សម្តេចហ៊ុន សែន ចេញមុខការពារពលរដ្ឋ រឿងលោកស្រី តាំង ហ្គិចលៀង ថា «គីឡូធ្ងន់-គីឡូស្រាល»
សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ បានបញ្ចេញវិដេអូខ្លីបរបស់លោកស្រី តាំង ហ្គិចលៀង ម្ចាស់ដើម «អ្នកមាន-អ្នកក្រ»។ លោកស្រី តាំង ហ្គិចលៀង បានថ្លែងសូមទោសជាសាធារណៈចំពោះពាក្យសម្តីរបស់លោកស្រីម្តងជាពីរដង ពាក់ព័ន្ធនឹង «អ្នកមាន-អ្នកក្រ» និងម្ចាស់ «គីឡូធ្ងន់-គីឡូស្រាល»។
សម្តេចតេជោ ហ៊ុន សែន បានចេញសារជាសំឡេង ដោយ មិនយល់ស្រប នឹង សារជាសំឡេងថ្មី របស់លោកស្រី តាំង ហ្គិចលៀង ដែលបានប្រៀបធៀបប្រជាពលរដ្ឋ ដែលជាអ្នករិះគន់លើលោកស្រី ថាជាអ្នកមានគីឡូស្រាលៗ មិនអាចធ្វើអ្វីលោកស្រី បានទេ។ សម្តេចតេជោ ហ៊ុន សែន មិនយល់ស្របនឹងការប្រៀបធៀបប្រជាពលរដ្ឋ ថាប្រជាពលរដ្ឋ «គីឡូស្រាល» ហើយចាត់ទុកការប្រៀបធៀបរបស់លោកស្រី តាំង ហ្គិចលៀង ដូច្នេះ ថាជាការខុសឆ្គងធ្ងន់ធ្ងរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសហើយប្រកាសទៀត ឱ្យលោកស្រី តាំង ហ្គិចលៀង ដែលសម្តេចហៅថា ក្មួយស្រី ត្រូវឈប់បញ្ចេញមតិតទៅទៀត រឿងអ្នកមាន-អ្នកក្រ និងរឿងគីឡូធ្ងន់-គីឡូស្រាល។
សម្តេចតេជោ បានទទួលស្គាល់ពីការងារជួយសង្គមរបស់លោកស្រី តាំង ហ្គិចលៀង កន្លងមក ហើយសម្តេច បានគូសបញ្ជាក់ថា លោកស្រី តាំង ហ្គិចលៀង ចេញសារសូមទោសនាពេលនេះ គឺជាការល្អ និងត្រឹមត្រូវ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនៅឈរជាមួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ តាំងពីឆ្នាំ១៩៧៩ មក មិនមាននរណា ជាអ្នកមានទេ។ អ្នកមាន ដាច់ពូជហើយ។ ពេលនេះ គឺជាអ្នកមានជាន់ថ្មី។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវជាថ្មី ឱ្យប្រជាពលរដ្ឋ បញ្ឈប់វ៉ៃប្រហារគ្នា តាមបណ្តាញសង្គមតទៅទតៀ ហើយប្រកាសឱ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទទួលយកនូវការសូមទោសរបស់លោកស្រី តាំង ហ្គិចលៀង។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់លោកស្រី តាំង ហ្គិចលៀង យករឿងនេះ ដើម្បីរៀននិយាយឡើងវិញ កុំឱ្យប៉ះពាល់ដល់គ្រឹះមូលដ្ឋានរបស់ប្រទេសជាតិ គឺប្រជាជន។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា «ខ្ញុំត្រូវបង្ខំចិត្ត ចេញសារទាំងយប់នេះ ក្នុងគោលដៅតែមួយគត់ ដើម្បីឱ្យមានការស្រុះស្រួលជាតិ គ្មានការបែកបាក់។ បុគ្គលម្នាក់ មិនអាចធ្វើឱ្យសង្គមរង្គោះរង្គើលទេ។ ក៏ប៉ុន្តែប្រសិនបើមិនទប់ស្កាត់ ភ្លើងវណ្ណៈ ប្រឆាំងវណ្ណៈ ទំនាស់វណ្ណៈ ប្រឆាំងវណ្ណៈ តស៊ូវណ្ណៈ វានឹងផ្ទុះឡើង ដែលនឹងអាចក្លាយទៅជាវណ្ណៈសង្គមដ៏ធ្ងន់ធ្ងរ ដែលខ្ញុំព្រះករុណាខ្ញុំ ត្រូវតែចេញមក ដើម្បីការពារប្រជាពលរដ្ឋ ហើយក៏ទទួលយកនូវការសូមទោសរបស់ក្មួយស្រី ហើយសូមឱ្យក្មួយស្រី បញ្ឈប់មួយរយៈនេះ ព្រោះបើមិនអីចឹងទេ បន្តរឿង បន្តភាគ អត់ចេះចប់។ ប៉ុន្តែមិនមែនខុសមកពីអ្នកទិតៀនក្មួយទេ ខុសមកពីក្មួយ និយាយមិនបានត្រឹមត្រូវ ហើយនិយាយចុងក្រោយនេះ តាមរយៈសារឆ្លងឆ្លើយនោះ គឺបែបប្រមាថចំពោះប្រជាជន ដែលចាត់ទុកប្រជាជន ជាគីឡូស្រាល។ នេះជារឿងមិនត្រឹមត្រូវ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារបញ្ជាក់ទៅលោកស្រី តាំង ហ្គិចលៀង ថា «ប្រជាជន គឺជាទឹក យើងគឺជាទូក។ ទឹកអាចពន្លិចទូក។ សូមកុំភាន់ច្រលំថា ប្រជាជន គឺជាគីឡូស្រាលឱ្យសោះ។ យើងត្រូវបម្រើពួកគាត់។ នេះមិនមែនជាបញ្ហាតូចតាចនោះទេ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការរិះគន់តាមបណ្តាញសង្គមលើករណីលោកស្រី កាំង ហ្គិចលៀង ចាប់ពីពេលនេះតទៅ៕
Post a Comment