ក្រុមការងារផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផ្នែកចល័ត ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រៀមខ្លួនស្វាគមន៍មហាជនរួចរាល់ហើយ

សៀមរាប ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះ ក្រុមការងារផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផ្នែកចល័ត ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ បានត្រៀមខ្លួនរួចរាល់ ហើយដើម្បីបង្ហាញផ្ទាំងទស្សនិយភាព ទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ នៅទីរួមខេត្តសៀមរាប។

បើតាមឯកឧត្តមបណ្ឌិត តុប នេត ប្រធានក្រុមការងារផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផ្នែកចល័ត បានបញ្ជាក់អំពីការត្រៀមខ្លួន របស់ក្រុមការងារថា៖«សម្រាប់ក្រុមការងាររបស់យើងទាំងអស់ មាន ៥៥នាក់ បូកទាំងប្អូនៗយុវជន ស្ម័ក្រចិត្ត នៅក្នុងខេត្ត ២០នាក់ទៀត។ ចំពោះ សកម្មភាពការងាររបស់យើងគឺមាន ទី១. ផ្សព្វផ្សាយតាមរថយន្ត តន្រ្តី នៅមុខធនាគារកាណាឌីយ៉ា ទី២. មានបណ្ដែតប្រទីប នៅស្ទឹងសៀមរាប ទី៣. ផ្សព្វផ្សាយតាមម៉ូតូ ចំនួន ១៥គ្រឿង ជាក្បួន ដោយមានតម្រាយផ្លូវជាក់លាក់ បង្ហាញជូនមហាជន ទី៤. មាន ផ្សព្វផ្សាយតាមរថយន្ត LED តាមរយៈការចាក់វីដេអូ ដោយ ១ថ្ងៃ ផ្សព្វផ្សាយ ៣ទីតាំង ហើយ មានរយៈពេល ៣ថ្ងៃ ជាប់ៗគ្នា»។
ឯកឧត្តមបណ្ឌិត តុប នេត បន្តថា ជារួមគោលបំណង នៃការរៀបចំការងារផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ គឺការរួមចំណែកមួយជួយញាំងឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កាន់តែអធិកអធម ពិសេសគឺផ្សព្វផ្សាយឲ្យភ្ញៀវជាតិ និងអន្តរជាតិ បានមកទស្សនាខេត្តសៀមរាប បានដឹងថា ក្រៅពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កម្ពុជាយើងនៅមានព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅខែឧសភា ខាង មុខ។ ហើយក្រៅពីការប្រកួតកីឡា គឺយើងមានសម្បត្តិវប្បធម៌ កេរដំណែលប្រពៃណី សម្រាប់ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ»។
ឯកឧត្តមបណ្ឌិត បានបន្តទៀតថា៖«យើងចង់យកឱកាសនេះ ផ្សព្វផ្សាយដល់បងប្អូនកម្ពុជា មិនថានៅខេត្តសៀមរាប ឬនៅខេត្តដទៃទៀត សូម អញ្ជើញមកទស្សនាខេត្តសៀមរាបផង ចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្តផង យើងមានព្រឹត្តិការណ៍ច្រើន ក្រៅពីកម្មវិធីបែបប្រពៃណី យើងមានកម្មវិធីច្រើនសំបូរបែប ទាំងនៅមាត់ស្ទឹងសៀមរាបផង នៅតំបន់ Pub Street ផង និងនៅតំបន់ប្រាសាទអង្គរផង»។
សូមបញ្ជាក់ថា ព្រឹត្តការណ៍អង្គរសង្រ្កាន្ត នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ដើម្បីចូលរួមសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងរម្លឹកពីមរតកបេតិកភណ្ឌអរូបីខ្មែរ នៅលើទីតាំង នៃមរតកបេតិកភណ្ឌរូបី។ ម្យ៉ាងក៏ជាការចូលរួមអភិរក្ស អភិវឌ្ឍន៍ វប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងផ្ដល់ឱកាសឱ្យយុវជន ភ្ញៀវទេសចរ បានស្វែងយល់អំពីភាពរុងរឿងនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាផងដែរ។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំទី១០ នេះ សហភាព សហព័ន្ធយុវជនកម្ពុជា រៀបចំឱ្យមានកម្មវិធីកម្សាន្ត និងទស្សនីយភាព ផ្សារភ្ជាប់វប្បធម៌ ប្រពៃណីខ្មែរជាង ៤០កម្មវិធី ដូចជា ៖ កម្មវិធីភូមិខ្ញុំ ប្រណាំងរទេះគោ ក្របី ធ្នូបុរាណខ្មែរ វិចិត្រករឯក ភូមិអាហារនៃក្ដីស្រឡាញ់ សួនញញឹមអង្គរ របាំបុរាណ ប្រពៃណី និងប្រជាប្រិយ គុនល្បុក្កតោ គោម បណ្ដែតទឹក ប្រកួតអុកចត្រង្គ ភូមិបេតិកភណ្ឌវប្បធម៌ ពិព័រណ៍ពាណិជ្ជកម្ម ល្បែងប្រជាប្រិយ តន្រ្តីសួស្ដីឆ្នាំថ្មី និងកម្មវិធីតាំងបង្ហាញផលិតផល ស.ស.យ.ក. ។
ជាមួយគ្នានេះដែរ ក៏មានកម្មវិធីថ្មីៗមួយចំនួនទៀត ដូចជា ៖ ពិព័រណ៍វត្ថុយក្ស សមាធិ សួនមុនីហទ័យ កម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ពិព័រណ៍សង្រ្កាន្ត សួនកុមារ ផ្សារស្ទឹងសៀមរាប អុំទូកម្សាន្ត ការប្រគុំតន្រ្តីបណ្ដែតទឹក និងការប្រគុំតន្រ្តីនៅ ៤ទីតាំងផ្សេងទៀត។ កម្មវិធីទាំងនេះ មាននៅមុខប្រាសាទអង្គរវត្ត លានជល់ដំរី អង្គរឃ្យុងយូ សួនច្បារមុខព្រះរាជដំណាក់ ដងស្ទឹងសៀមរាប និងតំបន់ ផាប់ស្ទ្រីត ជាដើម៕









Powered by Blogger.