សិស្សសាលា​៤​នាក់​នាំ​គ្នា​ទៅ​មើល​ការ​ប្រគំ​តន្ត្រី រួច​ចុះ​លេង​ទឹក​ជួប​គ្រោះ​អកុសល

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់ ខណៈ​សិស្សសាលា​ប្រុស​ចំនួន​៤​នាក់ នាំ​គ្នា​ចុះ​ទៅ​លេង​ទឹក​នៅ​ក្រោយ​អតីត​សាលាសង្កាត់​កំពង់ចាម​មាត់ទន្លេ ក្រុង​កំពង់ចាម បណ្ដាល​ឱ្យ​លង់​ស្លា​.​ប់ម្នាក់ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៣​។ ហើយ​ត្រូវ​បាន​ជីដូន ជួល​ទូក​បងប្អូន​ខ្មែរ​អ៊ី​ស្លា​ម ជួយ​មុជទឹក​រក​ឃើញ​នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៣​នេះ ដោយ​ស្រង់​មក​ដាក់​លើគោក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នា​ចោម​រោម​​មើល​យ៉ាងច្រើន​កុះករ​។

បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ ទិ​ត្យ វង់​ស៊ី​ដែន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ទី​៨ សង្កាត់​កំពង់ចាម ក្រុង​កំពង់​ចាម បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប៉ុន្មាន​ជា​៨​យប់ ថ្ងៃ​ទី​០១ ខែមេសា កូនប្រុស​របស់​គាត់​ឈ្មោះ ឈឹ​ម ណា​វ៉ា​ន់ អាយុ​១២​ឆ្នាំ រួម​នឹង​មិត្តភក្តិ​ប្រុស​៣​នាក់​ទៀត​នាំ​គ្នា​ចេញពីផ្ទះ​មក​មើល​ការ​ប្រគំ​តន្ត្រី​នៅ​ទីវាល​មួយ​កន្លែង ក្រោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ជាប់មាត់​ទន្លេមេគង្គ​។ បន្ទាប់​មក ស្រាប់តែ​មាន​សមត្ថកិច្ច​ផ្ដល់​ដំណឹង​ថា មាន​ក្មេង​ប្រុស​ជ​ជំទង់​ម្នាក់​លង់ទឹក​ស្លា​.​ប់​នៅ​ក្រោយ​អតីត​សាលាសង្កាត់​កំពង់ចាម​មាត់ទន្លេ​។ គ្រាន់តែ​ឮដំណឹង​បែប​នេះ​ភ្លាម គាត់​រន្ធត់​ក្នុង​ចិត្ត និង​ធ្វើ​ដំណើរ​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កំពង់ចាម ដើម្បី​ឲ្យ​សមត្ថកិច្ច​សួរនាំ​ពី​រឿងហេតុ​ខ្លះ​ៗ​។

ស្ត្រី​ខាងលើ​រៀបរាប់​បន្ត​ថា កូនប្រុស​របស់​គាត់​រៀន​ថ្នាក់​ទី​៧ នៅ​អនុ​វិទ្យាល័យ​ដីដុះ ក្រុង​កំពង់ចាម ហើយ​ក្មេង​ប្រុស​ជំទង់​ដែល​លង់ទឹក​ស្លា​.​ប់​នោះ​ឈ្មោះ ណៃ ជា​ខ្មែរ​-​អ៊ី​ស្លា​ម មាន​មាឌធំ​។ នៅ​ក្នុង​ហេតុ​ការណ៍​យប់​ថ្ងៃ​ទី​០១ ខែមេសា នោះ មាន​មិត្ត​ភ​ក្កិ​របស់​គេ​២​នាក់​ចុះ​ទឹក​ជួយ តែ​សំណាងល្អ​២​នាក់​នោះ​បាន​ទប់​បាវ​ខ្សាច់​ដែល​គេ​ដាក់​ទប់​ច្រាំង​ទន្លេ​កុំ​ឲ្យ​បាក់​នោះ​ជាប់ ដោយ​របូត​តែ​ដៃ​របស់​អ្នក​ទី​៣ ដែល​​មានឈ្មោះ​ណៃ ចូល​ទៅ​ក្នុង​ទឹកទន្លេ ជា​ហេតុ​បណ្ដាល​ឱ្យ​លង់​ស្លា​.​ប់​តែ​ម្តង​។ ហើយ​ក្នុង​ហេតុការណ៍​នោះ មិត្តភក្តិ​២​នាក់​ដែល​ទៅ​ជាមួយ​ប្រឹង​ទាញ​ឡើង​មក​លើគោក​ដែរ ប៉ុន្តែ​ទាញ​មិន​រួច​ឡើយ ដោយ​សារ​តែ​បាវ​ខ្សាច់​នោះ​មាន​កាន់​ស្លែ រអិល ទើប​ធ្វើ​ឱ្យឈ្មោះ​ណៃ ជួប​រឿង​អកុសល​បែប​នេះ​។

បន្ទាប់​ពី​ទទួល​ដំណឹង​គ្រោះ​អកុសល​ខាងលើ​នេះ ជីដូន​របស់​ជន​រង​គ្រោះ​ឈ្មោះ​ស្រស់ បាន​មក​ដល់​កន្លែង​កើតហេតុ និង​រក​ជួលទូកគេ ដើម្បី​មុជ​រក​ចៅប្រុស​របស់​គាត់​ឈ្មោះ​ណៃ តែ​ដោយសារ​យប់​ណាស់​ទៅ​ហើយ មិន​មាន​នរណា​ម្នាក់​ជួល​ឡើយ​។ ទើប​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ម៉ោង​ប្រមាណ​ជា​៨​ព្រឹក ក៏​បាន​ជួល​ទូក និង​រក​ឃើញ​ជន​រង​គ្រោះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មាត់ច្រាំង​ឡើយ​។

បើ​តាម​អ្នក​ជិតខាង​ម្នាក់​ឈ្មោះ ជា សុខ​ហន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់​ចាម ដែល​មក​មើល​ហេតុការណ៍​ស្រង់​សាកស​.​ព​ជន​រង​គ្រោះ​ពី​ក្នុង​ទឹកទន្លេ បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​មានផ្ទះ​នៅ​ជាប់​នឹង​ផ្ទះ​របស់​ក្មេង​ប្រុស​ជំទង់​ឈ្មោះ​ណៃ ដែល​ជា​ក្មេង​ស្លូត រៀន​នៅ​អនុ​វិទ្យា​ល័យ​ដីដុះ ក្រុង​កំពង់ចាម ហើយ​ឪពុក​ម្ដាយ​របស់​គេ​បាន​លែងលះ​គ្នា ហើយ​រាល់ថ្ងៃ ចៅប្រុស​រូប​នេះ​គឺ​រស់នៅ​ជាមួយ​ជីដូន​ឈ្មោះ​ស្រស់ ចំណែក​ម្ដាយ​វិញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​រក​ថវិកា​មក​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​។

ចំណែក​ក្មេង​ប្រុស​ឈ្មោះ នឿ​ន តុលា អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៤ នៅ​សាលា​បឋម​សិក្សា​ទក្សិណ ក្រុង​កំពង់ចាម ក៏​រៀបរាប់​ទាំង​បង្ហូរទឹកភ្នែក​ថា នៅ​យប់​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៣​នេះ ពួក​គេ​ទាំង​៤​នាក់​នាំ​គ្នា​ដើរ​ចេញពីផ្ទះ​មក​មើល​ការ​ប្រគំ​តន្ត្រី​នៅ​មាត់ទន្លេ​។ បន្ទាប់​ពី​អង្គុយ​លេង​នៅ​បង់​បាន​មួយ​ភ្លែត ស្រាប់តែ​ឈ្មោះ​ណៃ ប្រាប់​ថា រូបគេ​ចេះ​ហែល​ទឹក និង​បាន​ដើរ​ចុះ​តាម​ជណ្ដើរថ្ម​ជំរាល រួច​ឈរ​លេង​នៅ​មាត់ច្រាំង​លើ​បាវ​ខ្សាច់​នោះ​។

ក្មេង​ប្រុស​ខាងលើ​បន្ត​ថា គ្រានោះ​ឈ្មោះ​ណៃ បាន​ចុះ​លេង​ទឹក ហើយ​ពួក​គេ​២​នាក់​ទៀត​ក៏​ចុះ​លេង​ទឹក​ដែរ​។ ប៉ុន្តែ​គ្រោះ​អកុសល​ឈ្មោះ​ណៃ រអិល​ជើង និង​តោង​ពួក​គេ​ទាំង​២​នាក់ រហូត​ទាល់តែ​ដាច់ដង្ហើម រួច​របូតដៃ​លិច​ចូល​ទៅ​ក្នុង​ទឹកទន្លេ​តែ​ម្តង​។ ក្រោយ​ពី​កើតហេតុ ពួក​គេ​បាន​ស្រែកហៅ​មនុស្ស​នៅ​លើ​ច្រាំង​ទន្លេ ដើម្បី​ឲ្យ​ចុះ​ជួយ​ថា មាន​មនុស្ស​លង់ទឹក តែ​មិន​មាន​អ្នក​ណា​ជឿ និង​ចុះ​មក​ជួយ​អន្តរាគមន៍​នោះ​ឡើយ​។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៣ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កំពង់ចាម សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ព្រមទាំង​ក្រុម​គ្រូពេទ្យ បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ក្មេង​ប្រុស​ឈ្មោះ តូ​ហ្វា នី​តណៃ អាយុ​១៤​ឆ្នាំ គឺ​ពិតជា​លង់ទឹក​ស្លា​.​ប់​ពិតប្រាកដ​មែន បន្ទាប់​ពី​ពិនិត្យ​រួច ក៏​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ជីដូន ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​បងប្អូន​ខ្មែរ​-​អ៊ី​ស្លា​ម​។





Powered by Blogger.