កម្មវិធីអាហារសាមគ្គី បងប្អូនចាងហ្វាង សារព័ត៌មាន ក្រុងប៉ោយប៉ែត ក្រោមប្រធានបទ " រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដេីម្បី សង្គមជាតិ "
កម្មវិធីអាហារសាមគ្គី បងប្អូនចាងហ្វាង សារព័ត៌មាន ក្រុងប៉ោយប៉ែត ក្រោមប្រធានបទ " រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដេីម្បី សង្គមជាតិ " ។ ដែលមាន បងប្អូនចាងហ្វាងចំនួន ១៨អង្គភាព នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ទីតាំងភោជនីយដ្ឋានពេជ្ជរ៉ា ក្រុងប៉ោយប៉ែត ។
ប្រធានបទ " ព័ត៌មានក្លែងក្លាយ "
ប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានឃើញនូវរបាយការណ៍កើនឡើង និងការពិភាក្សាកាន់តែច្រើនឡើង អំពីបញ្ហាព័ត៌មានក្លែងក្លាយ។ ក្នុងយុគសម័យហ្វេសប៊ុក ព័ត៌មានក្លែងក្លាយរាលដាលកាន់តែលឿងខ្លាំង។ ដោយគ្រាន់តែចុច "like" ឬ "share" ព័ត៌មានក្លែងក្លាយអាចជ្រៀតខ្លួនចូលសង្គមកម្ពុជា និងបង្ហាញនៅលើ newsfeed របស់អ្នកប្រើប្រាស់ហ្វេសប៊ុកគ្រប់គ្នា ក្នុងពេលតែពីរបីវិនាទីប៉ុណ្ណោះ។
បណ្ដាញព័ត៌មានសង្គម ជាពិសេស ហ្វេសប៊ុក បច្ចុប្បន្ន គឺជាប្រភពដំណឹងឈានមុខគេ សម្រាប់យុវវ័យកម្ពុជា និងមនុស្សចាស់មួយចំនួនដែលអាចប្រើប្រាស់បច្ចេកវិទ្យាបាន។
ពលរដ្ឋកម្ពុជាជាច្រើន ទាំងអ្នករស់នៅទីក្រុង ទាំងអ្នករស់នៅជនបទ ឥឡូវនេះ ងាកទៅរកបណ្ដាញព័ត៌មានសង្គមដើម្បីទទួលបានព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន។ ជាធម្មតា គេឃើញការត្អូញត្អែរ ឬការសម្ដែងសារទុក្ខនានា ត្រូវគេបង្ហោះ និងចែករំលែកលើហ្វេសប៊ុក ជាកន្លែងមួយដែលមនុស្សម្នាចែករំលែកអ្វីៗគ្រប់យ៉ាង រាប់តាំងពីរឿងផ្ទាល់ខ្លួន រឿងការងារ និងបញ្ហាសង្គម។
លក្ខណៈលឿនរហ័សទាន់ចិត្តរបស់ហ្វេសប៊ុក អនុញ្ញាតឲ្យអ្នកប្រើប្រាស់ចែករំលែកព័ត៌មានបានយ៉ាងលឿន និងយ៉ាងងាយស្រួល។ ប៉ុន្តែ ភាពលឿនរហ័សនិងភាពងាយស្រួលក្នុងការចែករំលែកនិងផ្សព្វផ្សាយព័ត៌មានបែបនេះ ក៏ជាកត្តានាំឲ្យមានការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ ផងដែរ។
អ្នកប្រើប្រាស់ហ្វេសប៊ុក ទាំងក្មេង ទាំងចាស់ ច្រើនតែចុច like និង share នូវអ្វីក៏ដោយដែលពួកគេឃើញ និងចាប់អារម្មណ៍នៅលើហ្វេសប៊ុក។ គេមិនសូវចោទសួរឡើយថា តើព័ត៌មាននោះមានប្រភពមកពីណា ថាតើព័ត៌មាននោះពិត ឬក្លែងក្លាយ ... មនុស្សជាច្រើនមិនខ្វល់រឿងនេះទេ។ ភាពអាចជឿទុកចិត្តបាននៃព័ត៌មាន ហាក់មិនមែនជាអ្វីដែលគេបារម្ភទេ។ ប៉ុន្តែ សំខាន់បំផុត គឺអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន គិតតែរឿងចុច like និង share ប៉ុណ្ណោះ។
យុវវ័យដែលមានអាយុក្រោម ៣០ឆ្នាំ មានចំនួនស្ទើរតែ ២ភាគ៣នៃចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា។ ហើយក្រុមនេះគឺជាក្រុមពលរដ្ឋដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា។ ហើយចំពោះពួកគេ ហ្វេសប៊ុកត្រូវគេជឿថា កំពុងដើរតួនាទីសំខាន់មួយនៅក្នុងជីវិតរបស់នៅរបស់ពួកគេ។
ហ្វេសប៊ុកមានឥទ្ធិពលទៅលើស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតរបស់យុវជនខ្មែរ។ ប្រសិនបើគ្មានចំណេះដឹងផ្នែកឌីជីថលទេ យុវជនខ្មែរអាចនឹងក្លាយជាជនរងគ្រោះនៃបណ្ដាញព័ត៌មានសង្គម និងព័ត៌មានក្លែងក្លាយ។ ខណៈដែលការប្រើប្រាស់ហ្វេសប៊ុកកើនឡើងខ្លាំងក្នុងចំណោមយុវជនខ្មែរ ថិរវេលាដែលចំណាយទៅលើការអាននិងការទទួលព័ត៌មានដែលមានគុណភាព ហាក់កំពុងធ្លាក់ចុះ។
ចំណេះដឹងពុកផុយ -- កង្វះចំណេះដឹងអំពីព័ត៌មាន ឬដំណឹងដែលមានគុណភាព -- ទំនងក្លាយជាបញ្ហាកំពុងរីករាលដាលក្នុងចំណោមយុវជនខ្មែរជាច្រើន។ បើទោះបីរដ្ឋាភិបាលបានខិតខំប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាពិសេស នៅក្នុងអំឡុងពេលមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ក្ដី ព័ត៌មានក្លែងក្លាយនៅតែរស់នៅជាមួយយើងទាំងអស់គ្នាដដែល។
ដូច្នេះហើយ យុវជនត្រូវមានករណីយកិច្ចអប់រំខ្លួនឯងដើម្បីដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ និងត្រូវប្រើប្រាស់បណ្ដាញព័ត៌មានសង្គមប្រកបដោយការទទួលខុសត្រូវ។ ពួកគេគួរតែអានឲ្យបានកាន់តែច្រើន ទាំងការអាននៅលើអ៊ិនថឹណិត ទាំងការអានសៀវភៅ ដើម្បីស្វែងយល់អំពីព័ត៌មានក្លែងក្លាយ និងអំពីផលវិបាកដែលវាអាចបង្កឡើង។ ពួកគេក៏គួរតែរឹតត្បិតខ្លួនឯង កុំឲ្យតែចេះចែករំលែកព័ត៌មានគ្រប់ប្រភេទដោយមិនដឹងច្បាស់ពីប្រភព ជាពិសេស ព័ត៌មានដែលចេញមកពីប្រភពដែលមិនសូវមានគុណភាព។
យុវជនត្រូវគេចាត់ទុកជាភ្នាក់ងារនៃការជំរុញការផ្លាស់ប្ដូរ។ ពួកគេជាក្ដីសង្ឃឹមរបស់កម្ពុជា ហើយពួកគេមានឥទ្ធិពលធ្វើឲ្យមានការផ្លាស់ប្ដូរវិជ្ជមាន។ ប៉ុន្តែ ប្រសិនបើពួកគេខ្លួនឯងងាយរងឥទ្ធិពលដោយសារព័ត៌មានក្លែងក្លាយនៅលើហ្វេសប៊ុក ដូច្នេះ ពួកគេក៏អាចនឹងក្លាយទៅជាភ្នាក់ងារចម្លងព័ត៌មានក្លែងក្លាយទៅវិញ។ ប្រសិនបើនិន្នាការអវិជ្ជមាននេះនៅតែបន្ត វានឹងប៉ះពាល់អវិជ្ជមានទៅដល់សង្គមជាតិទាំងមូល។ នេះជាបញ្ហាដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ទន្ទឹមនឹងយុវជនដែលត្រូវមានតួនាទីសំខាន់បំផុតក្នុងការដោះស្រាយនិងកាត់បន្ថយព័ត៌មានក្លែងក្លាយនៅលើបណ្ដាញព័ត៌មានសង្គម រដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធដទៃទៀត ក៏មានតួនាទីសំខាន់ដូចគ្នាដែរ នៅក្នុងសង្គ្រាមប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ។
ស្ថាប័នអប់រំ ទាំងវិទ្យាល័យ ទាំងសាកលវិទ្យាល័យ គឺជាទីកន្លែងសំខាន់ដែលអាចអប់រំយុវជនឲ្យមានការយល់ដឹងប្រសើរឡើងអំពីរបៀបដែលពួកគេអាចការពារខ្លួន កុំឲ្យក្លាយជាភ្នាក់ងារចម្លងព័ត៌មានក្លែងក្លាយ។ គេគួរអប់រំយុវជននិងរំឭកពួកគេថា ការប្រើប្រាស់បណ្ដាញព័ត៌មានសង្គមដោយគ្មានការប្រុងប្រយ័ត្ន និងគ្មានការទទួលខុសត្រូវ គឺប្រៀបបីដូចជាការចូលរួមចំណែកបំពុលសង្គមជាតិខ្លួនឯងអ៊ីចឹងដែរ។
អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធដទៃទៀត ក៏គួរចូលរួមនៅក្នុងសកម្មភាពលើកកម្ពស់ការយល់ដឹងផ្សេងៗ ផងដែរ ដូចជា ការរៀបចំជាសិក្ខាសាលា ការបណ្ដុះបណ្ដាល និងព្រឹត្តិការណ៍អប់រំដទៃទៀត ដើម្បីឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាប្រឆាំងព័ត៌មានក្លែងក្លាយនេះ ជាពិសេស ការយកចិត្តទុកដាក់ពីសំណាក់យុវជនដែលគេចាត់ទុកជាឆ្អឹងខ្នងរបស់ប្រទេសជាតិ។
គេប្រៀបប្រដូចយុវជនទៅនឹងទំពាំងស្នងឫស្សី។ ប្រសិនបើអាជ្ញាធរនិងស្ថាប័នផ្សេងៗគ្មានវិធានការច្បាស់លាស់ ដើម្បីជួយយុវជនឲ្យយល់ពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងបណ្ដាញព័ត៌មានដែលពុករលួយនោះទេ សង្គមទាំងមូលនឹងត្រូវប្រឈមនឹងបញ្ហាសង្គមជាច្រើនដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ។
ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មិនមែនជាទំនួលខុសត្រូវរបស់រដ្ឋាភិបាល ឬអ្នកណាម្នាក់ផ្ដាច់មុខទេ។ វាជាទំនួលខុសត្រូវរបស់យើងគ្រប់គ្នា។ ដោយសារយុវជនមានចំនួនច្រើនលើសលប់នៅក្នុងចំណោមចំនួនប្រជាជនសរុបរបស់ប្រទេស ហើយពួកគេគឺជាអនាគតរបស់ប្រទេស ពួកគេនឹងត្រូវរែកពន់បន្ទុកសង្គមនាពេលអនាគត ដែលអាចកើតមានឡើងពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ និងចំណេះដឹងដែលពុករលួយ។
ក្នុងន័យនេះ យុវជនកម្ពុជាត្រូវតែខិតខំរៀនសូត្រនិងប្រឹងប្រែងធ្វើការងារដើម្បីប្រែក្លាយខ្លួនឲ្យក្លាយជាទំពាំងដែលមានសុខភាពល្អ ដែលអាចជំនះប្រឆាំងនឹងបញ្ហាព័ត៌មានក្លែងក្លាយបាននៅពេលអនាគត។
ឯកឧត្តរដ្ឋមន្ត្រី ខៀវ កញារិទ្ធ បានលើកឡើងថា ព័ត៌មានក្លែងក្លាយនឹងក្លាយជាគ្រាប់បែកមួយ បើសិនជាយើងមិនមានការប្រុងប្រយ័ត្នទេនោះ ឯកឧត្តម បានជំរុញឱ្យមន្ត្រីព័ត៌មាន ឈ្វេងយល់ អំពីរបៀបសរសេរសារព័ត៌មាន ពិសេសការរៀនពីរបៀបយកព័ត៌មាន ដោយប្រើប្រាស់ ទូរស័ព្ទ Smart Fone ព្រោះឥឡូវនេះទូរស័ព្ទដៃបានឈានដល់កម្រិតមួយ ដែលអាចប្រើ សម្រាប់ថតផ្សាយតាមទូរទស្សន៍ក៏បាន ថតផ្សាយកាសែតក៏បាន។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពី សារព័ត៌មានជីឌីថល និងការ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។
ប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រី យើងរៀនពីព័ត៌មានជីឌីថល ដែលហៅថា សកម្មភាពថ្មីនៃទសវត្សរ៍ទី២១ “ជាទសវត្សរ៍នៃសេដ្ឋកិច្ចពុទ្ធិ” ជាទសវត្សរ៍នៃលំហូរព័ត៌មាន. ៕
Post a Comment