ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ
ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នៅព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះកម្ពុជា ក្នុង២០២០-២០២១ កំពុងរងគ្រោះដោយវិបត្តិកូវីដ-១៩យ៉ាងធ្ងន់ធ្ងរម្តេចក្តី តែកម្ពុជាមិនបញ្ឈប់ដំណើរការ នៃការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនោះទេ ក្នុងនោះរួមមាន៖ ផ្លូវជាច្រើនខ្សែនៅព្រះសីហនុ, សៀមរាប និងអគារមន្ទីរពេទ្យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរាប់មិនអស់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសអបអរសាទរ ដែលកម្ពុជាបានដំណើរការ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រកបដោយជោគជ័យ និងសប្បាយរីករាយ ព្រមទាំងជូនពរដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសប្រកបសុខភាពល្អ និងរីកចម្រើន។
សម្ដេចតេជោ បានរម្លឹកថា កាលពី៤៨ ឆ្នាំមុន ប្រជាពលរដ្ឋកំពុងតែឃ្លាតចាកឆ្ងាយចេញពីគ្រួសារពីរាជធានីភ្នំពេញ ដោយសារតែសង្រ្គាម ប៉ុន្ដែ៤៨ឆ្នាំក្រោយនេះ ប្រជាពលរដ្ឋកំពុងតែរីករាយជាមួយសន្ដិភាព សប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី រហូតដល់ជាង ១៣ លាននាក់នៅទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីគ្រាដ៏លំបាក ដែលកម្ពុជារងគ្រោះដោយវិបត្តិកូវីដ-១៩ ដែលកាលណោះវិធានការជាច្រើនត្រូវបានដាក់ចេញ ក្នុងនោះក៏មានត្រៀមក្តារមឈូស, មេន ផងដែរ ដែលកាលណោះមានការរិះគន់ វាយប្រហារ ពីក្រុមអគតិមួយក្តាប់តូចនៅក្រៅប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅស្រុកកំណើត នាពេលចូលឆ្នាំប្រៃណីជាតិខ្មែរ និងដើម្បីកុំឱ្យក្រុមរថយន្តក្រុងមួយចំនួនរកស៊ី ឆ្លៀតឱកាសកេងចំណេញពីប្រជាពលរដ្ឋ សម្ដេចអនុញ្ញាតដាក់ឱ្យមានការផ្ដល់រថយន្តក្រុងដឹកពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសពិធីនេះ។សម្ដេចតេជោ បានប្រកាសថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ ដែលបានផ្ដល់រថយន្តក្រុងដឹកពលរដ្ឋជាង៥ម៉ឺននាក់ ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា អំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការតឹងរឹងជាច្រើន ដើម្បីការពារឱ្យបាននូវអាយុជីវិតរបស់ប្រជាពលរដ្ឋ ពីព្រោះសម្ដេចមានភារកិច្ចការពារប្រជាជន ដូចជាឪពុក-ម្ដាយ ការពារកូនដូច្នោះដែរ។
សម្ដេចតេជោ បញ្ជាក់បន្ថែមថា កាតព្វកិច្ចសម្រាប់ពាក់ម៉ាស់ និងធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ត្រូវបានដកចេញកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក៏ប៉ុន្ដែបើប្រជាពលរដ្ឋយល់ថា មិនស្រួលខ្លួនអាចប៉ះពាល់ដល់អ្នកដទៃ គឺអាចពាក់ម៉ាស់បាន។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា ប្រសិនបើជាប្រជាពលរដ្ឋ និងសាធារណជនចង់ទទួលបានព័ត៌មានបានលឿន រហ័ស គឺចុចចូល Channel តេឡេក្រាមរបស់សម្ដេចផ្ទាល់ ដែលបច្ចុប្បន្ននេះមានអ្នកចុចចូលក្នុងChannelសម្ដេចមានជិត ៧០ម៉ឺននាក់រួចទៅហើយ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីវីរភាពរបស់កងទ័ពការពារបូរណភាពទឹកដី និងក្រុមគ្រូពេទ្យការពារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីជាតិ និងប្រជាជន និងអំពាវនាវសូមកុំឱ្យមានការរិះគន់ វាយប្រហារចំពោះកំហុសតិចតួចរបស់គ្រូពេទ្យ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការពង្រឹងសមត្ថភាពវិស័យសុខាភិបាល គឺជាកត្តាចាំបាច់ខ្លាំងណាស់ ដើម្បីកសាង និងធ្វើម៉េចឱ្យប្រជាពលរដ្ឋទទួលសេវាសុខភាព ក្នុងនោះមានការបង្កើនការព្យាបាលស្រ្ដី និងកុមារ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រវត្តិជូរចត់ ស្រក់ទឹកភ្នែក នៃការទទួលមរណភាពកូនច្បងរបស់សម្តេចក្នុងរបបប៉ុលពត ដោយគ្រូពេទ្យមានការធ្វេសប្រហែសបានធ្វើឱ្យធ្លាក់កូនរបស់សម្ដេចទើបសម្រាលពីដៃ។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រូពេទ្យបន្តខិតខំពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ រួមនឹងការខិតខំពង្រឹងសមត្ថភាពខាងផ្នែកបច្ចេកទេស ដើម្បីឱ្យសមនឹងប្រសិទ្ធនាមថា «គ្រូពេទ្យ ជាកងទ័ពអាវស»។
សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការឱ្យមានការពង្រឹងអក្ខរកម្មបច្ចេកវិទ្យាដល់មន្រ្ដីរាជការ ដោយសម្តេចបញ្ជាក់ថា «បើមន្រ្ដីមិនចេះប្រើស្មាតហ្វូន មិនចេះប្រើសារ បណ្ដាញសង្គមផ្សេងៗ គឺមិនត្រូវបានតែងតាំងឡើយ»។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មានរដ្ឋមន្រ្ដីខ្លះសម្ដេចបញ្ចូនសារទៅ៧ថ្ងៃ ទើបឆ្លើយថា«អរគុណ» ដែលជាសកម្មភាពយឺតយ៉ាវ ហើយក៏មានមន្រ្ដីមួយចំនួនទៀតឆ្លើយតបលឿនពេក ទាំងមិនបានអាន និងដឹងខ្លឹមសារដែលសម្ដេចផ្ញើជូននោះផងទេ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ក្រុង គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់ ការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមឱ្យបានគ្រប់គ្នា ខណៈនៅសល់តែ១៥ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អង្ករខ្មែរបានចេញទៅប្រមាណ ៧៣ប្រទេសទូទាំងពិភពលោក ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទីផងដែរ ដែលជាផ្នែកមួយធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជា ខណៈដែលកន្លងមក កម្ពុជាត្រូវបានគេសឹងនឹងបំភ្លេចចោលទៅហើយ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រសិនបើពិភពលោកយកចំណាយត្រឹមពាក់កណ្តាល នៃការផលិតអាវុធធ្វើសង្គ្រាម និងសម្លាប់មនុស្ស មកធ្វើការស្រាវជ្រាវផ្នែកសុខាភិបាល ផលិតឱសថ និងសម្ភារៈពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សជាតិ មិនដឹងជាល្អយ៉ាងណាទេ...!។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ដងផ្លូវ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជូន៕
Post a Comment