តុលាការបង្គាប់ឱ្យដោះលែងបុរសម្នាក់ ដែលជិះម៉ូតូបុកគេឲ្យរបួស ក្រោយមានការព្រមព្រៀង យកសំណង៨០ម៉ឺនរៀល

កំពង់ឆ្នាំង៖ ចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ឆ្នាំង បានបង្គាប់ឲ្យដោះលែងបុរសជាកម្មករសំណង់ ឈ្មោះ កែវ សុន ដែលជាប់ឃុំក្រោមបទបើកបរធ្វេសប្រហែស បណ្តាលឲ្យអ្នកដទៃរងរបួស។ ចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឲ្យដោះលែងនេះ ទៅកាន់ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ 

ការឃុំខ្លួនបុរសវ័យ៥៧ឆ្នាំ ឈ្មោះ កែវ សុន បណ្តាលសមត្ថកិច្ច រងការរិះគន់ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន។ កូនប្រុសរបស់លោក កែ​វ សុន រៀបរាប់លើ គណនីហ្វសប៊ុកឈ្មោះ «សុភាព សែន» ថា ឪពុកខ្លួន បានជិះបញ្ច្រាសទិសបម្រុងទៅទិញថ្នាំ ហើយក៏បុកភាគីម្ខាងទៀតដោយអចេតនា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិផ្សារត្រាច ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ 
 
ម្ចាស់គណនី «សុភាព សែន» បន្តថា ឪពុកខ្លួន ព្រមផ្តល់សំណង៨០ម៉ឺនរៀល ហើយភាគីរងគ្រោះ យល់ព្រមទទួលយកសំណង៨០ម៉ឺនរៀលនោះ ដើម្បីបញ្ចប់រឿង និងមិនប្តឹងផ្តល់ទៅតុលាការឡើយ។ លើបណ្តាញសង្គម គេ ពិតជាឃើញមានកិច្ចសន្យារវាងភាគីបង្កហេតុ និងភាគីរងគ្រោះពិតមែន។ 
 
ប៉ុន្តែ ម្ចាស់គណនីហ្វេសប៊ុក «សុភាព សែន» អះអាងថា ទោះភាគីទាំង២ សម្រុះសម្រួល និងព្រមព្រៀងគ្នាបញ្ចប់រឿងរួចហើយក្តី ក៏នគរបាល នៅតែយកឪពុកខ្លួនទៅឃុំដដែល ចាប់តាំងថ្ងៃកើតហេតុមកម្ល៉េះ។ ម្ចាស់គណនីហ្វេសប៊ុក «សុភាព សែន» បានបង្ហោះរឿងរ៉ាវនេះ នៅថ្ងៃទី១៨ ខែមេសា ក្រោយឪពុកខ្លួនជាប់ឃុំអស់៥-៦ថ្ងៃរួចមក។ 
 
តាមរយៈបណ្តាញសង្គម កូនប្រុស បានអំពាវនាវដូច្នេះថា៖«សូមបងប្អូនជួយរកយុតិធម៌ឲ្យឪពុកខ្ញុំផង! សូមបងប្អូនជួយចែករំលែក (ស៊ែ) ឲ្យសម្ដេច ហ៊ុន សែន និងសម្ដេច ស ខេង ជួយរកយុតិធម៌ឲ្យឪពុកខ្ញុំផង»។  
 
អ្នកប្រើប្រាស់បណ្តាញសង្គម រិះគន់នគរបាលផង និងលើកជាចម្ងល់ផងថា ហេតុអ្វី ត្រូវឃុំបុរសឈ្មោះ កែវ សុន បើគាត់ និងភាគីរងគ្រោះ ព្រមព្រៀងគ្នាបញ្ចប់រឿងទៅហើយនោះ? ម្ចាស់គណនី «សុភាព សែន» ដែលជាកូនប្រុសរបស់បុរសជាអ្នកបង្កហេតុ អះអាងថា ហេតុការណ៍នេះ បង្ករបួសស្នាមដល់ភាគីរងគ្រោះបន្តិចបន្តួចប៉ុណ្ណោះ៕ 



 
Powered by Blogger.