សម្តេចតេជោដាក់ចេញបទបញ្ជា៥ចំណុចសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម
ក្នុងឱកាសអញ្ជើ ញជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់នៅកោះពេជ្រល្ងាចថ្ងៃទី៣មេសាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវបទបញ្ជានិងគោលការណ៍សំខាន់ៗចំនួន៥ដើម្បីជំរុញប្រសិទ្ធភាពការងាររៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថាពេលវេលារបស់ម្ចាស់ផ្ទះក្នុងតំណាក់កាលចុងក្រោយនេះចាំបាច់ត្រូវការកម្លាំងសាមគ្គីភាពផ្ទៃក្នុងការគោរពវិន័យការងារតួនាទីភារកិច្ចនិងមានការទទួលខុសត្រូវខ្ពស់ដូច្នេះដើម្បីឲ្យមានប្រសិទ្ធភាពលើការងារចុងក្រោយនេះសម្តេចសូមដាក់ចេញនូវបទបញ្ជានិងជា គោ លការណ៍សំខាន់ៗដូចខាង ក្រោម៖
១.ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងសុខដុមរមនាការងារក្នុងគណៈកម្មាធិការជាតិ រៀបចំការប្រកួតនិងភាគីពាក់ព័ន្ធជាពិសេសត្រូវឯកភាពគ្នាជាគោលការណ៍ ដឹកនាំនិងអនុវត្តឲ្យមានប្រសិទ្ធភាព។
២.រដ្ឋបាលរាជធានី-ខេត្តទទួលការប្រកួតកីឡាទាំងអស់ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់សោភ័ណភាព អនាម័យនិងបរិស្ថានចាប់ពីពេល នេះតទៅ ។
៣. ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមសហការនិងទទួលសំណូមពរចាំបាច់នានារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតដើម្បីធានាប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុង ការរៀបចំព្រឹត្តិការណ៍ឲ្យទទួលបានជោគជ័យ។
៤.សូមសហព័ន្ធកីឡាជាតិថ្នាក់ដឹកនាំ គ្រូបង្វឹក និងអ្នកគាំទ្រចុះជួយជំរុញលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីក្នុងដំណាក់កាលចុងក្រោយនៃការប្រកួត ដើម្បីបន្ថែមកម្លាំងចិត្ត និងជំនឿចិត្តខ្ពស់ដល់កីឡាករ កីឡាការិនី ។
៥.ចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រកួតសូមលើកទឹកចិត្តឲ្យប្រើរថយន្តក្រុងឬរថយន្តរួមគ្នា
ដើម្បីកាត់បន្ថយការកកស្ទះសម្រួល ដល់ការដឹកជញ្ជូនប្រតិភូកីឡានិងភ្ញៀវអន្តរជាតិ។
សូមបញ្ជាក់ថា៖គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះគឺនៅសល់រយៈពេលតែ៣២ថ្ងៃទៀតប៉ុណ្ណោះនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលត្រូវ ប្រារព្ធពិធីបើកការប្រកួតនាថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២៣ខាងមុខ ៕
Post a Comment