សម្តេច ហ៊ុន សែន អបអរសាទរសាសនិកឥស្លាមដែលបញ្ចប់នូវពិធីអំណត់បួស ខែរ៉ាម៉ាឌន

រាជធានីភ្នំពេញ៖ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ និងជូនពរជ័យសិរីសួស្ដីជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោក ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃទី២២​ ខែមេសា ឆ្នាំ២០២៣ នេះ​។

សម្តេច ហ៊ុន សែន បានរំលេចសារតាមហ្វេសប៊ុកផ្លូវការថា៖ «ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជាដែលប្រកាន់យកសាសនាផ្សេងៗ»

ជាពិសេស សម្ដេចក៏បានអរគុណដល់សាសនិកឥស្លាមទាំងអស់ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ដោយជោគជ័យ​ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់​ សេចក្តីសម្រេច​សារាចរណែនាំ​ និងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនខ្មែរឥស្លាមបានអនុវត្តតាមការណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផងដែរ ដែលកម្ពុជាទទួលបានជោគជ័យដ៏ធំធេងសម្រាប់ជាតិ។​

ទោះបីកម្ពុជាទទួលបានជោគជ័យសមរភូមិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ហើយរាជរដ្ឋាភិបាលទើបបានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនបន្ថែមទៀត ពិសេសការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ធ្វើតេស្តរហ័ស​សម្រាប់ការជួបជុំក៏ដោយ​ ក៏ប៉ុន្ដែសម្តេចតេជា ហ៊ុន សែន នៅតែអំពាវនាវដល់បងប្អូន​ បន្តលើកកម្ពស់ការប្រុងប្រយ័ត្នអនុវត្ត ការពារ រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីបងប្អូន គ្រួសារ និង ជាតិរបស់យើងផងដែរ។

គួរបញ្ជាក់ផងដែរថា ខែ​រ៉ាម៉ាឌន (Ramadan) ជាខែដែលអ្នក​កាន់​សាសនា​ឥស្លាមត្រូវ​បំពេញ​កាតព្វកិច្ច​បួស​នៅ​ក្នុង​ខែ​ដ៏​ពិសិដ្ឋនេះ ពោលគឺ​តម​ចំណី​អាហារ ឬ​បួស ​ដែលមាន​រយៈ​ពេល​មួយ​ខែ។ ម្យ៉ាងវិញទៀតក្នុង​ខែ​នេះ​ដែរ សាសនិក​ឥស្លាម​ទាំង​អស់​ក្រៅ​ពី​បំពេញ​កាតព្វកិច្ច​បួស​នេះ​ហើយ ពួក​គាត់ត្រូវ​បំពេញ​កាតព្វកិច្ច និង​ភារកិច្ច​ជា​ច្រើន​ទៀត រួមមាន៖ ការ​សូត្រ​ធម៌ ឬ​គួរអាន ការ​បរិច្ចាគ​ទាន​ដល់​ជន​ក្រីក្រ និង​ការ​ផ្ដល់​ចំណី​អាហារ​ឱ្យ​អ្នក​បួស​ជា​ដើម៕


Powered by Blogger.