ស្ត្រីជាប្រពន្ធ ត្រូវរងគ្រោះដោយសារប្តីយកកន្ត្រៃ មកចាក់ នឹងក បណ្តាល អោយស្លាប់បាត់បង់ជីវិត
ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលត្រូវជាប្ដី បានប្រើកូនកន្ត្រៃចាក់កសម្លាប់ប្រពន្ធខ្លួនឯងបណ្ដាលឱ្យស្លាប់ក្នុងមុង រួចគេចចេញពីកន្លែងកើតហេតុបាត់ទាំងយប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ តែក៏ត្រូវកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនឃាតកជាប្ដីបាននៅថ្ងៃដដែល។
យោងតាមការឱ្យដឹងពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ យឺន ឌីណា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ជាសន្តិសុខ រស់នៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកប្ដី ដែលជាជនសង្ស័យសម្លាប់ប្រពន្ធ ឈ្មោះ ទៀង រស្មី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ អ្នករត់ម៉ូតូឌុប រស់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន កូនកន្ត្រៃតូច ពណ៌ក្រហមចំនួន០១, ទូរសព្ទដៃ ២គ្រឿង, ថង់ក្រណាត់ពណ៌ក្រហមចំនួន១។
សមត្ថកិច្ចបានបញ្ចាក់ថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២១:០០នាទី ជនសង្ស័យឈ្មោះ ទៀង រស្មី បាននៅផ្ទះជាមួយជនរងគ្រោះ(សព)ឈ្មោះ យឺន ឌីណា (ត្រូវជាប្រពន្ធរបស់ជនសង្ស័យ) ស្ថិតនៅកន្លែងកើតហេតុ។ ពេលនោះ ជនសង្ស័យបាននិយាយប្រាប់ឱ្យជនរងគ្រោះឈប់ធ្វើការជាសន្តិសុខនៅម្តុំស្តុបផ្សារថ្នល់បត់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ព្រោះជនសង្ស័យមានការប្រចណ្ឌទៅលើជនរងគ្រោះថា មានការលួចលាក់ស្នេហាជាមួយសន្តិសុខដូចគ្នា។ ជនរងគ្រោះបាននិយាយប្រកែកជាមួយជនសង្ស័យថា មិនឈប់ធ្វើការទេ បើជនសង្ស័យនៅតែបង្ខំឱ្យជនរងគ្រោះឈប់ធ្វើការ ជនរងគ្រោះនឹងទៅស្នាក់នៅកន្លែងធ្វើការក្បែរស្តុបផ្សារថ្នល់បត់ខាងលើនោះតែម្តង។
បន្ទាប់មកជនសង្ស័យក៏ខឹងនឹងសម្ដីរបស់ជនរងគ្រោះក៏បានដើរទៅយកកូនកន្ត្រៃដែកពណ៌ក្រហមពីក្នុងថង់ក្រណាត់ ពណ៌ក្រហម ដែលប្រពន្ធបានទុកក្បែរពូកដេក រួចក៏យកកន្ត្រៃនោះកាន់នៅដៃខាងស្តាំ ហើយដើរទៅពីខាងក្រោយ ជនរងគ្រោះយកដៃឆ្វេងក្រៀកកពីខាងក្រោយ ដៃស្តាំយកកន្ត្រៃចាក់កសង្កត់ផ្តេកទៅលើពូករហូតដល់ជនរងគ្រោះ ដាច់ខ្យល់ស្លាប់តែម្តង។
បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូសេ ១០០កូរ៉េ ពណ៌ក្រហម គេចខ្លួនទៅដល់ផ្លូវជាតិលេខ៣ មិនដឹងថានៅទីណាពិតប្រាកដ ម៉ូតូក៏គាំងម៉ាស៊ីនជិះទៅមុខលែងរួច ជនសង្ស័យក៏បានរុញម៉ូតូនោះចូលទៅក្នុងទឹកប្រឡាយមិនស្គាល់ទីតាំងពិតប្រាកដ រួចក៏ដើរតាមផ្លូវជាតិលេខ៣បន្ត រហូតដល់ ម៉ោង១០:០០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យបានសុំរ៉ឺម៉កអ្នកដំណើរជិះត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីមើលជនរងគ្រោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង ១១:៣០នាទី ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចកន្លែងកើតហេតុ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ។ ចំណែកសពស្ត្រីជាប្រពន្ធ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យសាច់ញាតិ៕
Post a Comment