ប្រាយុទ្ធ ចាន់អូចា លើកឡើងពីបញ្ហាបទពិសោធរបស់គូរប្រជែង ក្នុង​ការ​បោះឆ្នោត​ដ៏​តានតឹងរបស់ថៃ

លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ដែលកំពុងតស៊ូយ៉ាងស្វិតស្វាញដើម្បីឈ្នះអាណត្តិថ្មី បាននិយាយថា ព្រះរាជាណាចក្រថៃ ត្រូវការមេដឹកនាំដែលមានបទពិសោធ ខណៈដែលបេក្ខជនបានចាប់ផ្តើមចុះឈ្មោះ សម្រាប់ការបោះឆ្នោតសកលនៅខែក្រោយ។

លោក ប្រាយុទ្ធ ចាន់អូចា
លោក ប្រាយុទ្ធ ចាន់អូចា

អតីតមេទ័ព ដែលបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ កំពុងជួបនឹងបញ្ហាប្រឈមដ៏លំបាកពីក្រុមប្រឆាំងដឹកនាំដោយលោកស្រី ពែតុងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កូនស្រីមហាសេដ្ឋីអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ ជុំវិញបញ្ហានេះ លោកបានប្រាប់ទូរទស្សន៍ថៃរ៉ាត(Thairath TV) ថា៖ «ប្រទេសថៃត្រូវការមនុស្សដែលចេះធ្វើការងាររបស់នាយករដ្ឋមន្ត្រី។ បើ​គេ​មិន​ធ្លាប់មានបទពិសោធ​ធ្វើ​ការងារទាំងអស់នេះទេ ពួកគេនឹងមិនអាចធ្វើវាបានឡើយ»។ប្រជាជនថៃនឹងទៅបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា នៅក្នុងការបោះឆ្នោតលើកដំបូង ចាប់តាំងពីព្រះរាជាណាចក្រក្បែរខាងកម្ពុជាមួយនេះ ត្រូវបានគ្របដណ្ដប់ដោយការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំ ដឹកនាំដោយយុវជនក្នុងឆ្នាំ២០២០។ យ៉ាងណាមិញ លោក ប្រាយុទ្ធ និងគណបក្សរបស់លោកទទួលបានប្រជាប្រិយភាពនៅក្នុងស្ទង់មតិ តិចជាងគណបក្សភឿថៃរបស់លោកស្រី ពែតុងតាន និងគណបក្សគាំទ្រកំណែទម្រង់ឆ្ពោះទៅមុខ «Move Forward» ដែលដឹកនាំដោយលោក ភីតា លឹម ចារឿនរ៉ាត់ (Pita Limjaroenrat)។

បើទោះបីជាគណបក្សប្រឆាំងកំពុងទទួលបានសំឡេងគាំទ្រច្រើននៅក្នុងការស្ទង់មតិក៏ដោយ រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ របស់ប្រទេសថៃ ចងក្រងដោយរបបយោធា ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់គណបក្សដែលខ្លួនពេញចិត្ត ពាក់ព័ន្ធទៅនឹងការបង្កើតរាជរដ្ឋាភិបាលថ្មី។

គួរបញ្ជាក់ថា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃ បេក្ខជនម្នាក់ត្រូវតែឈ្នះ​សំឡេងគាំទ្រភាគច្រើនក្នុងចំណោម សមាជិកសភាជាន់ទាបជាប់ឆ្នោតចំនួន៥០០នាក់ ព្រមទាំងសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាចំនួន២៥០រូបបន្ថែមទៀត។ ពាក់ព័ន្ធនឹងបញ្ហានេះ គណបក្សភឿថៃ បានអះអាងថា ខ្លួនកំពុងកំណត់គោលដៅ ដើម្បីទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត ដើម្បីរារាំងយោធាពីការបិទផ្លូវរបស់ខ្លួនទៅកាន់ការកាន់អំណាច ដូចដែលធ្លាប់បានកើតឡើងក្នុងឆ្នាំ២០១៩ នៅពេលដែលខ្លួនទទួលបានអាសនៈភាគច្រើន ប៉ុន្តែ​មិនត្រូវបានអនុញ្ញាតឱ្យបង្កើតរាជរដ្ឋាភិបាល៕


Powered by Blogger.