ភាគីជម្លោះនៅស៊ូដង់ព្រមព្រៀងឲ្យមានបទឈប់បាញ់៧២ម៉ោងខណៈជនបរទេសត្រូវបានជម្លៀសចេញ
ស៊ូដង់៖ សហរដ្ឋអាមេរិកបាននិយាយថា គាគីជម្លោះនៅក្នុងប្រទេសស៊ូដង់បានព្រមព្រៀងឲ្យមានបទឈប់បាញ់ រយៈពេល៧២ម៉ោង ខណៈប្រទេសលោកខាងលិច អារ៉ាប់ និងអាស៊ី បានប្រជែងគ្នាដើម្បីមកទទួលយកពលរដ្ឋរបស់ពួកគេចេញពីប្រទេសនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងបទឈប់បាញ់បានអនុវត្តតាមការចរចាដ៏តានតឹង រយៈពេលពីរថ្ងៃ ហើយនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ ភាគីទាំងពីរ មិនបានគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ជាបណ្តោះអាសន្នមួយចំនួនក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះនោះទេ។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសស៊ូដង់ និងក្រុមយោធាប៉ារ៉ាកងកម្លាំងគាំទ្ររហ័ស (RSF) កាលពីថ្ងៃទី ១៥ ខែមេសា ហើយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤២៧ នាក់ បំផ្លាញមន្ទីរពេទ្យ និងសេវាកម្មផ្សេងទៀត ហើយបានប្រែក្លាយតំបន់លំនៅឋានពលរដ្ឋទៅជាតំបន់សង្គ្រាម។
ក្នុងអំឡុងពេលនេះ សហរដ្ឋអាមេរិកជំរុញឱ្យកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងក្រុមកងកម្លាំងគាំទ្ររហ័ស ប្រកាន់ខ្ជាប់បទឈប់បាញ់ជាបន្ទាន់និងពេញលេញ។ លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដើម្បីគាំទ្រដល់ការបញ្ចប់ការប្រយុទ្ធគ្នាយូរអង្វែង សហរដ្ឋអាមេរិកនឹងសម្របសម្រួលជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ និងភាគីពាក់ព័ន្ធជនស៊ីវិលនៅស៊ូដង់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា អំពើហឹង្សាក្នុងប្រទេសដែលនៅជាប់សមុទ្រក្រហម តំបន់នៃទ្វីបអាហ្វ្រិក និងតំបន់ Sahel ប្រឈមគ្រោះថ្នាក់នៃការបំផ្លិចបំផ្លាញដ៏មហន្តរាយ ដែលអាចហ៊ុមព័ទ្ធនៅក្នុងតំបន់ទាំងមូល និងលើសពីនេះទៀត។
លោកបានជំរុញឱ្យសមាជិកទាំង ១៥ ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រើអំណាចរបស់ពួកគេដើម្បីត្រលប់ប្រទេសស៊ូដង់ទៅរកមាគ៌ានៃអន្តរកាលលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ ដែលក្រោយមកមានការដួលរលំមេដឹកនាំយូរអង្វែង លោក Omar al-Bashir នៅក្នុងការបះបោរដែលមានការគាំទ្រច្រើន។ ក្រុមប្រឹក្សាសន្តិសុខ មានផែនការបើកកិច្ចប្រជុំមួយស្តីពីប្រទេសស៊ូដង់ នៅថ្អៃអង្គារនេះ៕
Post a Comment