ផ្ទុះអាវុធមួយប្រាវរវាងកម្លាំងនគរបាលព្រហ្មទណ្ឌ ជាមួយក្រុមចោរ នៅខណ្ឌពោធិ៍សែនជ័យ, នគរបាលម្នាក់រងរបួស ខណៈចោរ២នាក់ស្លាប់

ភ្នំពេញ : មានហេតុការណ៍បាញ់តដៃគ្នាមួយប្រាវរវាងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយក្រុមចោរកាច់កម៉ូតូ និងលួចរថយន្ដ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងភូមិសាស្ដ្រខណ្ឌពោធិ៍សែនជ័យ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅមុននេះបន្ដិចថា មុនឈានដល់ការប៉ះទង្កិចគ្នានេះ កម្លាំងសមត្ថកិច្ចបានក្ដាប់ជាប់នូវមុខសញ្ញាជនល្មើស លុះនៅពេលឡោមព័ទ្ធស្រាប់តែក្រុមជនល្មើស បានបាញ់ស្រោចមកលើសមត្ថកិច្ចតែម្ដង បណ្ដាលឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រងរបួសចំជើង។ នៅពេលនេះ កម្លាំងនគរបាលជំនាញ បានប្រើប្រាស់សិទ្ធិការពារខ្លួន និងបានបាញ់តបតវិញទៅកាន់ក្រុមជនល្មើស បណ្ដាលឲ្យជនល្មើស២នាក់ស្លាប់នៅកន្លែងតែម្ដង។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានដេញបង្ក្រាបមុខសញ្ញាលួចយ៉ាងសកម្ម ដែលមានអាវុធនឹងដៃ ហេីយបានបាញ់ស្រោចមកលេីសមត្ថកិច្ច ដែលបណ្តាលឲ្យនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រងរបួសជេីង ខណ:ពេលនោះសមត្ថកិច្ចបានប្រេីប្រាស់សិទ្ធការពារខ្លួន ដោយបាញ់តបតវិញ បណ្តាលឲ្យជនសង្ស័យ ២នាក់ស្លាប់នៅនឹងកន្លែង»។








Powered by Blogger.