សម្តេចក្រឡាហោម ស ខេង អញ្ជើញបំពេញទស្សនកិច្ចនៅចិនរយៈពេល៣ថ្ងៃ ដើម្បីបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី

រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៨-៣០ ខែមេសា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទ នៃកម្ពុជាជាមួយក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ដោយសម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ឆ្នាំ២០២២ រវាងក្រសួងទាំងពីរ។

គួររំលឹកផងដែរថា កាលពីឆ្នា២០២១កន្លងទៅ ដោយស្ថិតក្នុងបរិបទកូវីដ១៩ ភាគីកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការការងារប្រចាំឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ (Video Conference, HUAWEI cloud meeting) នៅអគ្គស្នងការដ្ឋាននគរបាលជាតិ៕


Powered by Blogger.