្តីពីរបបសារព័ត៌មាន។ ប៉ុន្តែនៅពេលបោះឆ្នោតនេះ ក្រសួង​នឹងរៀបចំ​ចំណុចមួយសំខាន់បំផុត គឺអនុវត្តមាត្រាមួយ ដែលកំណត់ថា នៅពេលណាអ្នកកាសែត​សរសេរ​ខុស ហើយត្រូវគេ​ទាមទារ​ឱ្យកែតម្រូវ គឺត្រូវចុះផ្សាយទាំងស្រុង។ អីចឹង​ក្រសួង​កំពុងរៀបចំ​កន្លែងហ្នឹង ដើម្បីក្នុងពេលបោះឆ្នោតនេះ។ បើសិន​ជា​កាសែតនោះ មិនចុះផ្សាយ​នូវការកែតម្រូវទេ ​ក្រសួង​នឹងត្រូវបិទ​អាជ្ញាប័ណ្ណ»។​

ជាមួយ​នឹងការលើកឡើងដូច្នេះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏ដូចជា​វាគ្មិន​ជាច្រើនទៀត ដែល​​ជា​អ្នក​​កា​សែត​​ជើង​ចាស់​ជាតិ​ និង​អន្តរជាតិ ​បានក្រើនរម្លឹកដល់អ្នកកាសែតទាំងអស់ ត្រូវពង្រឹង​ក្រម​សីល​ធម៌​នៃ​​វិជ្ជា​​ជីវៈ​​​​សារ​​​ព័ត៌​​មាន​​។ ក្រម​​​​សីល​​​​ធម៌​​​​នៃ​​​​វិជ្ជា​​ជីវៈ​​​សា​រ​​ព័​ត៌​មាន ដែល​លោក​រដ្ឋ​មន្ត្រី ​ខៀវ កាញារីទ្ធ បញ្ជាក់​​ជា​​ថ្មី​​​ថា គឺ​ជាអាវក្រោះ សម្រាប់​អ្នកកាសែត៕




Powered by Blogger.