បញ្ចប់ភាពចម្រូងចម្រាសនៃការប្រកួតរវាងឈឿង ល្វៃ និងកីឡាករថៃ ខណៈលោកស្រី ចាន់ថន ថាគុនខ្មែរនឹងផ្លាស់ប្ដូរក្នុងពេលឆាប់ៗ
ភាពចម្រូងចម្រាសនៃការប្រកួតរវាងកីឡាករគុនខ្មែរ ឈឿង ល្វៃ និងកីឡាករថៃ សាមី នៅសង្វៀនគ្រុឌគុនខ្មែរខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ ក្រោយកិច្ចប្រជុំរយៈពេលជាងបួនម៉ោងជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងបុគ្គលពាក់ព័ន្ធ ខណៈអនុប្រធានកិត្តិយសសហព័ន្ធជឿជាក់យ៉ាងមុតមាំថា គុនខ្មែរនឹងផ្លាស់ប្ដូរមុខមាត់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។
ក្រោយកិច្ចប្រជុំសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញគោលការណ៍៤ចំណុច ដើម្បីពង្រឹងគុណភាពប្រដាល់ឱ្យកាន់តែមានប្រសិទ្ធភាព បន្ទាប់ពីមានការរិះគន់ចំពោះការប្រកួតប្រដាល់គុនខ្មែរជាមួយកីឡាករថៃកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ គោលការណ៍សំខាន់ៗទាំង៤ចំណុចរួមមាន៖ ទី១. អនុវត្តបទបញ្ជាការប្រកួតឱ្យកាន់តែមានប្រសិទ្ធភាព។ ទី២. ប្រកាសឱ្យច្បាស់លាស់នូវលក្ខន្តិកៈនៃការប្រកួត ជាពិសេសចំនួនទឹកដល់កីឡាករ កីឡាការិនី និងមហាជនឱ្យជ្រាបច្បាស់។ ទី៣. ធ្វើការពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល ចៅក្រមដែលដឹកនាំការប្រកួតបន្ថែមទៀត។ ទី៤. គ្រប់គ្រង និងថែទាំអត្តពលិកជម្រើសជាតិឱ្យបានល្អសម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមខាងមុខនេះ។
គោលការណ៍ណ៍ខាងលើនេះបានកើតមានឡើង បន្ទាប់ពីអាជ្ញាកណ្តាលដឹកនាំការប្រកួតលោក ជា រិទ្ធ លើគូ ឈឿង ល្វៃ និងកីឡាករថៃ Sammy ដែលត្រូវបានមហាជនរិះគន់។ ការប្រកួតរបស់កីឡាករ កីឡាការិនីគុនខ្មែរ និងឃីកបុកស៊ីងជម្រើសជាតិញឹកញាប់ពេក ដែលអាចប៉ះពាល់ដល់ការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ក៏ដូចជាចំនួនទឹកនៃការប្រកួតដែលគូខ្លះប្រើ៣ទឹក គូខ្លះប្រើ៥ទឹក។ ទន្ទឹមការចេញគោលការណ៍ទាំង៤នេះ អនុប្រធានកិត្តិយស់សហព័ន្ធប្រដាល់គុនខ្មែរ លោកស្រី ចាន់ថន បានសរសេរនៅលើហ្វេសបុកថា «ខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានធ្វើនឹងអាចចាប់ផ្តើមកែប្រែមុខមាត់ខ្លះៗទាក់ទងជាមួយកីឡាគុនខ្មែររបស់យើង។ នេះគឺជាចំណុចចាប់ផ្តើមដ៏ល្អបងប្អូន បើមិនមានបញ្ហា ក៏មិនមានដំណោះស្រាយដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់យ៉ាងមុតមាំថា គុនខ្មែរនឹងផ្លាស់ប្ដូរមុខមាត់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ វត្តមានរបស់បងប្អូនបានកំពុងតែរុញគុនខ្មែរឱ្យរីកចម្រើនយ៉ាងខ្លាំងក្នុងមួយរយៈចុងក្រោយនេះ»។
លោកបន្ថែមថា «បងប្អូនគុនខ្មែរ គឺជាដួងព្រលឹងរបស់យើងទាំងអស់គ្នា។ ក្នុងនាមយើងជាកូនចៅជំនាន់ក្រោយ យើងមានភារកិច្ចក្នុងការ ថែរក្សា ការពារ អភិរក្ស និងលើកស្ទួយគុនខ្មែរឱ្យដល់កម្រិតពិភពលោក។ ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំនឹងខិតខំតស៊ូបន្តទៀតដើម្បីឱ្យពិភពលោកស្គាល់គុនខ្មែររបស់យើង។ ហើយវត្តមានរបស់បងប្អូនទាំងអស់គ្នាបានធ្វើឱ្យខ្ញុំមានកម្លាំងចិត្តយ៉ាងខ្លាំងខ្លា ពោលគឺមិនមានពេលណាដែលខ្ញុំធ្វើការងារគុនខ្មែរហើយអស់កម្លាំងឡើយ បងប្អូនគឺជាកម្លាំងចិត្តរបស់ខ្ញុំ ខណៈពេលដែលគុនខ្មែរគឺជាមរតកដូនតាដ៏អស្ចារ្យសម្រាប់ខ្ញុំ»៕
Post a Comment