ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពនូវសិទ្ធិសេរីភាពខាងជំនឿ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿង ញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង លោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងមហាកុដិ និងបណ្ណាល័យ នៅវត្តមុនីហេមវ័នតាវង ស្ថិតនៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពី ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។
នៅក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍវិស័យសាសនាដោយគោរពនូវសិទ្ធិសេរីភាពខាងជំនឿ និងការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត តាមរយៈការខិតខំពង្រឹង សុខដុមនីយកម្ម រវាងគ្រប់សាសនា ជាតិសាសន៍ ប្រឆាំងការរើសអើង បែងចែកជំនឿ សាសនា ក្នុងគោលបំណងប្រែក្លាយសក្តានុពល សាសនាទាំងអស់ទៅជាកម្លាំង សាមគ្គីជាតិតែមួយដ៏ខ្លាំងក្លា ក្នុងការការពារសន្តិភាព ឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា វិស័យពុទ្ធចក្រ នៅពេលបច្ចុប្បន្ននេះ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បី កសាងសុខសន្តិភាព សណ្តាប់ធ្នាប់ សាធារណៈ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គម តាមរយៈការផ្សព្វផ្សាយព្រះធម៌ឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ការអប់រំផ្លូវចិត្តការលើកកម្ពស់ សីលធម៌រស់នៅប្រជាជនគ្រប់រូប ដើម្បីឱ្យចៀសផុតពីអំពើអបាយមុខទាំងឡាយ ប្រាសចាក សីលធម៌សង្គម និងការអប់រំអំពីគ្រោះថ្នាក់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀនជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានឱ្យដឹងទៀតថា ក្នុងរយៈពេលជាង២ទសវត្សរ៍ចុង ក្រោយនេះ កម្ពុជាកសាងបាននូវសន្តិភាពពេញលេញគឺជាសមិទ្ធផលមិន អាចកាត់ថ្លៃបាន ដែលបាននាំមកជូនប្រជាជន និងប្រជាជាតិរបស់យើងដោយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាពិសេសតាមរយៈនយោបាយឈ្នះ ឈ្នះ ដោយបញ្ចប់បាន ទាំងស្រុង នូវសង្រ្គាមរ៉ាំរ៉ៃ បែកបាក់ បែងចែកទឹកដី ទៅជាការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ព្រះតេជគុណ ថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងណែនាំដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដី បងប្អូន ប្រជាពលរដ្ឋគ្រប់រូប និងវិស័យពាក់ព័ន្ធរួមគ្នា ការពារដាច់ខាតសុខសន្តិភាពស្ថិរភាពនយោបាយសណ្តាប់ធ្នាប់សង្គម និងចូលរួមអភិវឌ្ឍន៍ មូលដ្ឋានយើង។ ត្រូវសហការគ្នារៀបចំផែនការ សន្តិសុខ សណ្តាប់ធ្នាប់ និងវិធានសុខា ភិបាលនានាឱ្យបានម៉ត់ចត់នៅតាមវត្តអារាម និងគោលដៅទេសចរណ៍នានា ដើម្បីត្រៀមរៀប ចំជូនប្រជាពលរដ្ឋយើង និងអ្នកទេសចរ មកពីខេត្តនានាចូលរួមសប្បាយកម្សាន្តក្នុង សង្រ្កាន្តឆ្នាំថ្មីខេត្តបន្ទាយមានជ័យយើង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលនឹងចូលមកដល់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ។ បន្តរួមគ្នាអភិវឌ្ឍ និងធ្វើសុខដុមនីយកម្មគ្រប់ជំនឿ សាសនាដោយមិនរើសអើង ដើម្បីសុខសន្តិភាពការអភិវឌ្ឍមូលដ្ឋានរបស់យើងនិងចេះរួមរស់ ជាមួយគ្នាប្រកបដោយ សន្តិភាពនៅក្នុងសង្គមជាតិ ត្រូវបន្តចូលរួមអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលកម្ពុជា និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុង បញ្ជីបោះឆ្នោតត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតីកាលទី៧ នាពេលខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕
Post a Comment