មហាសង្ក្រាន្តឆ្នាំថោះ បញ្ចស័ក នឹងចូលមកនៅក្នុងថ្ងៃសុក្រ ៩រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៤ខែមេសាឆ្នាំ ២០២៣ វេលាម៉ោង ១៦:០០នាទីរសៀល

មហាសង្ក្រាន្តឆ្នាំថោះ បញ្ចស័ក នឹងចូលមកនៅក្នុងថ្ងៃសុក្រ ៩រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៤ខែមេសាឆ្នាំ ២០២៣ វេលាម៉ោង ១៦:០០នាទីរសៀល

ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្តាកន្លងទៅហើយ បាន ២៥៦៦ ព្រះវស្សា ត្រឹមថ្ងៃព្រហស្បតិ៍ ពេញបរិបូណ៌នៃខែពិសាខ។ លុះដល់ថ្ងៃសុក្រ ១រោច ខែពិសាខចូលព្រះពុទ្ធសករាជ ២៥៦៧ ព្រះវស្សាតទៅ។
នឹងគណនាឆ្នាំថោះ បញ្ចស័កឥឡូវនេះសង្ក្រាន្តចូលមកនៅក្នុងថ្ងៃសុក្រ ៩រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៤ខែមេសាឆ្នាំ ២០២៣ វេលាម៉ោង ១៦:០០នាទីរសៀល។នោះព្រះអាទិត្យចរចេញពីមីនរាសី ទៅស្ថិតនៅមេសរាសី ដើរតាមគោវិថី គឺផ្លូវកណ្តាល ទើបមានទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម កិមិរាទេវី (បុត្រទី៦) គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ សេត(ពណ៌ស)សៀតផ្កាចង្កុលណី (វារីជាតិប្រភេទឈូក) អាភរណៈ បុស្បរាគ័ម (ត្បូងថ្មពណ៌លឿង) ភក្សាហារ ចេកណាំវ៉ា ឬចេកទឹក ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ ពិណ(ចាបុី) គង់លើខ្នង មាហឹស: (សត្វក្របី) ជាពាហនៈ។ នាំអោយពួកនិករ បវរកញ្ញាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវឈ្មោះ គន្ធមាលី នាទីភ្នំកៃលាស់ ខេត្តហេមពាន្ត ដែលប្រតិស្ថានទុកព្រះសិរសាកបិលមហាព្រហ្ម តម្កល់លើពានមាស នាំចេញមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរជាគម្រប់ ៦០នាទី ហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញទើបប្រជុំទេវបុត្រ ទេពធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអន្តោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ជាមាត់គោឧសភរាជទាំង៧ ត្រជាក់ត្រជុំក្សេមក្សាន្តព្រះរាជហឫទ័យ ទើបនាំគ្នាចូលទៅសមាទានសីលដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភាដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ហើយបន្ទោបង់នូវអពមង្គលឱ្យជ្រះស្រឡះ ចម្រើននូវសុភមង្គលសិរីសួស្តី ជន្មាយុយឺនយូរតរៀងទៅ។
* ថ្ងៃសុក្រ ៩រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៤ខែមេសាឆ្នាំ ២០២៣ ពីវេលាម៉ោង ១៦:០០នាទីរសៀល ជាថ្ងៃចូលឆ្នាំ
* ថ្ងៃសៅរ៍ ១០ រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២៣ជាថ្ងៃវ័នបត
*ថ្ងៃអាទិត្យ ១១រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២៣ ជាថ្ងៃឡើងស័ក
គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំ ថោះ បញ្ចស័ក តរៀងទៅ។
ដកស្រង់ចេញពី សៀវភៅមហាសង្ក្រាន្តរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ




Powered by Blogger.